FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Apple ជំរុញការផលិតនៅអាមេរិក ជះលុយ ៣០ពាន់លានដុល្លារលើឈីប Broadcom

09-07-2026 11:41

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសពីកិច្ចព្រមព្រៀងរយៈពេលវែងមួយរហូតដល់ឆ្នាំ២០៣១ ជាមួយក្រុមហ៊ុន Broadcom ក្នុងការទិញបន្ទះឈីបក្នុងតម្លៃជាង ៣០ពាន់លានដុល្លារ។ ជំហាននេះធ្វើឡើងក្នុងគោលបំណងបង្កើនការប្រើប្រាស់សមាសធាតុផ្សំដែលផលិតនៅក្នុងស្រុក (សហរដ្ឋអាមេរិក) ស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងជម្រុញយ៉ាងខ្លាំងដល់ការពង្រីកចង្វាក់ផលិតកម្មបន្ទះឈីបនៅក្នុងប្រទេស។

កិច្ចព្រមព្រៀងនេះផ្ដោតសំខាន់លើតម្រង FBAR ដែលជាបន្ទះឈីបហ្វ្រេកង់ស៍វិទ្យុ ប្រើប្រាស់សម្រាប់ការតភ្ជាប់បណ្ដាញឥតខ្សែនៅក្នុងឧបករណ៍នានារបស់ Apple (ដូចជា iPhone ជាដើម)។ ក្រុមហ៊ុនទាំងពីរបានសហការអភិវឌ្ឍបច្ចេកវិទ្យានេះជាមួយគ្នាតាំងពីឆ្នាំ២០២៣ មកម៉្លេះ។ ក្រោមការគាំទ្រពីកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Broadcom នឹងវិនិយោគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ១.៥ ពាន់លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួននៅទីក្រុង Fort Collins រដ្ឋ Colorado ដែលការលូតលាស់នេះនឹងនាំឱ្យមានការផលិតបន្ទះឈីបយ៉ាងហោចណាស់ ១៥ ពាន់លានបន្ទះ។

លោក Tim Cook នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Apple បានបង្ហាញការពេញចិត្តនិងមានមោទនភាពចំពោះការបង្កើនការវិនិយោគជាមួយអ្នកផ្គត់ផ្គង់នៅក្នុងស្រុក និងបានថ្លែងអំណរគុណដល់ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងរដ្ឋបាលរបស់លោកចំពោះការគាំទ្រដល់គម្រោងឧស្សាហកម្មដ៏សំខាន់មួយនេះ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន Apple បានដំឡើងកញ្ចប់ថវិកាប្តេជ្ញាចិត្តវិនិយោគរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិករហូតដល់ទៅ ៦០០ ពាន់លានដុល្លារ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ៕