Apple ដណ្តើមបានតំណែងជាក្រុមហ៊ុនមានតម្លៃបំផុតលើលោកឡើងវិញ ក្រោយយកឈ្នះ Nvidia
18-07-2026 12:24
(ញូវយ៉ក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានវ៉ាដាច់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ ដើម្បីក្តោបក្តាប់តំណែងជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតនៅលើពិភពលោកឡើងវិញ។ ការផ្លាស់ប្តូរលំដាប់ថ្នាក់នេះបានកើតឡើងចំពេលដែលក្រុមវិនិយោគិនចាប់ផ្តើមវាយតម្លៃឡើងវិញនូវទស្សនវិស័យនៃការវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត (AI)។
យោងតាមទិន្នន័យទីផ្សារភាគហ៊ុន តម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងដល់ប្រមាណ ៤.៨៨ ទ្រីលានដុល្លារអាមេរិក ខណៈដែលតម្លៃភាគហ៊ុនរបស់ខ្លួនរក្សាបានស្ថិរភាពល្អ។ រីឯក្រុមហ៊ុន Nvidia វិញ បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ៤.៨៦ ទ្រីលានដុល្លារអាមេរិក បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ខ្លួនបានដាំក្បាលចុះប្រមាណ ៣.៥%។ នេះជាលើកទីមួយហើយដែល Apple បានវិលត្រឡប់មកឈរនៅចំណាត់ថ្នាក់លេខមួយឡើងវិញ ចាប់តាំងពីខែមេសា ឆ្នាំមុន។
ការផ្លាស់ប្តូរនេះសបញ្ជាក់ឱ្យឃើញថា វិនិយោគិនកំពុងពង្រីកការយកចិត្តទុកដាក់របស់ពួកគេលើសពីក្រុមហ៊ុនដែលទទួលបានផលប្រយោជន៍ផ្ទាល់ពីការផ្ទុះឡើងនៃប្រព័ន្ធ AI (ដូចជា Nvidia ដែលធ្លាប់នាំមុខគេជិតមួយឆ្នាំកន្លងមកនេះ)។ លោក Toni Meadows ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន BRI Wealth Management បានថ្លែងប្រាប់ Reuters ថា «កន្លងមក Apple ត្រូវបានគេមើលឃើញថាជាអ្នកដើរយឺតក្នុងសមរភូមិ AI ដោយសារតែពួកគេមិនបានចំណាយទុនច្រើនក្នុងការអភិវឌ្ឍម៉ូដែល AI ផ្ទាល់ខ្លួន ប៉ុន្តែពេលនេះការយល់ឃើញបានផ្លាស់ប្តូរហើយ។ Apple មានភាពប្រឈមតិចតួចចំពោះការចំណាយទុនខ្ពស់ (Capex) ហើយមានឱកាសល្អជាងក្នុងការរកប្រាក់ពី AI តាមរយៈសេវាកម្ម (Services) ការរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីរឹងមាំ (Ecosystem) និងការដំឡើងជំនាន់ឧបករណ៍ Hardware ថ្មីៗ»។
គួរជម្រាបថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏អាចជាការកំណត់រូបភាពចុងក្រោយនៃការដឹកនាំរបស់លោក Tim Cook ក្នុងនាមជានាយកប្រតិបត្តិ ផងដែរ មុនពេលដែលលោកត្រូវផ្ទេរតំណែងទៅឱ្យលោក John Ternus ដែលជាអ្នកជំនាញផ្នែក Hardware ដ៏លេចធ្លោមួយរូប នៅខែកញ្ញាខាងមុខ៕







