បន្ទាប់ពីចូលក្នុងវិស័យ K-POP រយៈពេល៨ឆ្នាំ, ពេលនេះតារាចម្រៀង Cha Eun-woo ប្រកាសបញ្ចេញអាល់ប៊ុមលើកដំបូង
10-01-2024 10:55
(កូរ៉េ)៖ តារាចម្រៀងប្រុសកូរ៉េខាងត្បូង Cha Eun-woo នឹងចេញអាល់ប៊ុមទោលនៅឆ្នាំនេះ ពោលគឺប្រាំបីឆ្នាំ បន្ទាប់ពីបង្ហាញខ្លួន ជាសមាជិកក្រុម Astro។ លើសពីនេះ រូបគេមានបំណងសម្ដែងបទចម្រៀងថ្មីៗពីអាល់ប៊ុមនេះជាលើកដំបូងនៅលើឆាកប្រគំតន្ត្រីដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋាន Jamsil នៅថ្ងៃទី១៧ ខែកុម្ភៈ ខាងមុខផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
អ្នកគាំទ្រមានការរំពឹងថា នឹងស្តាប់បទចម្រៀងទាំងនេះ ក្នុងការប្រគំតន្ត្រីនាពេលខាងមុខ របស់តារាចម្រៀងរូបនេះ តាមរយៈដំណើរប្រគំតន្ត្រី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ខែកុម្ភៈ នៅកីឡដ្ឋាន Jamsil Indoor ក្នុងទីក្រុងសេអ៊ូល ហើយនឹងមាននៅប្រទេសម៉ាឡេស៊ី ថៃ និងកន្លែងជាច្រើនទៀត។ គេនៅចាំបានថា Cha Eun Woo ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តជាមួយនឹងទេពកោសល្យក្នុងការច្រៀងរបស់គេតាមរយៈបទចម្រៀងភាពយន្តផ្សេងៗ រួមទាំងសម្រាប់រឿងភាគ «Gangnam Beauty» ហើយអាល់ប៊ុម ដែលត្រៀមចេញនាពេលខាងមុខនេះ នឹងជាស្នាដៃទោលដំបូងរបស់គេចាប់តាំងពីការបង្ហាញខ្លួនដំបូងជាមួយក្រុម ASTRO (អាស្ត្រូ) កាលពីប្រាំបីឆ្នាំមុន។
គួរជម្រាបថា តារាប្រុស Cha Eun Woo កំពុងទាក់ទាញអារម្មណ៍ទស្សនិកជនជាមួយនឹងការសម្ដែងជាបង្រៀនគណិតវិទ្យានៅក្នុងរឿងភាគ «A Lovely Day To Be A Dog» របស់ប៉ុស្តិ៍ MBC ដែលនឹងចាក់ផ្សាយវគ្គចុងក្រោយរបស់ខ្លួននៅថ្ងៃទី១០ ខែមករា។ លើសពីនេះ លោកនឹងមានរឿងភាគថ្មីមួយទៀតមានចំណងជើងថា «Wonderful World» ដែលគ្រោងនឹងចាក់បញ្ចាំងនៅខែមីនា៕







