យល់ដឹងផ្នែកច្បាប់៖ អនុប្បយោគ
28-07-2024 18:44
(ភ្នំពេញ)៖ នៅក្នុងរបបគតិយុត្តកម្ពុជា រដ្ឋបានកំណត់ទ្រព្យសម្បត្តិរបស់រដ្ឋជាពីរ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុនៃការលក់ ការដូរ ការដាក់ប្រាតិភោគ ប្រទានកម្ម អច្ច័យទាន សម្បទានដី រឹបអូស និងពុំមានអាជ្ញាយុកាលនោះទេ ប៉ុន្តែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អាចជាកម្មវត្ថុនៃការជួល ការធ្វើសម្បទានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានគ្រប់គ្រងសេវាសាធារណៈ លើកលែងតែទ្រព្យសម្បត្តិដែលមានលក្ខណៈជាបេតិកភណ្ឌវប្បធម៌ជាតិ ។
ក្នុងករណីដែលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបាត់បង់ផលប្រយោជន៍សាធារណៈ ឬលែងជាកម្មវត្ថុនៃការបម្រើសេវាសាធារណៈ អាចក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈនីតិវិធីនៃការធ្វើអនុប្បយោគ ។
តើអ្វីទៅជាអនុប្បយោគ?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះនឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។
មុននឹងឈានដល់ការបង្ហាញអំពី អនុប្បយោគ យើងគប្បីយល់ដឹងបន្ថែមពីប្រភពនៃទ្រព្យសម្បត្តិរដ្ឋជាមុនសិន ដោយទ្រព្យសម្បត្តិទាំងនោះអាចកើតឡើងតាមធម្មជាតិ ឬបង្កើតឡើងដោយមនុស្សជាតិ ក្រោមទម្រង់ជាចលនទ្រព្យ ឬអចលនទ្រព្យ រូបី ឬអរូបី ហើយមិនមែនជាកម្មសិទ្ធិឯកជនឡើយ ។ ទ្រព្យសម្បត្តិដោយធម្មជាតិ ជាទ្រព្យសម្បត្តិរបស់រដ្ឋដែលកើតឡើងតាមធម្មជាតិ មានដូចជា ដីធ្លី ទឹក ខ្យល់ អាកាស កោះ សមុទ្រ បាតសមុទ្រ ធនធានក្រោមបាតសមុទ្រ ឆ្នេរសមុទ្រ ភ្នំ ជ្រោះភ្នំ ព្រៃឈើ ទន្លេ ព្រែក ស្ទឹង បឹង រ៉ែគ្រប់ប្រភេទ ប្រភពទឹក ធនធានជលផល ធនធានព្រៃឈើ និងប្រភពធនធានធម្មជាតិផ្សេងៗទៀតដែលស្ថិតនៅក្នុងដី លើដី ឬក្រោមដីនៃដែនគោក ដែនទឹក និងដែនអាកាស ព្រមទាំងធនធានធម្មជាតិដទៃទៀត ដែលស្ថិតនៅក្រោមអធិបតេយ្យភាព និងឬយុត្តាធិការនៃព្រះរាជាណាចកក្រកម្ពុជា ។
ចំណែកឯទ្រព្យសម្បត្តិរដ្ឋដោយមនុស្សជាតិ ជាទ្រព្យសម្បត្តិរដ្ឋដែលបង្កើតឡើងដោយអំពើរបស់មនុស្សមានជាអាទិ៍ ទ្រព្យសម្បត្តិដែលជាបេតិកភណ្ឌវប្បធម៌ សំណង់ប្រវត្តិសាស្រ្ត រមណីយដ្ឋានប្រវត្តិសាស្រ្ត សំណង់សាសនា ប្រាង្គប្រាសាទ សិលាចារឹក មូលដ្ឋានការពារប្រទេស និងទ្រព្យសម្បត្តិដែលទទួលបានតាមរយៈលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ ដោយប្រើប្រាស់ ឬមិនប្រើប្រាស់ថវិការដ្ឋ មានដូចជា ការទិញ ការដូរ អស្សាមិករណ៍ ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ការរឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ ព្រមទាំងទ្រព្យសម្បត្តិដែលរដ្ឋទទួលបានដោយមធ្យោបាយស្របច្បាប់ផ្សេងទៀត ។
ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាទ្រព្យសម្បត្តិដែលបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈ រីឯទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាទ្រព្យសម្បត្តិដែលមិនស្ថិតក្នុងប្រភេទទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនមានលក្ខណៈសម្បត្តិក្នុងការបម្រើសេវាសាធារណៈ លែងជាប្រយោជន៍ក្នុងការបម្រើសេវាសាធារណៈ មិនមែនជាការប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន និងមិនស្ថិតក្នុងប្រភេទកម្មសិទ្ធិឯកជន ។ ប្រសិនបើទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ លែងបម្រើឱ្យប្រយោជន៍សាធារណៈ នោះអាចធ្វើការផ្លាស់ប្តូរនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមនីតិវិធីនៃការធ្វើអនុប្បយោគ ។
អនុប្បយោគជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ចំពោះទ្រព្យសម្បត្តិសាធារណៈដែល៖
*នៅទំនេរ លែងជាតម្រូវការនៃផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាសាធារណៈ
*បាត់បង់លក្ខណៈសម្បត្តិក្នុងការបម្រើប្រយោជន៍សាធារណៈ
*លែងជាការប្រើប្រាស់ដោយផ្ទាល់ ដោយសាធារណជន
អនុប្បយោគ ធ្វើឡើងក្នុងគោលបំណងប្រើប្រាស់ឱ្យអស់ពីលទ្ធភាពនូវទ្រព្យសម្បត្តិរបស់រដ្ឋទាំងឡាយណាដែលលែងបម្រើ ឬបាត់បង់ការប្រើប្រាស់ដល់ប្រយោជន៍សាធារណៈ រួមទាំងលក្ខខណ្ឌដូចមានបញ្ជាក់ខាងលើ ហើយនៅពេលដែលទ្រព្យទាំងនោះបានផ្លាស់ប្តូរមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋរួចរាល់ នោះរដ្ឋអាចទាញយកអត្ថប្រយោជន៍តាមរយៈ ការលក់ ការដូរ និងការធ្វើប្រទានកម្ម ដោយគោរពតាមបទប្បញ្ញត្តិ និងនីតិវិធីជាធរមាន ។
បន្ថែមពីនេះ ចំពោះចំណូលពីការគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវបង់ចូលគណនីទោលរបស់រតនាគារជាតិ ឬគណនីរបស់ធនាគារដៃគូ ដោយមិនអាចដកចំណូលនេះមួយផ្នែកណា យកទៅកាត់កងដោយត្រង់ជាមួយចំណាយ ឬរក្សាទុកបានឡើយ ។ ផ្ទុយទៅវិញ ចំពោះទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានតម្រូវការនៃការបម្រើផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាសាធារណៈ នោះត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈការធ្វើអធិប្ប យោគ ។
សរុបរួមមក អនុប្បយោគជាការធ្វើចំណាត់ថ្នាក់ឡើងវិញ លើទ្រព្យសម្បត្តិរបស់រដ្ឋ ដែលនាំឱ្យមានការផ្លាស់ប្តូរ
ឋានៈពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីយកមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព និងដើម្បីទាញយកអត្ថប្រយោជន៍មកបម្រើដល់ជាតិ ។ ក្នុងករណីទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មានតម្រូវការនៃការបម្រើផលប្រយោជន៍សាធារណៈ នោះអាចត្រូវធ្វើចំណាត់ថ្នាក់ឡើងវិញ មកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈការធ្វើអធិប្បយោគ ។
រៀបរៀងដោយលោកមេធាវី ម៉េង វណ្ណី និងកញ្ញា ថន រ៉ាវ៉ាឌី សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល [email protected] គេហទំព័រ (http://www.cicfirm.com/)www.cicfirm.com (http://www.cicfirm.com/) ហ្វេសប៊ុកផេក Cambodia International Cooperation Law Firm ៕
