Microsoft ប្រកាសបង្កើត AI ដែលឪពុកម្តាយអាចទុកចិត្តឲ្យកូនៗប្រើប្រាស់បាន ព្រោះមិនអនុញ្ញាតឲ្យមានការជជែកបែបមនោសញ្ចេតនាស្នេហានោះទេ
25-10-2025 11:24
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Microsoft បានប្រកាសជំហរដ៏មុតមាំរបស់ខ្លួនក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដោយប្តេជ្ញា
ថានឹងបង្កើតតែកម្មវិធី AI ដែលមានសុវត្ថិភាព និងផ្តល់ប្រយោជន៍ពិតប្រាកដដល់មនុស្សប៉ុណ្ណោះ។ នាយកប្រតិបត្តិផ្នែក AI របស់ Microsoft លោក Mustafa Suleyman បានច្រានចោលទាំងស្រុងនូវគំនិតនៃការបង្កើត Chatbot បែបមនោសញ្ចេតនា ឬផ្លូវភេទ (Erotic AI) ដែលគូប្រជែងដូចជា ChatGPT របស់ OpenAI និង Meta AI កំពុងចាប់ផ្តើមអនុញ្ញាតឲ្យមាន។ នេះបើយោងតាមការចេញផ្សាយដោយ CNN។
លោក Suleyman បានសង្កត់ធ្ងន់អំពីគោលការណ៍ចម្បងរបស់ក្រុមហ៊ុនថា៖ «ខ្ញុំចង់ធ្វើ AI ដែលអ្នកទុកចិត្តឲ្យកូនៗរបស់អ្នកប្រើ, ហើយនោះមានន័យថា វាត្រូវតែមានការកំណត់ព្រំដែន និងមានសុវត្ថិភាព»។ តាមរយៈការចេញផ្សាយរបស់ទូរទស្សន៍ CNN នេះ Microsoft ចង់ឲ្យ AI របស់ខ្លួនឈ្មោះ Copilot ក្លាយជា «ដៃគូជំនួយ» ដែលគួរឲ្យទុកចិត្តបំផុត មិនមែនជា «មនុស្សឌីជីថល» ដែលអាចបង្កជាបញ្ហានោះទេ។ ដោយសារតែហានិភ័យនៃបាតុភូត «វិបត្តិផ្លូវចិត្ត AI» ដែលអាចធ្វើឲ្យមនុស្សផ្តាច់ខ្លួនពីការពិត និងយល់ច្រឡំថា AI មានមនសិការពិតប្រាកដ លោក Suleyman បានបញ្ជាក់យ៉ាងច្បាស់ថា Microsoft នឹងមិនបង្កើតសេវាកម្មសម្រាប់ «ខ្លឹមសារអាសអាភាសដែលក្លែងក្លាយ» ឡើយ ដោយប្រកាសថា៖ «នោះមិនមែនជាអ្វីដែលយើងនឹងបន្តធ្វើនោះទេ»។
ជំនួសមកវិញ Microsoft កំពុងផ្តោតលើការកែលម្អ Copilot ដើម្បី ពង្រឹងការតភ្ជាប់មនុស្ស និង មនុស្ស និងបង្កើន ផលិតភាព ក្នុងជីវិតពិត។ ថ្មីៗនេះ Copilot ត្រូវបានបន្ថែមមុខងារថ្មីដែលអាចឲ្យមនុស្សរហូតដល់ ៣២ នាក់ អាចចូលរួមជជែក និងធ្វើការរួមគ្នាលើគម្រោងផ្សេងៗ ដូចជាការរៀបចំផែនការធ្វើដំណើរ ឬកិច្ចការសាលាជាដើម។ សម្រាប់ព័ត៌មានផ្នែកសុខភាព Copilot នឹងផ្តល់ចម្លើយដោយទាញយកពីប្រភពដែលទុកចិត្តខ្ពស់បំផុតដូចជា Harvard Health និងថែមទាំងអាចណែនាំវេជ្ជបណ្ឌិតដែលនៅក្បែរនោះទៀតផង។
គួរជម្រាបថា ជំហរនេះបានធ្វើឲ្យ Microsoft ក្លាយជាក្រុមហ៊ុនមានភាពខុសប្លែកពីគេក្នុងវិស័យ AI។ លោក Suleyman អះអាងថា ក្រុមហ៊ុនដទៃកំពុងបង្កើត «ពិភពក្លែងក្លាយ (Simulation)» រួមទាំងរឿងសម្រាប់មនុស្សពេញវ័យ ប៉ុន្តែ Microsoft កំពុងបង្កើត AI ដែលផ្អែកលើ «ក្រមសីលធម៌មនុស្សធម៌»។ ក្រុមហ៊ុន Microsoft ក៏បានប្រកាសនៅក្នុងរបាយការណ៍ចំណូលចុងក្រោយបំផុតរបស់ខ្លួនផងដែរថា Copilot ឥឡូវនេះមានអ្នកប្រើប្រាស់សកម្មប្រចាំខែ ១០០ លាននាក់ នៅក្នុងវេទិការបស់ Microsoft ៕









