«KNN Group» ត្រៀមសាងសង់រោងចក្រតម្លើងរថយន្តទំនើប នៅខេត្តកណ្តាល ក្រោមទុនវិនិយោគ ២៨លានដុល្លារ
23-07-2026 13:17
(ភ្នំពេញ)៖ KNN Group ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR នៅកម្ពុជា បានប្រកាសពីថ្ងៃរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រតម្លើងរថយន្តលំដាប់ខ្ពស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
គម្រោងរោងចក្រតម្លើងថយន្តស្តង់ដារលំដាប់ខ្ពស់នេះ នឹងអភិវឌ្ឍន៍លើផ្ទៃដីទំហំ ១០ហិកតា ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលត្រូវបានស្គាល់ជាតំបន់យុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
ការវិនិយោគលើរោងចក្រដំឡើងរថយន្តនេះ មិនត្រឹមតែបង្ហាញពីការពង្រីកវិសាលភាពអាជីវកម្មរបស់ KNN Group ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់វិនិយោគិន មកលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា។ តាមរយៈការបង្កើតរោងចក្រនេះ វានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មយានយន្តក្នុងស្រុកឱ្យកាន់តែមានភាពប្រកួតប្រជែង ព្រមទាំងផ្តល់នូវបច្ចេកវិទ្យាតម្លើងរថយន្តទំនើបតាមស្តង់ដារអន្តរជាតិ ដែលធានាបាននូវគុណភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់រថយន្តនៅក្នុងប្រទេសកម្ពុជា។
លើសពីនេះ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងាររាប់រយកន្លែងជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេសយានយន្ត ការផ្ទេរជំនាញ ដល់យុវជនកម្ពុជាយើង។
សូមបញ្ជាក់ផងដែរថា KNN Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេមួយដែលបង្កើតឡើងដោយស្ថាបនិកជាជនជាតិខ្មែរ គឺអ្នកឧកញ៉ា ជាមឃុនណាត ចាប់តាំងពីឆ្នាំ ២០០៦។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធធំៗចំនួន ៣ រួមមាន៖
បុរី មេគង្គលែន – អ្នកអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេ ដែលផ្តោតលើម៉ូតផ្ទះ និងគុណភាពសំណង់ មានគម្រោងធំៗដូចជា ឌឹ មេគង្គរ៉ូយ៉ាល់ ហ្គោលឌិនអាវិននូ និងមេគង្គស៊ីធី។
MC Park គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកម្សាន្តទំនើបនៅស្ទឹងមានជ័យ ដែលផ្ដល់ជូននូវភោជនីយដ្ឋាន ហាងទំនិញ សេវាកម្ម សួនកុមារ និងតំបន់លំហែកាយ ដើម្បីឆ្លើយតបតម្រូវការរស់នៅប្រចាំថ្ងៃរបស់សហគមន៍។
ក្រុមហ៊ុន KNN Cambodia – អាជីវកម្មផ្នែកគ្រឿងចក្រ និងអាជីវកម្មផ្នែករថយន្ត។ សម្រាប់អាជីវកម្មផ្នែកគ្រឿងចក្រ KNN ជាអ្នកនាំចូល និងចែកចាយម៉ាកល្បីៗអន្តរជាតិ រួមមាន DOOSAN, DEVELON, DYNAPAC, AMMANN, SUMITOMO, EVERDIGM, SANY, SINOTRUCK និង YOKODA។ នៅផ្នែករថយន្ត ក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តម៉ាក JETOUR នៅកម្ពុជា។
និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធថ្មីគឺ KNN Automotive ជារោងចក្រដំឡើងរថយន្ត ក្នុងនោះមានដំឡើងរថយន្តJetour និងម៉ាកយីហោផ្សេងទៀតដងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 017 713 713

