យល់ដឹងផ្នែកច្បាប់៖ សិទ្ធិចេញចូលដីបិទជិត
21-01-2024 13:42
(ភ្នំពេញ)៖ ដីបិទជិត ត្រូវបានក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យនិយមន័យថា គឺជា ដីដែលព័ទ្ធជុំវិញដោយដីរបស់អ្នកដទៃ ហើយគ្មានច្រកចេញទៅផ្លូវសាធារណៈ និង ដីដែលមានច្រកចេញនោះ មិនគ្រប់គ្រាន់ ហើយមានឧបសគ្គដ៏ខ្លាំងដើម្បីប្រើប្រាស់ដីនោះសម្រាប់ការធ្វើកសិកម្ម ឬ ឧស្សាហកម្ម ។ ចំពោះដីបិទជិត ដោយសារតែគ្មានច្រកចេញទៅផ្លូវសាធារណៈ ឬក៏ដីនោះមានច្រកចេញដែរ តែច្រកចេញនោះមិនគ្រប់គ្រាន់ ដែលជាហេតុបង្កឱ្យមានភាពលំបាកក្នុងការប្រើប្រាស់ដីនោះ ហេតុនេះហើយបានជាតែងតែមាននូវចម្ងល់ ដោយបង្កើតជាសំនួរអំពីការចេញចូលដីបិទជិតនេះលើកឡើងថា តើកម្មសិទ្ធិករនៃដីបិទជិត ត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីអាចធ្វើការចេញចូលពីផ្លូវសាធារណៈទៅកាន់ដីរបស់ខ្លួនបាន ។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី «សិទ្ធិចេញចូលដីបិទជិត» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សត ដូចខាងក្រោម។
ដោយយោងតាមក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិករនៃដីបិទជិត គឺមានសិទ្ធិស្នើសុំឆ្លងកាត់ដីអ្នកជិតខាងបាន ក៏ប៉ុន្តែត្រូវបង់ប្រាក់សំណង តាមការខូចខាត ជូនកម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់នោះ ។
ជាគោលការណ៍ សិទ្ធិឆ្លងកាត់នេះ ត្រូវតែរៀបចំតាមទិស ឬ ផ្លូវដែលមានចម្ងាយជិតបំផុត ពីដីបិទជិតទៅកាន់ផ្លូវសាធារណៈ ហើយសិទ្ធិឆ្លងកាត់នេះត្រូវតែរៀបចំនៅកន្លែងណាដែលមានការខូចខាតតិចបំផុតសម្រាប់កម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់នោះ ។ ក្នុងករណីប្រសិនបើការចរចាស្ដីពីសិទ្ធិឆ្លងកាត់នេះ រវាងកម្មសិទ្ធិករនៃដីបិទជិតជាមួយអ្នកជិតខាង មិនបានសម្រេចនូវលទ្ធផលល្អទេ នោះអ្នកដែលមានសិទ្ធិក្នុងការសម្រេច គឺមានតែតុលាការតែប៉ុណ្ណោះ ហេតុនេះនៅពេលដែលគូភាគីធ្វើការចរចាមិនត្រូវគ្នា នោះគូភាគីអាចធ្វើការដាក់ពាក្យសុំឱ្យតុលាការជាអ្នកសម្រេចសេចក្ដីលើករណីនេះបាន ។
គួរបញ្ជាក់ផងដែរថា កម្មសិទ្ធិករនៃដីបិទជិត ក៏មានសិទ្ធិក្នុងការមិនបង់ប្រាក់សំណង ជូនកម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់បានផងដែរ ក៏ប៉ុន្តែករណីបែបនេះ លុះត្រាតែដីបិទជិតនោះ កើតឡើងពីការបែងចែកដីតាមរយៈការលក់ ការដូរ ការចែកមត៌ក ឬ កិច្ចសន្យាផ្សេងទៀត ហើយក្រោយពីការបែងចែកនោះ មានសល់នូវដី ។ ដូច្នេះកម្មសិទ្ធិករនៃដីបិទជិត គឺមានសិទ្ធិឆ្លងកាត់ និងអាចធ្វើការស្នើសុំ ដើម្បីទុកដីដែលនៅសល់ក្រោយពីការបែងចែកតាមរយៈរូបភាពខាងលើនោះ ធ្វើជាច្រកចេញចូលបាន ដោយមិនចាំបាច់ធ្វើការទិញ ឬផ្ដល់សំណងផ្សេងៗ ជូនកម្មសិទ្ធិករនៃដីដែលទទួលបន្ទុកឱ្យឆ្លងកាត់ឡើយ ។
ជាឧទាហរណ៍ ក្នុងករណី កម្មសិទ្ធិករនៃដីស្រែមួយកន្លែងបានធ្វើការបែងចែកដីនោះសម្រាប់លក់បន្ត ដោយធ្វើការបំបែកក្បាលដីមួយ ទៅជាក្បាលដីតូចៗ ចំនួន ០៣ ដោយ ដីចំនួន ០២ មានច្រកចេញចូលដី តែដីដែលនៅក្រោយគេពុំមានច្រកចេញចូលនោះទេ ។ ចំពោះដីស្រែដែលគាត់បានបែងចែកលក់ឱ្យទៅអ្នកទិញបន្តសម្រាប់ប្រើប្រាស់ដីនោះក្នុងគោលបំណងកសិកម្ម គឺនៅសល់ចំហៀងដី ទំហំ ទទឹង ៤ម៉ែត្រ និងបណ្ដោយ ១៥ម៉ែត្រ ដោយជាប់នឹងផ្លូវសាធារណៈ ។ ដីមានច្រកចេញចូល កម្មសិទ្ធិករនៃដី បានលក់ឱ្យទៅមនុស្សពីរនាក់ផ្សេងគ្នា ហើយចំណែកឯដីដែលមានទីតាំងនៅក្រោយគេដែលមិនមានច្រកចេញចូលនោះ គឺបានលក់ទៅឱ្យបុគ្គលម្នាក់ផ្សេងទៀត ។ បុគ្គលដែលធ្វើការទិញដីក្រោយគេ ដោយមានស្ថានភាពជាដីបិទជិត ហើយមានឧបសគ្គក្នុងការប្រើប្រាស់ដី ដោយសារតែមិនមានច្រកចេញចូល ដែលកើតឡើងតាមរយៈការបែងចែកដីលក់ក្នុងរូបភាពដូចបានលើកឡើងខាងលើនេះ អាចធ្វើការស្នើសុំ ទៅកាន់កម្មសិទ្ធិករនៃដី ដើម្បីទុកដីដែលនៅសល់ពីការបែងចែកតាមរយៈរូបភាពនេះ ទុកជាច្រកចេញចូលបាន ដោយមិនចាំបាច់ធ្វើការទិញ ឬផ្ដល់សំណងផ្សេងៗ ជូនកម្មសិទ្ធិករនៃដីឡើយ ។
ចំពោះករណីឧទាហរណ៍ខាងលើនេះ ប្រសិនបើការស្នើសុំបើកច្រកចេញចូលនេះ ត្រូវបានបដិសេធដោយកម្មសិទ្ធិករនៃដីនោះ ហេតុនេះកម្មសិទ្ធិករនៃដីបិទជិត អាចដាក់ពាក្យសុំទៅតុលាការដើម្បីឱ្យតុលាការជាអ្នកសម្រេច លើករណីនេះបាន ។
សរុបជារួមមក សិទ្ធិចេញចូលដីបិទជិត គឺជាសិទ្ធិមួយដែលជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិករនៃដីបិទជិតក្នុងការឆ្លងកាត់ដីអ្នកដទៃ ដើម្បីចេញចូលពីដីរបស់ខ្លួនទៅកាន់ផ្លូវសាធារណៈ ក្នុងគោលបំណងប្រើប្រាស់ដីនោះជាប្រយោជន៍ ។ ម្យ៉ាងវិញទៀត ថ្វីត្បិតតែកម្មសិទ្ធិករនៃដីបិទជិតត្រូវបានច្បាប់ផ្ដល់សិទ្ធិឱ្យមានសិទ្ធិចេញចូលដីទៅផ្លូវសាធារណៈ ដោយឆ្លងកាត់ដីអ្នកដទៃក៏ពិតមែន ក៏ប៉ុន្តែកម្មសិទ្ធិករនៃដីបិទជិតក៏ត្រូវគោរពនូវលក្ខខណ្ឌច្បាប់ដូចដែលបានលើកឡើងខាងលើផងដែរ ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក រៀម គីមឡេង សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/ ០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com (http://www.cicfirm.com/) ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕

