យល់ដឹងផ្នែកច្បាប់៖ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន
18-08-2024 18:21
(ភ្នំពេញ)៖ បើយើងនិយាយដល់ពាក្យថា «សារព័ត៌មាន» បុគ្គលគ្រប់រូបភាគច្រើនសុទ្ធសឹងតែស្គាល់ និងដឹងអំពីតួនាទីរបស់សារព័ត៌មាន ក្នុងការផ្សព្វផ្សាយផ្ដល់នូវព័ត៌មានបានច្រើនរូបភាព ទាំងជាអត្ថបទសំណេរ រូបភាព វីដេអូ ជាអាទិ៍ តាមរយៈអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈត្រឹមត្រូវ និងមានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច ។ ជាទូទៅ ព័ត៌មានដែលត្រូវចេញផ្សាយដល់សាធារណជន ត្រូវតែជាព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ និងមិនមានរូបភាពជាការញុះញង់ ឬធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃឡើយ ។
ប៉ុន្តែនៅក្នុងស្ថានភាពជាក់ស្ដែង ដោយសារអ្នកសារព័ត៌មានភាគច្រើនខិតខំក្នុងការរៀបចំ និងចុះផ្សាយព័ត៌មាន ឬហេតុការណ៍ណាមួយឱ្យបានឆាប់រហ័ស និងទាន់សភាពការណ៍ ជាហេតុធ្វើឱ្យការចេញផ្សាយនូវព័ត៌មានមួយចំនួន ធ្វើឡើងមិនបានគ្រប់ជ្រុងជ្រោយ និងអាចប៉ះពាល់ដល់សិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ដែលបញ្ហានេះគឺជាការទទួលខុសត្រូវចំពោះជនរងគ្រោះ និងអាចឈានដល់ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ នៅក្នុងសញ្ញាណជាបទបរិហារកេរ្តិ៍តាមសារព័ត៌មាន ។
ដើម្បីយល់ឱ្យកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទបរិហារកេរ្តិ៍តាមសារព័ត៌មាន» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងសាធារណជនដូចខាងក្រោម។
ការបរិហាកេរ្តិ៍ គឺជាសកម្មភាពដែលអះអាងមិនពិត បំផ្លើស ឬការទម្លាក់កំហុសនាំឱ្យខូចកិត្តិយសបុគ្គលឯកជន ឬស្ថាប័នណាមួយ ដែលអាចកើតមានគ្រប់រូបភាពទាំងការប្រើប្រាស់ពាក្យសំដី ផ្សព្វផ្សាយជាសាធារណៈ ឬតាមរយៈសារព័ត៌មាន ជាអាទិ៍ ។ នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣០៦ ក៏បានចែងអំពីបទល្មើសបរិហារកេរ្តិ៍តាមសារព័ត៌មាន ប៉ុន្តែមិនបានកំណត់សញ្ញាណជាក់លាក់ឡើយ ពោលសញ្ញាណនៃបទល្មើសប្រភេទនេះ គឺមានកំណត់នៅក្នុងច្បាប់ពិសេស គឺច្បាប់ស្តីពីរបបសារព័ត៌មាន។ ជាក់ស្ដែង ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលប្រកាសឱ្យប្រើ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ បានធានានូវការបើកចំហសេរីភាពបញ្ចេញមតិសម្រាប់សារព័ត៌មាន និងសេរីភាពខាងបោះពុម្ពផ្សាយ ដើម្បីឱ្យស្របតាម មាត្រា ៣១ និងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ដែលកំណត់អំពីសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ។
ច្បាប់ស្ដីពីរបបសារព័ត៌មានក៏បានចែងអំពីក្រមសីលធម៌ និងបានកម្រិតសិទ្ធិរបស់អ្នកសារព័ត៌មានក្នុងការបោះពុម្ពផ្សាយ ជាផ្លូវការ មិនអាចត្រូវផ្តន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះមានលក្ខណៈសមស្របតាមសភាពពេញលេញ ឬសេចក្តីសង្ខេបត្រឹមត្រូវតាមរឿងពិតអង្គហេតុជាក់ស្តែង ។
ប៉ុន្តែប្រសិនបើការផ្សព្វផ្សាយនោះមិនពិត អង្គហេតុមិនច្បាស់លាស់ បំផ្លើស ឬក្នុងន័យមួលបង្កាច់ដល់នរណាម្នាក់ នោះអ្នកសារព័ត៌មានត្រូវទទួលខុសត្រូវរាល់សំណងផ្សេងៗជាប្រាក់ ឬធ្វើការកែតម្រូវអត្ថបទព័ត៌មាននោះ តាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដូចដែលមាត្រា ១០ នៃច្បាប់នេះបានបញ្ញត្តិថា «ជនណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌មានណាមួយដែលមានលក្ខណៈខុសពីការពិត ធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន មានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះធ្វើការកែតម្រូវ ឬមានសិទ្ធិឆ្លើយតប និងធ្វើបណ្តឹងពីបទបរិហាកេរ្តិ៍ ពីបទមួលបង្កាច់ ឬពីបទជេរប្រមាថ ចំពោះការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ (៧ថ្ងៃ) យ៉ាងយូរ ឬនៅលេខបន្ទាប់ក្រោយពីបានទទួលការទាមទារឱ្យកែតម្រូវ ឬ ឆ្លើយតប»។
ម៉្យាងវិញទៀត ប្រសិនបើតុលាការរកឃើញថា ការផ្សាយណាមានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើម បណ្តឹងរដ្ឋប្បវេណី តុលាការអាចបង្គាប់ឱ្យសារព័ត៌មាននោះ៖
*ចុះផ្សាយនូវការកែតម្រូវ ឬ
*សងជំងឺចិត្ត ឬ
*ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជំងឺចិត្តផង ។
អត្ថបទកែតម្រូវដែលអ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សាយនៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នានិងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទធ្វើឱ្យខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គេ ។ លើសពីនេះទៅទៀត តុលាការរអាចផ្តន្ទាទោសពិន័យជាប្រាក់ពីមួយលានរៀល (១.០០០.០០០ រៀល)ទៅ ប្រាំលានរៀល (៥.០០០.០០០ រៀល) ទៀតក៏បាន ។ ដោយឡែក ក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខណ្ឌខាងលើ តុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកន្លែងទាំងឡាយ ដែលតុលាការនឹងបញ្ជាក់ ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌មានមួយ ឬច្រើន និងឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយទាំងអស់ដោយកម្រិតត្រឹម មួយលានរៀល (១.០០០.០០០ រៀល) យ៉ាងច្រើនបំផុត ។
សរុបសេចក្តីមក សេរីភាពសារព័ត៌មានត្រូវបានផ្ដល់ឱ្យយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយ ក្នុងរូបភាពជាច្រើនបែបច្រើនយ៉ាង ប៉ុន្តែទោះបីជាការផ្សព្វផ្សាយសារព័ត៌មាននោះក្នុងរូបភាពណាក៏ដោយ អ្នកសារព័ត៌មានគួរតែប្រុងប្រយ័ត្ន ជៀសវាងការផ្សព្វផ្សាយ រាយការណ៍ ឬធ្វើសេចក្តីថ្លែងការណ៍ព័ត៌មានណាមួយ ដែលមានលក្ខណៈបំផ្លើស បាត់ព័ត៌មានពីប្រភពដើម ឬដែលអាចនឹង ឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។
ផ្ទុយទៅវិញ ប្រសិនបើមានការបំពាន បុគ្គលរងគ្រោះ ឬបាត់បង់ផលប្រយោជន៍ អាចអនុវត្តសិទ្ធិក្នុងការការពារផលប្រយោជន៍របស់ខ្លួន ស្របតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីរបបសារព័ត៌មាន ។
យ៉ាងណាក៏ដោយ យើងមើលឃើញថា ការបរិហារកេរ្តិ៍តាមសារព័ត៌មាន នេះពុំមានការផ្តនា្ទទោសដាក់ពន្ធនាគារទេ គឺត្រឹមតែពិន័យជាសំណងជម្ងឺចិត្ត និងការចុះផ្សាយឡើងវិញ ជាលក្ខណៈកែតម្រូវជាសាធារណៈតែប៉ុណ្ណោះ។
រៀបរៀងដោយ៖ កញ្ញា គន្ធ វិជិតា និងកញ្ញា ឃាន លក្ខិណា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៦ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕

