Samsung នាំមុខគេលើទីផ្សារស្មាតហ្វូនក្នុងត្រីមាសទី៣
31-10-2025 16:32
(បរទេស)៖ របាយការណ៍ថ្មីពី Omdia បានចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះថា Samsung គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារលក់ស្មាតហ្វូនក្នុងត្រីមាសទី ៣ (ចាប់ពីខែកក្កដា ដល់ខែកញ្ញា)។ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បាននាំចេញទូរស័ព្ទចំនួន ៦០.៦ លានគ្រឿង ដែលមានភាគរយទីផ្សារ ១៩% ហើយបានកើនឡើង ៦% បើប្រៀបធៀបទៅនឹងត្រីមាសទី ៣ ឆ្នាំ ២០២៤។
Apple ទទួលបានចំណាត់ថ្នាក់ទីពីរ ដោយនាំចេញទូរស័ព្ទចំនួន ៥៦.៥ លានគ្រឿង មានភាគរយទីផ្សារ ១៨% និងកំណើន ៤%។ Xiaomi ចំណាត់ថ្នាក់ទីបី ដោយបាននាំចេញចំនួន ៤៣.៤ លានគ្រឿង មានភាគរយទីផ្សារ ១៤% និងកំណើន ១% បើប្រៀបនឹងឆ្នាំមុន។
ក្រុម Transsion (ម្ចាស់ម៉ាក Infinix, iTel និង Tecno) ទទួលបានចំណាត់ថ្នាក់ទីបួន ដោយដឹកជញ្ជូនបាន ២៨.៦ លានគ្រឿង មានភាគរយទីផ្សារ ៩%ហើយមានអត្រាកំណើនខ្ពស់ជាងគេក្នុងចំណោមក្រុមហ៊ុនទាំង៥ ដោយកើនឡើង ១២%។ vivo ស្ថិតនៅចំណាត់ថ្នាក់ទី៥ ដោយដឹកជញ្ជូនបាន ២៨.៥ លានគ្រឿង មានភាគរយទីផ្សារ ៩% និងកំណើន ៥% បើប្រៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០២៤។
ការរីកចម្រើនរបស់ Samsung ត្រូវបានជំរុញដោយម៉ូឌែល Galaxy Z Fold7, Flip7, និងស៊េរី A07, A17។ ចំពោះ Apple, ម៉ូឌែល iPhone 17 ផ្នែកមូលដ្ឋាន បានលក់លើសការរំពឹងទុក ដោយសារតម្លៃនិងគុណភាពប្រកបដោយការប្រកួតប្រជែង។
ងាមមក Xiaomi មានការធ្លាក់ចុះនៅទីផ្សារចិន បន្ទាប់ពីកម្មវិធីជំនួយថវិការរដ្ឋបានបញ្ចប់ ប៉ុន្តែការលូតលាស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗបានជួយស្រោចស្រង់វិញ។ vivo នៅតែមានភាពរឹងមាំនៅទីផ្សារឥណ្ឌា លើស Huawei នៅចិន និងបន្តលូតលាស់នៅអាស៊ីប៉ាស៊ីហ្វិក អាហ្វ្រិក និងអាមេរិកឡាទីន។
សរុបមកទីផ្សារទូរស័ព្ទបានលក់ចេញចំនួន ៣២០.១ លានគ្រឿង ក្នុងត្រីមាសទី ៣ ដែលកើនឡើង ៣% បើប្រៀបនឹងឆ្នាំមុន។ ការដឹកជញ្ជូននៅអាមេរិកខាងជើង និង ចិន មានការធ្លាក់ចុះ ខណៈដែលតំបន់ អាស៊ីប៉ាស៊ីហ្វិក មជ្ឈឹមបូព៌ា និង អាហ្វ្រិក មានការលូតលាស់ខ្លាំង។នៅអាហ្វ្រិក ការដឹកជញ្ជូនកើនឡើង ២៥%, ខណៈអាស៊ីប៉ាស៊ីហ្វិកកើន ៥%។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Omdia បានបញ្ជាក់ថា ការលូតលាស់សរុបត្រូវបានជំរុញដោយទូរស័ព្ទដែលមានតម្លៃក្រោម ១០០ដុល្លារ និងលើសពី ៧០០ដុល្លារ ខណៈម៉ូឌែលមធ្យមមានការលក់ខ្សោយ៕







