Meta បោះទុនមហាសាលជាង ៩ពាន់លានដុល្លារ សង់មជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតយក្សដំបូងបង្អស់នៅកាណាដា
09-07-2026 14:04
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta (ក្រុមហ៊ុនមេរបស់ Facebook) បានប្រកាសពីគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតយក្ស (Massive Data Center) មួយ ស្ថិតនៅក្នុងតំបន់ Alberta ដែលជាការវិនិយោគលើកដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកាណាដា។ គម្រោងនេះមានតម្លៃរហូតដល់ ១៣ ពាន់លានដុល្លារកាណាដា (ប្រមាណ ៩,១៧ ពាន់លានដុល្លារ) ក្នុងគោលបំណងពង្រីកសមត្ថភាពប្រព័ន្ធកុំព្យូទ័រ ដើម្បីគាំទ្រដល់ការរីកចម្រើននៃបច្ចេកវិទ្យា AI នៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦។
មជ្ឈមណ្ឌលទិន្នន័យទី ៣៣ របស់ Meta លើសកលលោកនេះ មានសមត្ថភាពថាមពលដំបូងទំហំ ១ ជីហ្គាវ៉ាត់ (Gigawatt) និងអាចពង្រីកដល់ ១,៨ ជីហ្គាវ៉ាត់។ ការជ្រើសរើសយកតំបន់ Alberta នេះ គឺដោយសារទីនោះសម្បូរឧស្ម័នធម្មជាតិតម្លៃថោក និងមានអាកាសធាតុត្រជាក់ខ្លាំង ដែលអំណោយផលបំផុតដល់ការបញ្ចុះកម្តៅម៉ាស៊ីនកំព្យូទ័រកម្រិតខ្ពស់ (Super-computers)។ លោក Nate Glubish រដ្ឋមន្ត្រីបច្ចេកវិទ្យាតំបន់ Alberta បានថ្លែងថា៖ «នេះជាមជ្ឈមណ្ឌលដំបូងគេបង្អស់ដែលមានប្រភេទបែបនេះ ដំបូងគេដែលមានទំហំបែបនេះ និងដំបូងគេដែលមានខ្នាតធំបែបនេះ ប៉ុន្តែវានឹងមិនមែនជាមជ្ឈមណ្ឌលចុងក្រោយនោះទេ»។
ទោះជាយ៉ាងណា គម្រោងនេះនឹងប្រើប្រាស់អគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់ ស្មើនឹងការប្រើប្រាស់របស់ផ្ទះប្រជាពលរដ្ឋរហូតដល់ ៨០០,០០០ ខ្នង។ ដើម្បីដោះស្រាយក្តីបារម្ភនេះ លោក Gary Demasi អនុប្រធានផ្នែកអភិវឌ្ឍន៍របស់ Meta បានបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តល់មូលនិធិសាងសង់ប្រភពថាមពល និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីថ្មីផ្ទាល់ខ្លួន (សហការជាមួយក្រុមហ៊ុន Capital Power និង Pembina Pipeline) តាមរយៈការវិនិយោគលើថាមពលស្អាតដើម្បីទូទាត់សងវិញ (Offset) ព្រមទាំងប្រើប្រាស់ប្រព័ន្ធបញ្ចុះកម្តៅបែបបិទជិតដែលសន្សំសំចៃទឹកបំផុត។
ទោះបីជាមានការអះអាងពីក្រុមហ៊ុនក៏ដោយ គម្រោងដ៏ធំនេះបានរងការរិះគន់ភ្លាមៗពីក្រុមអ្នកការពារបរិស្ថាន ដោយសារបារម្ភថាការពឹងផ្អែកលើឧស្ម័នធម្មជាតិនឹងធ្វើឱ្យអត្រាបំភាយឧស្ម័នពុលកើនឡើង ៥ដងលើសពីមធ្យមភាគជាតិ។ លោក Keith Stewart តំណាងអង្គការ Greenpeace Canada បានចេញមុខទាមទារថា៖ «យើងត្រូវតែមានការផ្អាកជាបណ្តោះអាសន្ន (Moratorium) លើមជ្ឈមណ្ឌលទិន្នន័យខ្នាតយក្ស រហូតទាល់តែយើងមានច្បាប់ការពារបរិស្ថាន និងសិទ្ធិមនុស្សទៅលើបច្ចេកវិទ្យា AI»៕










