FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ បទទ្វេពន្ធភាព

18-02-2024 16:10

(ភ្នំពេញ)៖ មនុស្សគ្រប់រូបនៅពេលដែលពេញវ័យ តែងតែស្វែងរកគូស្រករ ឬក៏មានការផ្សំផ្គុំពីឪពុកម្ដាយ ចាស់ព្រឹទ្ធាចារ្យ ដើម្បីរៀបអាពាហ៍ពិពាហ៍ បង្កើតជាគ្រួសារមួយ និងរស់នៅដោយសុភមង្គល។ ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី គឺជាទំនៀមទម្លាប់មួយដែលមានតាំងពីបុរាណមក ដែលប្រជាជនខ្មែរទទួលស្គាល់ និងជាសីលធម៌សង្គមផងដែរ ហើយក៏ជាសារប្រកាសជាសាធារណៈថា បុរស និងនារីនោះគឺជាស្វាមីភរិយានឹងគ្នាដោយមានការដឹងឮពីសាធារណជន និងសាច់ញាតិ បងប្អូនជាដើម ។

ការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ទំនៀមទម្លាប់ ឬពិធីតាមបែបសាសនាណាមួយ មិនមានអានុភាពតាមផ្លូវច្បាប់ និងទំនាក់ទំនងគតិយុត្តរវាងភាគីទាំងពីរនោះទេ ហេតុនេះទើបច្បាប់បានតម្រូវឱ្យបុរសនារីចាំបាច់ត្រូវចុះបញ្ជីអាពាហ៍ពិពាហ៍ «អេតាស៊ីវិល» នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន ទើបក្លាយជាបី្តប្រពន្ធស្របច្បាប់ ។
នៅពេលដែលបុគ្គលម្នាក់បានរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់រួច តើបុគ្គលនោះអាចធ្វើការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ម្ដងទៀតបានដែរឬទេ ?

ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “បទទ្វេពន្ធភាព” មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម៖

បុរសនារីដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍តាមនីតិវិធីរួច ទើបក្លាយជាប្តីប្រពន្ធស្របច្បាប់និងត្រូវគោរពស្រលាញ់គ្នាទៅវិញទៅមក និងមានភាពស្មោះត្រង់ចំពោះគ្នា ។ ក្នុងន័យនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤៥ កថាខណ្ឌ ៤ ក៏បានបញ្ញត្តិថា «អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយប្រពន្ធមួយ»

ក្នុងករណីបើបុគ្គលម្នាក់បានរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់រួច ហើយធ្វើការរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ម្ដងទៀត ដោយអាពាហ៍ពិពាហ៍តាមច្បាប់មុនមិនទាន់រំលាយ បុគ្គលម្នាក់នេះបានប្រព្រឹត្តបទទ្វេពន្ធភាព ដែលសំដៅដល់ចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរ ឯស្រ្ដីមានប្ដីពីរ ។

បទទ្វេពន្ធភាព បានបញ្ញត្តិនៅក្នុងមាត្រា ៣៥០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យ ជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល អំពើដែលចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មី មុនការរំលាយអាពាហ៍ពិពាហ៍ចាស់ ។ ត្រូវផ្តន្ទាទោសដូចគ្នា ចំពោះមន្រ្តីអត្រានុកូលដ្ឋានដែលដឹងហេតុការណ៍នោះច្បាស់ នៅតែអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ ឬចុះបញ្ជីអាពាហ៍ពិពាហ៍នេះ មុនការរំលាយអាពាហ៍ពិពាហ៍ចាស់»

សរុបមក ទេ្វពន្ធភាព គឺជាចំណងអាពាហ៍ពិពាហ៍តាមច្បាប់ (ចុះបញ្ជីអាពាហ៍ពិពាហ៍) ដែលបុរសមានប្រពន្ធពីរ ឯស្រ្តីមានប្តីពីរ ហើយត្រូវចាត់ទុកថាមានពិរុទ្ធ ចំពោះបុរស ឬស្រ្តីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត ៕

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក លី លីនដូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕