អបអររសាទរ! កម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026
18-07-2026 17:09
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិថៃ ដោយលទ្ធផល ៣-១សិត ឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.Cup 2026 ជើងទី១ មុននេះបន្ដិច នៅប្រទេសហ្វីលីពីន។
ជំនួបដ៏កក្រើកនេះ សិតទី១ កម្ពុជា បានយកឈ្នះដោយពិន្ទុ ២៥-២៣ មុនភ្លាត់ចាញ់នៅសិតទី២ ក្នុងពិន្ទុ ១៦-២៥ តែសិតទី៣ ក្រុមបាល់ទះកម្ពុជា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះក្រុមថៃ ២៥-២៣ពិន្ទុ មុនបន្ដយកឈ្នះនៅសិតទី៤ ដោយពិន្ទុ ២៥-១៧ ដើម្បីទម្លាក់ក្រុមថៃ ត្រឹមវគ្គពាក់កណ្ដាលផ្ដាចព្រ័ត្រតែម្ដង។
ជ័យជម្នះដ៏អស្ចារ្យ ផ្ដើមពីការខំប្រឹងរបស់ប្រតិភូ គ្រូបង្វឹក ពិសេសកីឡាករម្នាក់ៗ អស់ពីកម្លាំងកាយចិត្ត និងឆន្ទៈនេះ នាំឲ្យក្រុមជម្រើសជាតិកម្ពុជា ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ សម្រាប់ការប្រកួតជើងទី១ នៃពានរង្វាន់ SEA V.Cup 2026 ដោយត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមខ្លាំងឥណ្ឌូនេស៊ី ដែលត្រូវជួបក្រុមជម្រើសជាតិវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នារាត្រីនេះ។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៩ ខែកក្កដាស្អែក ដោយគូដណ្ដើមជើងឯក នឹងចាប់ផ្ដើមនាម៉ោង ៤៖៣០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ក្រោយជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមចាញ់ ប៉ះក្រុមចាញ់ នៅម៉ោង ១រសៀល មុនបន្ដដំណើរទៅការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ៕







