Amazon សាងសង់មជ្ឈមណ្ឌលទិន្នន័យផ្តល់សេវាកម្ម Cloud ពីរបន្ថែមទៀតនៅអាមេរិក មានតម្លៃប្រមាណ ១០ពាន់លានដុល្លារ
26-01-2024 10:31
(បរទេស)៖ ថ្មីៗនេះអង្គភាព Amazon Web Services ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Amazon បានប្រកាសពីគម្រោងនិយោគដែលមានតម្លៃប្រមាណ ១០ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យចំនួនពីរនៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ ខណៈដើមទុនវិនិយោគលើកនេះត្រូវបានគេកត់សម្គាល់ថា ជាការវិនិយោគដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ Mississippi។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា គម្រោងវិនិយោគថ្មីរបស់ AWS នេះគឺផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាព Cloud Service ខណៈពេលដែលក្រុមហ៊ុនយក្សជាច្រើនជុំវិញពិភពលោកកំពុងតែងាកទៅទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ គិតត្រឹមការវិវត្តន៍បច្ចេកវិទ្យា AI មួយរយៈចុងក្រោយនេះគេសម្លឹងឃើញថា មានអាជីវកម្មជាច្រើនដែលកំពុងតែរងផលប៉ះពាល់ ប៉ុន្តែមានតែក្រុមហ៊ុនចំនួនបីប៉ុណ្ណោះដែលគេរំពឹងថា អាចនឹងគ្រប់គ្រងស្ថានការណ៍នៃការធ្លាក់ចុះនេះបានល្អក្នុងនោះរួមមាន Amazon Web Service (AWS), Google Cloud និង Microsoft Azure ជាដើម។
តាមការបញ្ជាក់គម្រោងសាងសង់នេះ នឹងមានទីតាំងនៅក្នុងសួនឧស្សាហកម្ម Madison County ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារបច្ចេកវិទ្យាថ្មីដែលមានប្រាក់ខែខ្ពស់យ៉ាងហោចណាស់មានរហូតដល់ទៅ ១,០០០តួនាទីឯណោះ។ ជាងនេះទៅទៀត វាក៏នឹងគាំទ្រដល់ការបណ្តុះបណ្តាលអប់រំថ្មីៗនៅក្នុងរដ្ឋ ដែលអាចបង្កើនកម្លាំងពលកម្មបច្ចេកវិទ្យាផងដែរ។
គួរជម្រាបដែរថា ការវិនិយោគលើកនេះគឺ ជាផែនការពង្រីកទីតាំងដែលមានស្រាប់របស់ AWS នៅក្នុងរដ្ឋ Mississippi ជាក់ស្តែងកាលពីឆ្នាំ២០១០ កន្លងទៅ Amazon ធ្លាប់បានប្រកាសថា ខ្លួនបានវិនិយោគនៅក្នុងរដ្ឋនេះរួចទៅហើយដែលមានតម្លៃប្រមាណ ២.៣ពាន់លានដុល្លារ៕








