FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីភ្នាក់ងារសន្តិសុខសាយប័រអាមេរិក លួចប្រើប្រព័ន្ធ AI ក្រុមហ៊ុន Anthropic ដើម្បីស្កេនរកចន្លោះប្រហោងកូដរដ្ឋាភិបាល

07-07-2026 09:56

(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសន្តិសុខសាយប័រ និងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខអាមេរិក (CISA) ត្រូវបានទម្លាយថាកំពុងតែលួចលាក់ប្រើប្រាស់យ៉ាងសកម្មនូវប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) លំដាប់កំពូលជំនាន់ថ្មីដែលមានឈ្មោះថា «Mythos» របស់ក្រុមហ៊ុនបច្ចេកវិទ្យា Anthropic ក្នុងយុទ្ធនាការសម្ងាត់មួយ ដើម្បីស្កេនពិនិត្យ និងស្វែងរកចន្លោះប្រហោងសុវត្ថិភាពនៅក្នុងកូដកម្មវិធី (Software Code) របស់រដ្ឋាភិបាលអាមេរិក។ ការលេចធ្លាយព័ត៌មាននេះ បានបង្កើតឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែបច្ចុប្បន្ន ក្រុមហ៊ុន Anthropic កំពុងស្ថិតនៅក្នុង «បញ្ជីខ្មៅ» ហាមឃាត់មិនឱ្យរដ្ឋាភិបាលប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយផ្តាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២៦។

ប្រភពព័ត៌មានជិតដិតនឹងកិច្ចការនេះចំនួន ៣រូប បានទម្លាយប្រាប់ Reuters ថា ប្រតិបត្តិការស្កេនកូដសម្ងាត់នេះ ត្រូវបានអនុវត្តដោយផ្ទាល់ដោយ «ក្រុមការងារវាយតម្លៃផ្ទៃរងការវាយប្រហារ» របស់ CISA ដែលជាអង្គភាពជំនាញទទួលបន្ទុកធ្វើតេស្តសាកល្បងហែកប្រព័ន្ធ និងវាយតម្លៃសន្តិសុខឌីជីថលទូទាំងស្ថាប័នសហព័ន្ធ។ យោងតាមប្រភពដដែល គិតមកទល់ពេលនេះ ប្រព័ន្ធ AI «Mythos» បានរកឃើញចន្លោះប្រហោងសុវត្ថិភាពក្នុងបរិមាណ «យ៉ាងច្រើនសន្ធឹកសន្ធាប់» រួចទៅហើយនៅក្នុងឃ្លាំងផ្ទុកទិន្នន័យកូដរបស់រដ្ឋាភិបាល ដែលចន្លោះប្រហោងទាំងនោះអាចជាឱកាសមាសសម្រាប់ក្រុមហែកឃ័រ ឬស៊ើបការណ៍សម្ងាត់បរទេសលួចចូលប្រព័ន្ធ។

ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងពីភាពផ្ទុយគ្នាយ៉ាងខ្លាំង នៅក្នុងផ្ទៃក្នុងរដ្ឋាភិបាលអាមេរិក ជុំវិញទំនាក់ទំនងជាមួយក្រុមហ៊ុន Anthropic ជម្លោះបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុន Anthropic បានបដិសេធមិនព្រមលុបចោល «គោលការណ៍ការពារសុវត្ថិភាព» មួយចំនួនដែលរារាំងមិនឱ្យរដ្ឋាភិបាលយក AI របស់ខ្លួនទៅប្រើប្រាស់ក្នុងប្រព័ន្ធអាវុធស្វ័យប្រវត្តិនាំមុខ ឬការតាមដានស៊ើបការណ៍ប្រជាជនទ្រង់ទ្រាយធំ កត្តានេះបានធ្វើឱ្យក្រសួងការពារជាតិអាមេរិក ខឹងសម្បារយ៉ាងខ្លាំង និងបានវាយតម្លៃក្រុមហ៊ុននេះថាជា «ហានិភ័យខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ» ហើយប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចេញបញ្ជាឱ្យគ្រប់ភ្នាក់ងារសហព័ន្ធទាំងអស់ផ្ដាច់ទំនាក់ទំនងពីក្រុមហ៊ុននេះ។

មួយវិញទៀត​ ទោះបីជាមានបម្រាមផ្លូវការក៏ដោយ ក៏ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ក៏បានលួចលាក់ប្រើប្រាស់ Mythos តាំងពីខែមេសាមកម្ល៉េះ។ នៅក្នុងការសាកល្បងសម្ងាត់មួយក្រោមគម្រោង Project Glasswing កាលពីខែមិថុនា គណៈកម្មាធិការព្រឹទ្ធសភាបានដឹងថា ប្រព័ន្ធ AI Mythos នេះមានសមត្ថភាពខ្ពស់រហូតដល់ថ្នាក់អាចស្វែងរកវិធី «វាយលុកចូលប្រព័ន្ធការពារសម្ងាត់ស្ទើរតែទាំងអស់របស់ NSA បានដោយជោគជ័យ ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មិនមែនរាប់សប្តាហ៍ឡើយ»

អ្នកជំនាញផ្នែកសន្តិសុខសាយប័របានលើកឡើងថា ស្ថានភាពបច្ចុប្បន្នគឺ «ច្បាប់នៅលើក្រដាស ប៉ុន្តែការអនុវត្តជាក់ស្តែងគឺផ្សេង»។ ស្ថាប័នការពារជាតិអាមេរិកមិនអាចបោះបង់ចោល Mythos បានឡើយ ព្រោះវាជាឧបករណ៍ Red-Teaming (ក្រុមវាយលុកដើម្បីស្វែងរកចំណុចខ្សោយ) ដែលមានសមត្ថភាពខ្លាំងបំផុតនៅលើលោកនាពេលបច្ចុប្បន្ន។ ប្រសិនបើរដ្ឋាភិបាលអាមេរិកមិនប្រើប្រាស់វាដើម្បីជួសជុលប្រព័ន្ធខ្លួនឯងមុនទេ នោះវាអាចនឹងត្រូវគូប្រជែងយកទៅប្រើប្រាស់ដើម្បីវាយប្រហារមកលើអាមេរិកវិញ។

ភ្លាមៗបន្ទាប់ពីមានការទម្លាយព័ត៌មានខាងលើ ទាំងក្រុមហ៊ុន Anthropic និងតំណាងទីភ្នាក់ងារ CISA មិនទាន់បានចេញមុខបដិសេធ ឬផ្តល់ការអត្ថាធិប្បាយលម្អិតបន្ថែមជុំវិញវិសាលភាពនៃកូដរដ្ឋាភិបាលដែលត្រូវបានស្កេន និងប្រភេទនៃចន្លោះប្រហោងបច្ចេកវិទ្យាដែលបានរកឃើញនោះឡើយ៕