សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ ប្រារព្ធពិធីបញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យម៉ុនតេសូរី-បឋមសិក្សា និងប្រគល់វិញ្ញាបនបត្រសិស្សឆ្នើមអន្តរជាតិ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ (Video inside)
17-07-2026 15:58
(ភ្នំពេញ)៖ សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំប្រារព្ធពិធីអបអរសាទរ ការបញ្ចប់ការសិក្សា ថ្នាក់មត្តេយ្យម៉ុនតេសូរី-បឋមសិក្សា និងប្រគល់វិញ្ញាបនបត្រសិស្សឆ្នើមអន្តរជាតិ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) យ៉ាងអធិកអធម និងពោរពេញដោយក្តីរំភើបរីករាយ។
ពិធីនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក គូន ចំរើន ជាស្ថាបនិក និងជានាយកគ្រប់គ្រង សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ ព្រមទាំងមានការចូលរួមពីសំណាក់ លោក Gavin McCormack ជាស្ថាបនិកសមាគម ម៉ុនតែសសូរី អូស្ត្រាលី (Association of Montessori Australia) និងជាតំណាងសាលា អាប់ស្កូល អូស្ត្រាលី (Upschool Australia) ដែលជាដៃគូអប់រំយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ជាមួយសាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិ។
ក្នុងឱកាសនោះផងដែរ លោក Gavin McCormack បានអញ្ជើញចូលរួមចែកវិញ្ញាបនបត្រថ្នាក់ Dilploma (Skills for Tomorrow) អន្តរជាតិរបស់ប្រទេសអូស្ត្រាលី។ វគ្គសិក្សានេះ មានឈ្មោះថា ជំនាញសម្រាប់ពេលអនាគត Skills for Tomorrow ជូនដល់ប្អូនៗសិស្សានុសិស្ស សាលាភ្នំពេញម៉ុនតែសសូរីអន្តរជាតិផងដែរ។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ លោក គូន ចំរើន បានថ្លែងសុន្ទរកថា បើក និងសម្តែងការកោតសរសើរយ៉ាងក្រៃលែង ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្អូនៗសិស្សានុសិស្សទាំងអស់ ទាំង ថ្នាក់មត្តេយ្យម៉ុនតេសូរី និងថ្នាក់បឋមសិក្សា ដែលបានសិក្សាដោយជោគជ័យគ្រប់មុខវិជ្ជាសិក្សា និងជាពិសេសបានបញ្ចប់វគ្គសិស្សអន្តរជាតិ ប្រទេសអូស្ត្រាលី តាមរយៈសាលា អាប់ស្កូល អូស្ត្រាលី (Upschool Australia)។
លោក គូន ចំរើន នាយកគ្រប់គ្រងសាលា បានថ្លែងថា «ការបញ្ចប់ការសិក្សានៅថ្ងៃនេះ មិនមែនជាទីបញ្ចប់នៃវិថីជីវិតសិក្សានោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើម នៃទំព័រជីវិតថ្មីមួយ ដែលពោរពេញដោយក្ដីសង្ឃឹម និងឱកាសសម្រាប់អនាគត។ គ្រឹះស្ថានសិក្សារបស់យើង តែងតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់នូវការអប់រំប្រកបដោយ គុណភាព វិន័យ និងសីលធម៌ខ្ពស់ ដើម្បីបណ្តុះបណ្តាល កុមារៗ ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍសង្គមជាតិ»។
លោក គូន ចំរើន បានបន្ថែមទៀតថា ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺថាការអប់រំ លើសពីការបង្រៀន ឲ្យសិស្សទទួលបានពិន្ទុល្អ ឬចំណាត់ថ្នាក់ល្អ ប៉ុន្តែគឺជាការបំណិនចំណេះ និងជំនាញ ក៏ដូចជាបំណិនជីវិត ដែលធ្វើឲ្យគេក្លាយជាពលរដ្ឋល្អក្នុងសង្គម និងមានគុណធម៌ចំពោះសង្គមគ្រួសារ និងសង្គមជាតិ។
លើសពីនេះទៀត នៅក្នុងកម្មវិធីនេះ ក៏មានការចែករំលែកនូវទស្សនទាន អប់រំ យ៉ាងស៊ីជម្រៅពីសំណាក់ លោក Gavin McCormack ដែលជាអ្នកជំនាញអប់រំសកល និងជាស្ថាបនិកសាលាម៉ុនតេសូរីដ៏ល្បីល្បាញមកពីប្រទេសអូស្ត្រាលី។
ក្នុងនាមជាវាគ្មិនកិត្តិយស លោកបានកោតសរសើរ ចំពោះការអនុវត្ត ប្រព័ន្ធអប់រំម៉ុនតេសូរី នៅទីនេះ ដែលបានជួយដុះខាត់សក្ដានុពលកុមារ តាមបែបធម្មជាតិ និងបានថ្លែងទៅកាន់ មាតាបិតាថា «ការអប់រំតាមវិធីសាស្ត្រម៉ុនតេសូរី មិនត្រឹមតែបង្រៀនឱ្យកុមារចេះអក្សរ ឬលេខនោះទេ ប៉ុន្តែវាគឺជាការបណ្តុះបណ្តាល ឱ្យពួកគេចេះគិតដោយឯករាជ្យ មានទំនុកចិត្តលើខ្លួនឯង និងមានសេចក្តីស្រឡាញ់ ក្នុងការរៀនសូត្រពេញមួយជីវិត»។
លោកបានថ្លែងទៀតថា «ខ្ញុំពិតជាមានមោទនភាព ដែលបានឃើញកុមារៗនៅទីនេះ ទទួលបានការអប់រំដ៏ត្រឹមត្រូវ ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់អនាគតរបស់ពួកគេ»។
កម្មវិធីទាំងមូលកាន់តែមានភាពរស់រវើក និងបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឱ្យចងចាំ តាមរយៈការសម្តែងសិល្បៈ ការច្រៀង និងការរាំពីសំណាក់កុមារៗ ដែលបង្ហាញពី ភាពក្លាហាន ភាពច្នៃប្រឌិត និងភាពឆ្លាតវៃ របស់ពួកគេ។
សកម្មភាពដ៏រំភើប និងសំខាន់បំផុតនៅក្នុងពិធីនេះ គឺការឡើងទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា និងការប្រគល់ប័ណ្ណសរសើរជូនដល់ «សិស្សឆ្នើម» ដែលមានស្នាដៃលេចធ្លោ ទាំងផ្នែកចំណេះដឹងទូទៅ វិន័យ និងសីលធម៌ ក្នុងការសិក្សានាឆ្នាំកន្លងមក។ ទឹកមុខញញឹមប្រកបដោយមោទនភាព របស់អាណាព្យាបាលគ្រប់រូប ពេលឃើញបុត្រធីតារបស់ខ្លួន ឈរនៅលើឆាក គឺជាសក្ខីភាពបញ្ជាក់ពីផ្លែផ្កា នៃការអប់រំដ៏មានគុណភាព។
ពិធីនេះ បានបញ្ចប់ទៅក្រោមបរិយាកាស ស្និទ្ធស្នាល រំភើប និងរីករាយក្រៃលែង ព្រមទាំងបន្សល់ទុក នូវអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចបំភ្លេចបាន សម្រាប់គណៈគ្រប់គ្រង វាគ្មិនកិត្តិយស លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់៕



















