ម្ចាស់ផ្ទះម៉ាឡេស៊ី កំណត់កីឡា ៤៣ប្រភេទសម្រាប់ស៊ីហ្គេម លើកទី៣៤ ខណៈសិទ្ធិផ្សាយបន្ដផ្ទាល់ត្រូវបង់ ២ម៉ឺនដុល្លារជាកំហិត
18-07-2026 10:49
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម លើកទី៣៤ ដែលដល់វេនប្រទេសម៉ាឡេស៊ី ត្រូវធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៧ បានកំណត់ប្រភេទកីឡាផ្លូវការ សម្រាប់រៀបចំការប្រកួតហើយ គឺមានចំនួន ៤៣ប្រភេទ ជាមួយការសម្រេចលក់សិទ្ធិផ្សាយបន្ដផ្ទាល់ដល់ស្ថានីយ៍ទូរទស្សន៍បណ្ដាប្រទេសសមាជិក ដោយតម្រូវឲ្យបង់ប្រាក់ចំនួន ២ម៉ឺនដុល្លារជាកំហិតក្នុងមួយស្ថានីយ៍ទូរទស្សន៍ ដែលចង់ផ្សាយបន្ដផ្ទាល់ពីព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ។
នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលទើបបញ្ចប់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាកីឡាប្រចាំតំបន់នេះ មានគណៈកម្មការជំនាញជាច្រើនចូលរួម ក្នុងនោះប្រតិភូអូឡាំពិកកម្ពុជា ក៏បានចូលរួមផងដែរ ដើម្បីត្រួតពិនិត្យរាល់បញ្ហា ត្រូវដោះស្រាយ និងរៀបចំ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៧។
លោកបន្ដថា ឆ្លងកាត់កិច្ចប្រជុំខាងលើ បានសម្រេចលទ្ធផល ៣ចំណុចគួរឲ្យកត់សម្គាល់ ទី១-ការសម្រេចជាឯកច្ឆន្ទកំណត់យកីឡាចំនួន ៤៣ប្រភេទសម្រាប់រៀបចំក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ ក្នុងនោះកម្ពុជាមានប្រភេទកីឡាប្រមាណ ៣១ប្រភេទ ដែលនឹងត្រូវត្រៀមលក្ខណៈចូលរួមដែរ។ ទី២- ការជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការគោរពសមភាពយេនឌ័រ ត្រូវមានការការពារឲ្យបានតឹងរឹង ចំពោះការបៀតបៀនផ្លូវភេទ ឬការការពារចំពោះកីឡាការិនី ក៏ដូចជាគ្រូបង្វឹកជាស្ដ្រី ដែលចូលរួមការប្រកួត និងត្រូវមានទណ្ឌកម្មទៅតាមចលនាអូឡាំពិក។
ចំណែកទី៣ ពាក់ព័ន្ធនឹងបញ្ហាការទិញសិទ្ធផ្សាយបន្ដផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ នៃបណ្ដាប្រទេសជាសមាជិក ដែលម្ចាស់ផ្ទះម៉ាឡេស៊ី បានដាក់កំហិតឲ្យមានការបង់ប្រាក់ចូលរួមចំនួន ២ម៉ឺនដុល្លារ ក្នុងមួយស្ថានីយទូរទស្សន៍។ ដោយហេតុនេះ សម្រាប់ស្ថានីយទូរទស្សន៍ ដែលមានបំណងចង់ធ្វើការផ្សាយបន្ដផ្ទាល់ពីម្ចាស់ផ្ទះម៉ាឡេស៊ី ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ គឺតម្រូវឲ្យបង់ថវិកាចំនួន ២ម៉ឺនដុល្លារ។ នេះគឺជាចំណុច ដែលបានឯកភាពគ្នាទាំងស្រុងក្នុងកិច្ចប្រជុំ។
លោក វ៉ាត់ ចំរើន បន្ថែមទៀតថា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ស្ដីពីការត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៧ នេះ លោកនឹងនាំយកលទ្ធផលជាវិជ្ជមានទាំងអស់នោះ មកផ្សព្វផ្សាយ ដើម្បីពង្រឹង និងត្រៀមលក្ខណៈ ទាំងបច្ចេកទេស និងថវិកា ដើម្បីសម្រួចនូវគុណផលរបស់កីឡាករ-កីឡាការិនី ត្រៀមចូលរួមការប្រកួត ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-២៩ ខែកញ្ញា ឆ្នាំ២០២៧ ខាងមុខ៕







