យល់ដឹងផ្នែកច្បាប់៖ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ
08-10-2023 14:42
(ភ្នំពេញ)៖ នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងសង្គម មិនថាជាអ្នកធ្វើការងារ រកស៊ី ឬជាសិស្សនិស្សិតនោះទេ តែងតែមានតម្រូវការចាំបាច់ផ្ទាល់ខ្លួន ហេតុនេះទើបតម្រូវឱ្យពួកគាត់ធ្វើការផ្លាស់ប្ដូរទីលំនៅ ពីកន្លែងមួយទៅកន្លែងមួយ ។ ចំពោះការផ្លាស់ប្ដូរទីលំនៅនេះទៀតសោត ក៏មិនប្រាកដថា ពួកគាត់សុទ្ធតែមានលំនៅដ្ឋាន (ដី ផ្ទះ) ដែលជាកម្មសិទ្ធិផ្ទាល់ខ្លួន សម្រាប់ស្នាក់នៅ ឬប្រកបរបររកស៊ីនោះឡើយ ដោយបុគ្គលខ្លះ គាត់អាចធ្វើការស្នាក់នៅជាមួយបងប្អូន ឬអ្នកស្គាល់គ្នាជាដើម ។
នៅក្នុងសកម្មភាពទាំងនេះ ថ្វីបើអចលនវត្ថុនោះមិនមែនជាកម្មសិទ្ធិរបស់ពួកគាត់ក៏ពិតមែន ប៉ុន្តែច្បាប់បានបញ្ញត្តិអំពីសិទ្ធិ និងលក្ខខណ្ឌជាច្រើន ដើម្បីឱ្យពួកគាត់មានទំនាក់ទំនងគតិយុត្តត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ឬកត្តាចម្បងដើម្បីបម្រើឱ្យពួកគាត់ទទួលបាននូវសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ មួយផ្នែក ឬមួយភាគ នៃអចលនវត្ថុនោះ ។
ហេតុដូចនេះហើយ តើសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ ដែលបានលើកឡើងខាងលើនេះ ចង់សំដៅទៅលើអ្វី? ហើយមានលក្ខខណ្ឌអ្វីខ្លះ?
សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់គ្នា ដូចតទៅ។
សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ គឺជាប្រភេទសិទ្ធិប្រត្យក្សដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ។ សិទ្ធិប្រើប្រាស់ គឺសំដៅទៅលើសិទ្ធិអាស្រ័យផលនៃអចលនវត្ថុ ត្រឹមកម្រិតនៃសេចក្ដីត្រូវការរបស់ម្ចាស់សិទ្ធិប្រើប្រាស់ និងគ្រួសាររបស់ខ្លួន ចំណែកឯសិទ្ធិអាស្រ័យនៅវិញ គឺសំដៅទៅលើសិទ្ធិកាន់កាប់ចំណែកមួយនៃអគារ ត្រឹមកម្រិតនៃសេចក្ដីត្រូវការសម្រាប់ការរស់នៅរបស់ម្ចាស់សិទ្ធិអាស្រ័យនៅ និងគ្រួសាររបស់ខ្លួន ។
សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ មានពីរប្រភេទគឺ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ តាមបញ្ញត្តិនៃច្បាប់ដែលបានកំណត់ និងមួយទៀតគឺ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ តាមការព្រមព្រៀងរវាងគូភាគី ។ ចំពោះសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ តាមការព្រមព្រៀងរវាងគូភាគី មិនបានកំណត់នូវលក្ខខណ្ឌដាច់ខាតថា ត្រូវតែបង្កើតតាមលិខិតជាលាយល័ក្ខណ៍អក្សរនោះទេ ហេតុនេះគូភាគីអាចបង្កើតឡើងតាមលិខិតជាលាយល័ក្ខណ៍អក្សរក៏បាន ឬដោយផ្ទាល់មាត់ក៏បាន អាស្រ័យលើគូភាគីជាអ្នកកំណត់ ។
ប៉ុន្តែការការពារសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ ដែលមិនធ្វើតាមរយៈលិខិតជាលាយល័ក្ខណ៍អក្សរ មានហានិភ័យជាងធ្វើលិខិតជាលាយល័ក្ខណ៍អក្សរ ព្រោះថា កម្មសិទ្ធិករអាចស្នើសុំឱ្យរំលត់នៅពេលណាក៏បាន ម្យ៉ាងទៀតប្រសិនបើមិនបានធ្វើលិខិតជាលាយល័ក្ខណ៍អក្សរនោះទេ សុពលភាពនៃសិទ្ធិនេះនឹងត្រូវរលត់នៅអំឡុងពេល ៣ ខែ បានកន្លងហួស គិតចាប់ពីពេលដែលកម្មសិទ្ធិករបានធ្វើការស្នើសុំឱ្យរំលត់ ។ ដូចនេះសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ គួរគប្បីបង្កើតឡើងតាមរយៈលិខិតជាលាយល័ក្ខណ៍អក្សរ ពីព្រោះវាជាជម្រើសដែលល្អសម្រាប់ម្ចាស់សិទ្ធិ ដោយហេតុថា គូភាគីអាចកំណត់ខចែងសំខាន់ៗ ក៏ដូចជាអាចយកទៅប្រើសម្រាប់ជាឯកសារតតាំងបានផងដែរ ។
គួរបញ្ជាក់ផងដែរថា នៅពេលដែលមានការបង្កើតសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ គូភាគីអាចកំណត់ពេល ឬកំណត់អំពីហេតុការណ៍ណាមួយ ដែលនាំឱ្យរំលត់សិទ្ធិតាមការសន្យាបាន តែប្រសិនបើគូភាគីមិនបានកំណត់ពេលវេលារំលត់សិទ្ធិឱ្យបានច្បាស់លាស់ទេ នោះត្រូវចាត់ទុកថា សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ មានអត្ថិភាពរហូតដល់ពេលដែលម្ចាស់សិទ្ធិនោះទទួលមរណភាព ។ ដោយឡែកពាក់ព័ន្ធនឹងការរំលត់សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅនេះ ប្រសិនបើក្នុងករណីដែលម្ចាស់សិទ្ធិ បានធ្វើអំពើដែលផ្ទុយនឹងខ្លឹមសារនៃសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ ដូចជាករណីដែលបានបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរដល់អចលនវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិនោះ ឬថែរក្សាមិនបានត្រឹមត្រូវ កម្មសិទ្ធិករនៃអចលនវត្ថុនោះអាចទាមទារទៅតុលាការឱ្យរំលត់សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅនោះបាន ។
រីឯលក្ខខណ្ឌតតាំងចំពោះតតិយជន សម្រាប់ម្ចាស់សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ អាចធ្វើទៅបានលុះត្រាតែម្ចាស់សិទ្ធិនោះធ្វើការប្រើប្រាស់ និងអាស្រ័យនៅលើអចលនវត្ថុនោះជាក់ស្ដែងតែប៉ុណ្ណោះ ពុំដូច្នេះទេ មិនអាចធ្វើការតតាំងចំពោះតតិយជនបានឡើយ ។ ម្យ៉ាងទៀត ម្ចាស់សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ មិនអាចធ្វើអនុប្បទាន ឬ ធ្វើការចាត់ចែងផ្សេងទៀតនូវសិទ្ធិនោះ ឬ យកអចលនវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិនេះ ធ្វើជាកម្មវត្ថុនៃភតិសន្យាបានឡើយ ។
សរុបជារួមមក សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ ដែលបានលើកឡើងខាងលើនេះ ជាប្រភេទសិទ្ធិប្រត្យក្ស ដែលផ្ដល់សិទ្ធិឱ្យទៅបុគ្គលដែលមិនមែនជាកម្មសិទ្ធិករ អាចធ្វើការប្រើប្រាស់ និងអាស្រ័យនៅលើអចលនវត្ថុរបស់អ្នកដទៃបាន ត្រឹមកម្រិតនៃសេចក្ដីត្រូវការរបស់ខ្លួន និងគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ ដោយមិនអាចមានសិទ្ធិប្រើប្រាស់ និងអាស្រ័យនៅលើអចលនវត្ថុនោះបានទាំងស្រុងនោះទេ ហើយម្ចាស់សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ ក៏ត្រូវតែគោរពនូវលក្ខខណ្ឌច្បាប់មួយចំនួនដូចដែលបានលើកឡើងខាងលើផងដែរ ពុំនោះទេកម្មសិទ្ធិករនៃអចលនវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យនៅ មានសិទ្ធិក្នុងការរំលត់សិទ្ធិរបស់បុគ្គលនោះតាមផ្លូវច្បាប់ ។
រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕
