ABA ពង្រីកការផ្ដល់ធានារ៉ាប់រង ជូនដល់កម្មករ-កម្មការិនី និយោជិតរោងចក្រ
17-07-2026 14:03
(ភ្នំពេញ)៖ វិស័យកម្មន្តសាល (ការកែច្នៃ និងផលិត) គឺជាក្បាលម៉ាស៊ីនដ៏សំខាន់បំផុតមួយក្នុងការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
វិស័យនេះបានបន្តដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិត ប្រមាណជាង១លាននាក់ និងរួមចំណែកយ៉ាងសំខាន់ដល់ការនាំចេញ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
គិតតែក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញ ផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មានតម្លៃប្រមាណ ១៥.៥ពាន់លានដុល្លាអាមេរិក ដែលទំហំទឹកប្រាក់នេះកើនឡើងជាង ១៥.៧% ធៀបនឹងឆ្នាំ ២០២៤។
សោកនាដកម្មលើដងផ្លូវ ដែលបណ្ដាលឲ្យកម្មករនិយោជិតបាត់បង់ជីវិត និងរបួសជាច្រើននាក់នាពេលថ្មីៗនេះ គឺជាការក្រើនរំលឹកដ៏សំខាន់មួយ នៃឧបទ្ទវហេតុដែលអាចកើតឡើងគ្រប់ពេលដោយមិននឹកស្មានដល់ និងសារៈសំខាន់នៃធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុដែលក្លាយជាទីពឹងក្នុងគ្រាជួបបញ្ហាបែបនេះ។
ធនាគារ ABA សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ គ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការិនី និយោជិតដែលរងរបួស ឲ្យឆាប់ជាសះស្បើយទាំងអស់គ្នា។
តាមរយៈការផ្ដល់សេវាបើកប្រាក់បៀវត្សសម្រាប់រោងចក្រនានា ធនាគារ ABA បានបញ្ចូលសេវាធានារ៉ាប់រងជូនដល់ កម្មករ-កម្មការិនី និយោជិត បន្ថែមពីលើការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃរបស់ពួកគាត់។ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ សេវាបើកប្រាក់បៀវត្ស ABA មានបន្ថែមកញ្ចប់សេវាធានារ៉ាប់រង សម្រាប់កម្មករ កម្មការិនី និយោជិតរោងចក្រ ដែលកញ្ចប់សេវានេះ ផ្ដល់ការរ៉ាប់រងលើថ្លៃព្យាបាលដល់ពួកគាត់ ក្នុងករណីជួបគ្រោះថ្នាក់រងរបួសស្នាម និងផ្ដល់ជាសំណងហិរញ្ញវត្ថុ ដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ ក្នុងករណីដែលឧបទ្ទវហេតុនោះបណ្ដាលឲ្យបាត់បង់ជីវិត។
ជាក់ស្ដែង ពាក់ព័ន្ធនឹងឧបទ្ទវហេតុថ្មីៗ ដូចបានបញ្ជាក់ខាងលើ ដែលភ្លាមៗ ក្រោយពីកើតមានគ្រោះថ្នាក់នោះ ធនាគារ ABA បានសហការយ៉ាងយកចិត្តទុកដាក់ ជាមួយរោងចក្រពាក់ព័ន្ធ អាជ្ញាធរ និងក្រុមគ្រួសារដែលសមាជិកបានបាត់បង់ជីវិត ដើម្បីសម្របសម្រួលផ្ដល់សំណងធានារ៉ាប់រងឲ្យបានឆាប់រហ័សបំផុត។
បន្ថែមពីនេះទៀត ធនាគារ ABA ក៏បានសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្មករនិយោជិត និងក្រុមគ្រួសាររងគ្រោះចំនួន ៦ នាក់ ផ្សេងទៀត ដែលប្រើសេវាបើកប្រាក់បៀវត្ស ABA ប៉ុន្តែពុំបានចុះឈ្មោះតាមលក្ខខណ្ឌធានារ៉ាប់រង។ ការគាំទ្រនេះ រួមមានជំនួយជូនដល់គ្រួសាររបស់កម្មករ-កម្មការិនី និយោជិត ចំនួន ៣នាក់ ដែលបានបាត់បង់ជីវិត និងកម្មករ-កម្មការិនី និយោជិត ចំនួន 3 នាក់ ដែលបានរងរបួសធ្ងន់។
លោក Zhiger Atchabarov នាយកប្រតិបត្តិរងនៃធនាគារ ABA បានប្រសាសន៍ថា «នៅធនាគារ ABA យើងខ្ញុំទទួលស្គាល់តួនាទីសំខាន់របស់កម្មករ-កម្មការិនី និយោជិតរោងចក្រកម្មន្តសាល សម្រាប់សេដ្ឋកិច្ចជាតិ។ សេវាកម្មហិរញ្ញវត្ថុ គួរផ្ដល់ជូនទាំងពេលរីកចម្រើន និង ក្នុងពេលដែលលំបាកផងដែរ។ យើងខ្ញុំ សង្ឃឹមថាជំនួយនេះ នឹងចូលរួមកាត់បន្ថយបន្ទុកគ្រួសារជនរងគ្រោះបានខ្លះ ក្នុងគ្រាដ៏លំបាកមួយនេះ»។
ABA បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការជាមួយបណ្ដានិយោជក ដៃគូធានារ៉ាប់រងនានា និងសហគមន៍ទាំងមូល ក្នុងការពង្រឹងលទ្ធភាពកាន់តែប្រសើរដល់បងប្អូនកម្មករ-កម្មការិនី និយោជិត និងគ្រួសារ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការការពារដែលគាំទ្រដល់សុខុមាលភាពយូរអង្វែងរបស់ពួកគាត់៕

