MedCREATE សហការជាមួយមន្ទីរពេទ្យមួយទៀតនៅថៃ ដើម្បីពង្រីកការផ្តល់សេវាព្យាបាលជំងឺឱ្យកាន់តែទូលំទូលាយដល់អ្នកជំងឺដែលចង់ស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស (Video indide)
21-01-2024 07:53
(ភ្នំពេញ)៖ MedCREATE ដែលជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា បានបន្តពង្រីកការសហការជាមួយមន្ទីរពេទ្យមួយទៀតនៅប្រទេសថៃ ដើម្បីពង្រីកការផ្តល់សេវាឱ្យកាន់តែទូលំទូលាយដល់ប្រជាជនកម្ពុជា ដែលមានបំណងស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស។
ថ្លែងនៅក្នុងសិក្ខាសាលា ដើម្បីចែករំលែកចំណេះដឹងសុខភាពដល់ប្រជាជនកម្ពុជា និងពិធីចុះហត្ថលេខាលើកិច្ច សហការរវាង MedCREATE ជាមួយមន្ទីរពេទ្យ ផ្យ៉ាថៃស្រ៊ីរ៉ាឆា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ លោក រ័ត្ន សុខចាន់ នាយកប្រតិបត្តិផ្នែក ទីផ្សារ និងអាជីវកម្ម នៃការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា MedCREATE បានឱ្យដឹងថា MedCREATE តែងតែសិក្សាយ៉ាងល្អិតល្អន់ និងស្វែងរកនូវដៃគូរមន្ទីរពេទ្យដែលមានគុណភាព និងសេវាកម្មល្អ សម្រាប់ផ្តល់ការព្យាបាលនូវប្រភេទជំងឺទាំងធ្ងន់ និងស្រាល និងការសង្រ្គោះបន្ទាន់។
លោកបន្ថែមថា អ្វីដែលជំរុញឱ្យ MedCREATE សហការជាមួយមន្ទីរពេទ្យ ផ្យ៉ាថៃស្រ៊ីរ៉ាឆា ដោយមន្ទីរពេទ្យនេះ មានជំនាញឯកទេសទៅលើផ្នែកវះកាត់កែសម្ផស្ស និងឯកទេសផ្នែកការពារភាពចាស់(Anti- aging ) ព្រមទាំង ផ្នែកបង្កកំណើត និងផ្នែកឆ្អឹង ខណៈតម្លៃ និងសេវាកម្មរបស់មន្ទីរពេទ្យនេះ សាកសមសម្រាប់លទ្ធភាពប្រជាជនកម្ពុជា ដែលចង់បានសម្រស់ស្រស់ស្អាត ក្នុងតម្លៃមួយសមរម្យ និងទទួលបាននូវប្រសិទ្ធភាពព្យាបាលខ្ពស់។
MedCREATE ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដែលមកទល់បច្ចុប្បន្ននេះ បានធ្វើការសហការជាមួយមន្ទីរពេទ្យនានាប្រមាណជិត៣០ នៅប្រទេសចំនួន៤ រួមមានប្រទេសថៃចំនួន១២មន្ទីរពេទ្យ ប្រទេសឥណ្ឌាចំនួន១មន្ទីរពេទ្យ ប្រទេសសិង្ហបុរីចំនួ២មន្ទីរពេទ្យ និងប្រទេសម៉ាឡេស៊ីចំនួន១៣មន្ទីរពេទ្យ។
លោក រ័ត្ន សុខចាន់ បានឱ្យដឹងថា MedCREATE មានផ្តល់សេវាប្រឹក្សាយោបល់ផ្សេងៗអំពីការព្យាបាល និងពិនិត្យសុខភាព ការសិក្សាខ្ទង់ចំណាយក្នុងមន្ទីរពេទ្យ ការណាត់ជួបវេជ្ជបណ្ឌិតឯកទេស ការរៀបចំសេវារថយន្ត សេវាបកប្រែ និងស្វែងរកមន្ទីរពេទ្យដៃគូរ ដែលត្រូវនឹងស្ថានភាពជំងឺ។ ដោយឡែកសម្រាប់អ្នកជំងឺសង្រ្គោះបន្ទាន់វិញ Med CREATE នឹងផ្តល់នូវសេវារថយន្ត និងយន្តហោះសង្រ្គោះបន្ទាន់ផងដែរ។
ជាមួយគ្នានេះ MedCREATE ក៏មានសេវាកម្មបន្ថែម ដូចជាការជួយទិញថ្នាំបន្ត ជួបវេជ្ជបណ្ឌិតតាមវីដេអូ សម្របសម្រួលការធ្វើលិខិតឆ្លងដែន ទិញសំបុត្រយន្តហោះ កក់សណ្ឋាគារ និងសេវាកម្មផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណា ផ្តល់ភាពងាយស្រួលដល់អ្នកជំងឺ ឱ្យទទួលបានសេវាព្យាបាលលឿនរហ័ស និងមានគុណភាព។
លោកបានបញ្ជាក់ថា៖ «ជាការពិតណាស់សេវាកម្មដែលយើងផ្តល់ជូន គឺជួយបានច្រើនទៅលើប្រជាជនកម្ពុជាយើង ជាពិសេសគឺខ្ទង់ចំណាយរបស់គាត់ ព្រោះប្រសិនបើគាត់ទៅព្យាបាលខ្លួនឯងគាត់ត្រូវចំណាយពេលក្នុងការស្រាវជ្រាវរកមន្ទីរនៅឯក្រៅប្រទេស។ ហើយចំណុចទី២ សម្រាប់ថវិកាដែលគាត់បានត្រៀមពេលខ្លះវាអាចខ្វះ ពេលខ្វះវាអាចលើស ហើយគាត់អាចនឹងខាតពេលវេលាក្នុងការរងចាំដុកទ័រ។ អ៊ីចឹងហើយ MedCREATE នឹងជួយសម្រួលគាត់ ដូចជាសិក្សាតម្លៃជូនគាត់ យើងរៀបចំការណាត់ជួបដុកទ័រ ដែលធានាបានថា ពេលគាត់ទៅពិនិត្យសុខភាព និងព្យាបាលគឺមិនខកខានក្នុងការជួបជាមួយដុកទ័រទេ ហើយអ្វីដែលសំខាន់សេវាកម្មទាំងនេះ គឺយើងមិនគិតថ្លៃពីពួកគាត់នោះទេ។ នេះហើយគឺជាគុណតម្លៃរបស់ MedCREATE ដែលយើងឈរជើងបានមកដល់ពេលនេះ»។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរសព្ទលេខ៖ ០៧០ ៩៩៣ ៩៨៨ និងសាកសួរព័ត៌មានផ្ទាល់នៅការិយាល័យដែលមានទីតាំង នៅផ្លូវលេខ៩៥ អាគារលេខ៧៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ៕












