FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ សំណងនៃការខូចខាតហួសប្រមាណ

12-11-2023 14:29

(ភ្នំពេញ)៖ នៅក្នុងទំនាក់ទំនងរបស់ភាគីនៃកិច្ចសន្យានានា ចៀសមិនផុសពីបញ្ហាដែលអាចកើតមានឡើងជាយថាហេតុ ដូចជាការមិនអនុវត្តកាតព្វកិច្ចបង់ប្រាក់ថ្លៃលក់ទិញ ជាអាទិ៍។ ដើម្បីសង្គ្រោះករណីមិនអនុវត្តកាតព្វកិច្ចនេះ ភាគីមានជម្រើសជាច្រើន ដូចជាការកំណត់ទុកជាមុននូវចំនួននៃសំណងការខូចខាតដែលអ្នកបំពានត្រូវទទួលខុសត្រូវ ក៏ជាជម្រើសមួយដែលអាចត្រូវបានប្រើប្រាស់ញឹកញាប់ផងដែរ។

ភាគីដែលទទួលរងនូវការបំពាន អាចទទួលសំណងនៃការខូចខាតបាន ដោយ សារមានការកំណត់ទុកជាមុន តែការកំណត់ទុកជាមុននោះត្រូវឱ្យមានភាពសមល្មមផងដែរ មិនត្រូវធ្វើឱ្យហួសប្រមាណនោះទេ។

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «សំណងនៃការខូចខាតហួសប្រមាណ» មកធ្វើការបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។

១៖ តើអ្វីទៅជាការកំណត់ទុកជាមុននូវចំនួននៃសំណងការខូចខាត?

ការកំណត់ទុកជាមុននូវចំនួននៃសំណង ជាការព្យាកររបស់ភាគីអំពីទំហំនៃការខូចខាត និង/ឬលក្ខខណ្ឌនៃការទទួលខុសត្រូវ ក្នុងករណីភាគីម្ខាងមិនអនុវត្តកាតព្វកិច្ច។ ឧទាហរណ៍ នៅក្នុងកិច្ចសន្យាលក់ទិញរថយន្តដែលមានតម្លៃ $20,000 ភាគីបានកំណត់ថា ប្រសិនបើអ្នកលក់យឺតយ៉ាវក្នុងការប្រគល់រថយន្ត ត្រូវបង់សំណងនៃការខូចខាតចំនួន $100 ក្នុងមួយថ្ងៃ។

នៅពេលអនុវត្តកិច្ចសន្យា អ្នកលក់មិនបានប្រគល់រថយន្តតាមការកំណត់ (យឺតយ៉ាវ) នាំឱ្យខចែងខាងលើត្រូវយកមកអនុវត្ត មានន័យថា អ្នកលក់ មានករណីយកិច្ចបង់សំណងនៃការខូចខាតចំនួន $100 ក្នុងមួយថ្ងៃ ឱ្យទៅអ្នកទិញ ដោយមិនអាចប្រកែក ឬយកលេសថា ការខូចខាតជាក់ស្តែង តិចជាងអ្វីដែលបានកំណត់នោះទេ ពីព្រោះការកំណត់ទុកជាមុននូវចំនួននៃសំណង ទោះបីជាការខូចខាតជាក់ស្តែងធំជាង ឬតូចជាងចំនួននៃសំណងការខូចខាតដែលបានកំណត់ក៏ដោយ ក៏ត្រូវតែអនុវត្តតាមអ្វីដែលបានកំណត់ និងពុំចាំបាច់បង្ហាញភស្តុតាងអំពីការខូចខាតនោះទេ។ យ៉ាងណាមិញ នៅក្នុងការអនុវត្តជាក់ស្តែង មានការភាន់ច្រឡំ រវាងការកំណត់ទុកជាមុននូវចំនួននៃសំណង និងការព្រមព្រៀងមិនប្រគល់តាវកាលិក (ប្រាក់ដែលបានបង់រួច ជាអាទិ៍) ក្រោយរំលាយកិច្ចសន្យា។

ឧទាហរណ៍ ភាគីនៃកិច្ចសន្យាបានព្រមព្រៀងគ្នា លក់ទិញផ្ទះ តម្លៃ $70,000 និងកំណត់ថា ប្រសិនបើអ្នកទិញមិនបង់ប្រាក់តាមពេលកំណត់ទេ អ្នកលក់មានសិទ្ធិរំលាយកិច្ចសន្យា ហើយស៊ីដាច់ប្រាក់ដែលបានបង់រួចនោះ ឬប្រាក់ដែលបានបង់រួចទុកជាប្រយោជន៍របស់អ្នកលក់។ ការអនុវត្តកិច្ចសន្យា អ្នកទិញបង់ប្រាក់ថ្លៃលក់យឺតយ៉ាវ នាំឱ្យអ្នកលក់មានសិទ្ធិរំលាយកិច្ចសន្យា ហើយបដិសេធមិនប្រគល់ប្រាក់ដែលបានបង់រួចចំនួន $30,000 ទៅឱ្យអ្នកទិញ។

ខចែងនេះ មិនមែនជាការកំណត់ទុកជាមុននូវចំនួននៃសំណងទេ ប៉ុន្តែជា «ខចែងមិនប្រគល់តាវកាលិក» (មិនប្រគល់ប្រាក់ដែលបានបង់រួចទៅឱ្យអ្នកទិញ) ក្រោយរំលាយកិច្ចសន្យា។ ការសន្យាពិសេសនេះ តាមច្បាប់ត្រូវទុកជាមោឃៈ (ផ្ទុយច្បាប់ និងសណ្តាប់ធ្នាប់សារធារណៈ) ពីព្រោះក្រោយរំលាយកិច្ចសន្យា អ្នកលក់ ត្រូវមានករណីយកិច្ចប្រគល់ប្រាក់ដែលអ្នកទិញបានបង់ឱ្យទៅអ្នកទិញវិញ (កាតព្វកិច្ចបដិទាន)។ ក្នុងករណីនេះ អ្នកលក់បានរំលាយកិច្ចសន្យា (គ្មានការលក់ទិញផ្ទះ) នាំឱ្យអ្នកលក់នៅតែជាកម្មសិទ្ធិករនៃដី ហេតុនេះអ្នកលក់ពុំមានមូលហេតុក្នុងការទទួលបានប្រាក់ដែលជាថ្លៃលក់ទិញឡើយ។

ប្រសិនបើយើងទទួលស្គាល់ការសន្យាពិសេសខាងលើ មានន័យថា អ្នកទិញ មិនបានផ្ទះហើយ អស់ទាំងលុយប្រហែលជា ៤០% នៃតម្លៃផ្ទះថែមទៀត ដែលហាក់ដូចជាអ្នកលក់ចំណេញច្រើនហួសប្រមាណ (មានលក្ខណៈមិនត្រឹមត្រូវចំពោះអ្នកទិញ)។

២៖ តើភាគីអាចកំណត់ទុកជាមុននូវចំនួននៃសំណងការខូចខាតប៉ុន្មាន?

ការកំណត់ជាមុននូវចំនួននៃសំណងការខូចខាត ជាសេរីភាពរបស់គូភាគី ដូចជា បើភាគីម្ខាងមិនអនុវត្តកាតព្វកិច្ច ភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតចំនួន $100 ឬ $100 ក្នុងមួយថ្ងៃ ឬ 10% ក្នុងមួយខែធៀបនឹងទឹកប្រាក់ដែលត្រូវបង់ ជាអាទិ៍។ ក្នុងករណីមានវិវាទទៅតុលាការ ចំនួននៃសំណងការខូចខាតដែលបានកំណត់ទុកជាមុននេះ (ឧទាហរណ៍ ភាគីកំណត់ថា ទំហំនៃសំណងការខូចខាតចំនួន 10% ក្នុងមួយខែធៀបនឹងចំនួនទឹកប្រាក់ដែលត្រូវបង់) តុលាការ មិនអាចបន្ថែម ឬបន្ថយបានឡើយ។ យ៉ាងណាមិញ ប្រសិនបើ ភាគីកំណត់ទុកជាមុននូវចំនួននៃសំណងការខូចខាតច្រើនហួសហេតុពេក បើប្រៀបធៀបនឹងការខូចខាតដែលច្បាប់បានកំណត់ ខចែងនោះនឹងត្រូវទុកជាមោឃៈ។

៣៖ តើចំនួននៃសំណងការខូចខាតកម្រិតណា ដែលចាត់ទុកថាជាសំណងការខូចខាតហួសហេតុ ឬហួសប្រមាណ?

អាស្រ័យលើករណីនីមួយៗ ដោយតុលាការជាអ្នកវិនិច្ឆ័យករណីណាខ្លះ ជាការកំណត់ទុកជាមុននូវ ចំនួននៃការខូចខាតច្រើនហួសហេតុ។ ឧទាហរណ៍ នៅក្នុងកិច្ចសន្យាលក់ទិញផ្ទះតម្លៃ $70,000 ភាគីបានកំណត់ថា ក្នុងករណីអ្នកទិញមិនបង់ប្រាក់តាមពេលកំណត់ទេ អ្នកលក់មានសិទ្ធិរំលាយកិច្ចសន្យា ហើយប្រាក់ដែលបានបង់រួច ជាសំណងនៃការខូចខាត។ នៅក្នុងការអនុវត្តកិច្ចសន្យា អ្នកទិញបង់ប្រាក់ថ្លៃលក់ទិញបានចំនួន $50,000 ចំពោះទឹកប្រាក់នៅសល់ចំនួន $20,000 ទៀត អ្នកទិញបង់យឺតយ៉ាវ ក្នុងករណីនេះ អ្នកលក់បានរំលាយកិច្ចសន្យា និងជូនដំណឹងទៅអ្នកទិញថា ប្រាក់ដែលបានបង់រួចចំនួន $50,000 ជាសំណងនៃការខូចខាត និងបដិសេធមិនប្រគល់ឱ្យអ្នកទិញ។

ក្នុងករណីនេះ ដីតម្លៃ $ 70,000 សំណងនៃការខូចខាតមានចំនួន $50,000 (ប្រហាក់ប្រហែលនឹងតម្លៃផ្ទះ) ក្រោយរំលាយកិច្ចសន្យា អ្នកទិញមិនបានផ្ទះ និងត្រូវបាត់បង់ប្រាក់ដែលមានតម្លៃស្ទើរស្មើនឹងតម្លៃផ្ទះ។ ក្នុងករណីមានវិវាទ តុលាការអាចកំណត់ សំណងនៃការខូចខាតដែលមានចំនួន $50,000 ជាសំណងនៃការខូចខាតហួសប្រមាណ បើប្រៀបធៀបនឹងសំណងនៃការខូចខាតដែលកំណត់ដោយច្បាប់។

៤៖ ករណីភាគីកំណត់ទុកជាមុននូវចំនួននៃសំណងការខូចខាតហួសប្រមាណ តើត្រូវធ្វើដូចម្តេច?

ករណីនេះ «ខចែងស្តីពីការកំណត់ទុកជាមុននូវចំនួននៃសំណងការខូចខាត» ត្រូវទុកជាមោឃៈ មានន័យថា អ្នកលក់ពុំមានសិទ្ធិទាមទារសំណងនៃការខូចខាតរហូតដល់ $50,000 ដូចមានកំណត់នៅក្នុងកិច្ចសន្យានោះទេ។ ករណីមានវិវាទ តុលាការអាចធ្វើការបន្ថយនូវចំនួននៃសំណងការខូចខាតតិចជាងអ្វីដែលបានកំណត់នៅក្នុងកិច្ចសន្យា។

តើតុលាការអាចបន្ថយមកត្រឹមចំនួនប៉ុន្មាន? ដោយសារខចែងនោះ មោឃៈត្រឹមតែផ្នែកដែលតុលាការយល់ឃើញថាច្រើនហួសប្រមាណ ហេតុនេះ ដើម្បីគោរពតាមខ្លឹមសារនៃការព្រមព្រៀងរបស់ភាគី ត្រឹមកម្រិតដែលមិនហួសហេតុ តុលាការអាចបន្ថយមកត្រឹមចំនួននៃសំណងដែលយល់ថាសមរម្យ (ឧទាហរណ៍ប្រហាក់ប្រហែល $25,000 ជាអាទិ៍យោបល់របស់អ្នករៀបរៀង)។

រៀបរៀងដោយ៖ លោកមេធាវី អ៉ីវ ប៉ូលី ជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់៕