ក្លិបជប៉ុន Yokohama F Marinos ដកលោក Kewell ចេញពីតំណែង
17-07-2024 08:22
(តូក្យូ)៖ ក្លិបជប៉ុនដែលកំពុងជួបការលំបាក Yokohama F Marinos បានបណ្តេញអ្នកចាត់ការ Harry Kewell ចេញពីតំណែង បន្ទាប់ពីកាន់តួនាទីនេះបានជាង ៧ខែ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ការចាកចេញរបស់អតីតខ្សែបម្រើស្លាបក្លិប Liverpool រូបនេះ បានកើតឡើងមិនដល់ ២ខែនោះទេ បន្ទាប់ពី Yokohama បានចាញ់ក្លិប AI Ain ក្នុងវគ្គផ្តាច់ព្រ័ត្រ Asian Champions League។
បុរសវ័យ ៤៥ឆ្នាំ Kewell ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិបកាលពីចុងខែធ្នូឆ្នាំមុន ស្នងតំណែងពីលោក Kevin Muscat និងជាជនជាតិអូស្ត្រាលីទី៣ ជាប់គ្នាហើយ ដែលបានកាន់តំណែងនៅក្លិបនេះ។
អ្នកចាត់ការមុន គឺលោក Ange Postecoglou និងលោក Muscat បានដឹកនាំក្លិប Marinos ដណ្តើមបានពានរង្វាន់លីគកំពូល J.League ក្នុងឆ្នាំ២០១៩ និង២០២២ ប៉ុន្តែទម្រង់លេងរបស់ក្លិប ស្ថិតក្រោមការដឹកនាំរបស់លោក Kewell មានភាពមិនស៊ីសង្វាក់គ្នានោះទេ ហើយពួកគេបច្ចុប្បន្ន កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១២ ក្នុងតារាងលីគ ដាច់ ២០ពិន្ទុតាមពីក្រោយក្លិប Machida Zelvia។
សូមជម្រាបថា លោក John Hutchinson នឹងដឹកនាំក្រុមបណ្តោះអាសន្ន៕

