ភោជនីយដ្ឋានម្ហូបខ្មែរ «ខេមបាណា» សាខាផ្លូវ ៦០ម៉ែត្រ បើកសម្ពោធជាផ្លូវការ
17-07-2026 10:31
(ភ្នំពេញ)៖ ភោជនីយដ្ឋាន ខេមបាណា សាខាផ្លូវ៦០ម៉ែត្រ (មហាវិថីសម្ដេច ហ៊ុន សែន ៦០ម៉ែត្រ) បានប្រារព្ធពិធីសម្ពោធបើកដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទទួលទានអាហារបែបខ្មែរ ប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ និងបរិយាកាស ផាសុកភាព។
ភោជនីយដ្ឋានត្រូវបានរចនាក្នុងរចនាបថខ្មែរសហសម័យ ដោយផ្តោតលើអត្តសញ្ញាណវប្បធម៌ខ្មែរ និងផ្តល់ជូននូវម្ហូបខ្មែរជាចម្បង រួមជាមួយម្ហូបអាស៊ី និងអន្តរជាតិ សម្រាប់អាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច។ លើសពីនេះក៏មានបន្ទប់ VIP និងសាលធំសម្រាប់កិច្ចប្រជុំ ឬកម្មវិធីផ្សេងៗ ដែលអាចទទួលភ្ញៀវបានរហូតដល់ប្រមាណ ៨០នាក់។
ក្រុមហ៊ុន ខេមបាណា បានបម្រើសេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ច សណ្ឋាគារ និងភោជនីយដ្ឋាន ចាប់តាំងពីឆ្នាំ ២០១៧ មក ដោយបច្ចុប្បន្នមានសាខានៅប៉ោយប៉ែត បាត់ដំបង និងសៀមរាប។ ការបើកសាខាផ្លូវ ៦០ម៉ែត្រ គឺជាជំហានថ្មីមួយក្នុងការពង្រីកបណ្តាញអាជីវកម្ម និងបម្រើអតិថិជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ដោយឈរលើទស្សនវិស័យ «ភោជនីយដ្ឋានរបស់ខ្មែរ បម្រើរសជាតិខ្មែរ លើកស្ទួយវប្បធម៌ខ្មែរ» ខេមបាណា ប្តេជ្ញាបន្តផ្តល់ជូនម្ហូបអាហារប្រកបដោយគុណភាព សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងរួមចំណែកអភិរក្ស ព្រមទាំងផ្សព្វផ្សាយមរតកម្ហូបអាហារខ្មែរ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ៕










