FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ ការិយភារី

31-12-2023 17:06

(ភ្នំពេញ)៖ នៅក្នុងដំណើរការនៃសហគ្រាស ក៏ដូចជាដំណើរការនៃសកម្មភាពពាណិជ្ជកិច្ច សហគ្រិនអាចជ្រើសរើសកម្មករនិយោជិតមកបំពេញការងារឱ្យខ្លួនដោយផ្ទាល់ ឬតាមរយៈការិយភារី ពោលគឺការប្រើប្រាស់កម្លាំងពលកម្ម ដែលការិយភារីបានជ្រើសរើស ឬផ្ដល់ឱ្យខ្លួន ។ ការណ៍នេះ ជាភាពងាយស្រួលមួយសម្រាប់សហគ្រិន ដោយមិនចាំបាច់អនុវត្តកាតព្វកិច្ចដោយផ្ទាល់ជាមួយកម្មករនិយោជិតឡើយ លើកលែងតែការិយភារីដែលចុះកិច្ចសន្យាការងារជាមួយសហគ្រិននោះមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ។

តើការិយភារីជានរណា? ហើយទំនាក់ទំនងការងាររវាងការិយភារី ជាមួយសហគ្រិន និងកម្មករនិយោជិតមានលក្ខណៈដូចម្តេច?

ហេតុនេះ ដើម្បីឱ្យកាន់តែច្បាស់ សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការិយភារី» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចខាងក្រោម។

យោងតាមមាត្រា ៤៥ នៃច្បាប់ស្ដីពីការងារ ការិយភារី សំដៅដល់អ្នកទទួលការពីសហគ្រិន ជ្រើសរើសកម្មករហត្ថពលិកដោយខ្លួនឯងតាមត្រូវការ ដើម្បីប្រតិបត្តិការងារ ឬផ្តល់សេវាណាមួយដោយគិតថ្លៃសរុប ។ តាមន័យនេះ ការិយភារី អាចជារូបវន្តបុគ្គល ឬជានិតិបុគ្គល ដែលផ្តល់សេវាក្នុងការជ្រើសរើស ឬផ្ដល់កម្លាំងពលកម្មជូនសហគ្រិន ដោយការបញ្ចូនកម្មករហត្ថពលិករបស់ខ្លួនឱ្យទៅធ្វើការផ្ទាល់ជូនសហគ្រិន តាមរយៈកិច្ចសន្យាមួយ រវាងសហគ្រិនជាមួយការិយភារី ឬអាចមានន័យថា ជាអ្នកទទួលការងារ ឬទទួលសេវាបន្តពីសហគ្រិន (សហគ្រាសដើម) ដោយការងារ ឬសេវាដែលទទួលនោះ មានលក្ខណៈដូចគ្នា ឬប្រហាក់ប្រហែលទៅនឹងការងារ ឬសេវារបស់សហគ្រិន (សហគ្រាសដើម) ។

ឧទាហរណ៍ រោងចក្រ «ក» បានចុះកិច្ចសន្យាជាមួយរោងចក្រ «ខ» ដោយតម្រូវឱ្យរោងចក្រ «ខ» ជួយដេរសម្លៀកបំពាក់ដើម្បីបំពេញតម្រូវការបញ្ជាទិញរបស់រោងចក្រ «ក» (រោងចក្រ «ក» មានកំណើនការងារ) ។ ដូចនេះ រោងចក្រ «ខ» នឹងត្រូវចាត់ទុកថាជាការិយភារី ហើយកម្មករនិយោជិតរបស់រោងចក្រ «ខ» នឹងត្រូវចាត់ទុកថាជាកម្មករនិយោជិតដែលស្ថិតនៅក្រោមវិធានការងារ នៃការិយភារី ដូចមានចែងនៅក្នុងច្បាប់ស្ដីពីការងារ ។

ជាគោលការណ៍ ការិយភារីត្រូវគោរពច្បាប់ការងារដូចគ្នានឹងនិយោជកធម្មតាដែរ ហើយមិនត្រូវកេងប្រយោជន៍ពីកម្មករនិយោជិត ឬវាយបន្ថោកថ្លៃពលកម្មរបស់កម្មករនិយោជិតខ្លួនឡើយ ។ បន្ថែមពីនេះ ការិយភារីមានតួនាទីចុះកិច្ចសន្យាការងារដោយផ្ទាល់ជាមួយនឹងកម្មករនិយោជិតដែលត្រូវផ្តល់សេវា ឬកិច្ចការសកម្មដោយផ្ទាល់ជូនសហគ្រិន ចំណែកឯសហគ្រិនវិញ មិនចាំបាច់ចុះកិច្ចសន្យាការងារដោយផ្ទាល់ជាមួយកម្មករនិយោជិតឡើយ ប៉ុន្តែកម្មករនិយោជិតជាអ្នកមកធ្វើការដោយផ្ទាល់ជូនសហគ្រិន តាមរយៈកិច្ចសន្យាការងារជាមួយការិយភារី ។

ចំពោះទំនាក់ទំនងការងាររវាងការិយការី ជាមួយសហគ្រិន និងកម្មករនិយោជិត គឺជាកិច្ចសហការមួយ ក្នុងការជ្រើសកម្មករនិយោជិតឱ្យមកបំពេញការងារនៅសហគ្រាសរបស់សហគ្រិន ហើយសហគ្រិនមានកាតព្វកិច្ចទទួលខុសត្រូវជំនួសការិយភារី ក្នុងករណីដែលការិយភារីមិនបំពេញកាតព្វកិច្ចចំពោះកម្មករនិយោជិតដែលបានជ្រើសរើស ។ ការណ៍នេះជាយន្តការមួយ ក្នុងការការពារផលប្រយោជន៍របស់កម្មករនិយោជិត និងបង្ការកុំឱ្យសហគ្រិនគេចវេះពីការទទួលខុសត្រូវតាមផ្លូវច្បាប់ តាមរយៈការប្រើប្រាស់ការិយភារីនេះ ។ ម៉្យាងវិញទៀត ករណីកម្មករនិយោជិតមានការខូចប្រយោជន៍ ពួកគាត់ក៏អាចប្ដឹងដោយផ្ទាល់ទល់នឹងសហគ្រិនតែម្តងបាន ។

យោងតាមច្បាប់ស្ដីពីការងារ ការិយភារីត្រូវបិទប្រកាសបញ្ជាក់អំពីឋានៈរបស់ខ្លួន នៅទីណាដែលងាយមើល និងអានបាន ដូចជានៅក្នុងរោងជាង ភណ្ឌាគារ ឬការដ្ឋានធ្វើការនីមួយៗ និងបិទនៅអាសយដ្ឋានសហគ្រិន ដើម្បីឱ្យកម្មករនិយោជិតបានដឹង ។ ចំណែកឯសហគ្រិនវិញ ត្រូវកាន់កាប់ជាទៀងទាត់ នូវបញ្ជីរាយនាមការិយភារីដែលខ្លួនបានចុះកិច្ចសន្យាជាមួយសហគ្រាសរបស់ខ្លួន ដោយបញ្ជីនេះត្រូវមានបញ្ជាក់អំពីនាម អាសយដ្ឋាន និងឋានៈនៃការិយភារី ព្រមទាំងស្ថានភាពនៃទីកន្លែងធ្វើការនីមួយៗ ។

មិនតែប៉ុណ្ណោះ សហគ្រិនត្រូវប្រគល់បញ្ជីនេះ ជូនអធិការការងារក្នុងរយៈពេល ៧ ថ្ងៃ ក្រោយពីថ្ងៃចុះកិច្ចសន្យាជាមួយការិយភារី ។ ចំពោះសហគ្រាសកសិកម្ម សហគ្រិនត្រូវប្រគល់បញ្ជីនេះជូនអធិការការងារក្នុងរយៈពេល ១០ ថ្ងៃ ក្រោយពីថ្ងៃចុះកិច្ចសន្យាជាមួយការិយភារី ។

សរុបមក ការិយភារី គឺជារូបវន្តបុគ្គល ឬជានិតិបុគ្គល ដែលផ្តល់សេវាក្នុងការជ្រើសរើស ឬផ្ដល់កម្លាំងពលកម្មជូនសហគ្រិន តាមរយៈការបញ្ចូនកម្មករហត្ថពលិករបស់ខ្លួន ឱ្យទៅធ្វើការផ្ទាល់ជូនសហគ្រិន ដោយយោងតាមកិច្ចសន្យាជាមួយសហគ្រិននោះ ។ ការិយភារី ត្រូវមានកាតព្វកិច្ចផ្ទាល់ជាមួយកម្មករនិយោជិត ប៉ុន្ដែករណីការិយភារីខកខាន ឬមិនបានអនុវត្តកាតព្វកិច្ចជាមួយកម្មករនិយោជិត នោះសហគ្រិននៃសហគ្រាសនោះ ត្រូវអនុវត្តកាតព្វកិច្ចជំនួស ។

រៀបរៀងដោយ៖ លោក ឡេង ពុទ្ធិតារា និងកញ្ញា ថន រ៉ាវ៉ាឌី សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៉ីអាយស៉ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល [email protected] គេហទំព័រ https://cicfirm.com ហ្វេសប៊ុកផេក Cambodia International Cooperation Law Firm ៕