ភ្លើងខៀវពីប៉េកាំង! Apple Intelligence ត្រូវបានចិនអនុញ្ញាតឱ្យចុះបញ្ជីផ្លូវការ ត្រៀមវាយលុកទីផ្សារ iPhone ធំបំផុត
17-07-2026 14:55
(បរទេស)៖ ស្ថាប័នគ្រប់គ្រងលំហអាកាសអ៊ីនធឺណិតរបស់ប្រទេសចិន (Cyberspace Regulator) បានប្រកាសជាផ្លូវការថា សេវាកម្ម AI (Generative AI) របស់ក្រុមហ៊ុន Apple ឬហៅថា «Apple Intelligence» ត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់នៅលើទូរស័ព្ទ iPhone ក្នុងប្រទេសចិនរួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ការសម្រេចចិត្តនេះ គឺជាការបើកផ្លូវដ៏សំខាន់សម្រាប់ការដាក់ឱ្យដំណើរការមុខងារ AI ដ៏ទន្ទឹងរង់ចាំជាយូរមកហើយនេះ ស្របពេលដែលប្រទេសចិនមានច្បាប់រឹតបន្តឹងតឹងរ៉ឹង តម្រូវឱ្យរាល់គំរូភាសាខ្នាតធំ (LLM) ទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតជាមុន មុននឹងអាចបញ្ចេញទៅកាន់សាធារណជន។
ដើម្បីអាចវាយលុកទីផ្សារដ៏តឹងរ៉ឹងនេះបាន ក្រុមហ៊ុន Apple បានជ្រើសរើសយុទ្ធសាស្ត្រចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងស្រុក ដោយសារតែប្រព័ន្ធ AI របស់អាមេរិកមិនអាចដំណើរការក្នុងប្រទេសចិនបានឡើយ។ យោងតាមប្រភពជិតដិតបានឱ្យដឹងថា Apple Intelligence នឹងរួមបញ្ចូលនូវសមត្ថភាពពីគំរូ AI របស់ក្រុមហ៊ុន Baidu និង Alibaba។ ជាក់ស្តែង ក្រុមហ៊ុន Alibaba បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់ផ្ញើទៅកាន់ភ្នាក់ងារព័ត៌មាន Reuters ថា៖ «គំរូ AI "Qwen" របស់ខ្លួន នឹងត្រូវរួមបញ្ចូលទៅក្នុង Apple Intelligence នៅលើប្រព័ន្ធប្រតិបត្តិការរបស់ Apple ទាំងអស់នៅក្នុងប្រទេសចិន រួមមាន iPhone (iOS), iPad (iPadOS), Mac (macOS) និង Vision Pro (visionOS)»។ ជាមួយគ្នានេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Baidu ក៏បានបញ្ជាក់ពីការសហការអភិវឌ្ឍមុខងារ AI នេះសម្រាប់អ្នកប្រើប្រាស់ iPhone ផងដែរ។
ការវិវត្តដ៏ធំនេះ ត្រូវបានគេមើលឃើញថាជារំកិលយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីពង្រឹងជំហររបស់ Apple នៅក្នុងទីផ្សារចិន បន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការកើនឡើងនៃការនាំចេញផលិតផលរបស់ខ្លួនរហូតដល់ ២៤,៤% នៅក្នុងត្រីមាសទីពីរ បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា អាជ្ញាធរចិនមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការបើកឱ្យប្រើប្រាស់ផ្លូវការនៅឡើយទេ។
ដោយឡែក នៅក្នុងព្រឹត្តិការណ៍ចុះបញ្ជី AI នេះដែរ ស្មាតហ្វូនម៉ូដែល Nubia-Doubao របស់ក្រុមហ៊ុន ZTE ក៏ទទួលបានការអនុញ្ញាតដូចគ្នា ដែលទូរស័ព្ទម៉ូដែលផ្តោតលើ AI មួយនេះ គឺជាកិច្ចសហការផលិតរវាងក្រុមហ៊ុន ZTE និងក្រុមហ៊ុន ByteDance (ក្រុមហ៊ុនមេរបស់ TikTok) ក្នុងការបង្កើនការប្រកួតប្រជែងលើសមរភូមិស្មាតហ្វូន AI ឱ្យកាន់តែស្រួចស្រាល់ផងដែរ៕









