យល់ដឹងផ្នែកច្បាប់៖ ការការពារតតិយជននៅក្នុងករណីលុបចោលកិច្ចសន្យា
09-07-2023 19:11
(ភ្នំពេញ)៖ ជាទូទៅ កិច្ចសន្យាត្រូវបានបង្កើតឡើងដោយបុគ្គលពីរនាក់ ឬច្រើននាក់ ដែលមានឆន្ទៈត្រូវគ្នាព្រមបង្កើត កែប្រែ ឬរំលត់នូវកាតព្វកិច្ច ។ ម្យ៉ាងវិញទៀត ក្នុងករណីដែលកិច្ចសន្យាកើតឡើងដោយសារការបង្ហាញឆន្ទៈរបស់ភាគីនីមួយៗដែលមានវិការៈ ដូចនេះកិច្ចសន្យានោះអាចលុបចោលបាន ។ ប៉ុន្តែនៅពេលដែលមានការលុបចោលនូវកិច្ចសន្យាបែបនេះ តែងតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់តតិយជន ពោលគឺជនដែលមិនមែនជាភាគីនៅក្នុងកិច្ចសន្យា ។
ដូច្នេះ តើតតិយជននោះនឹងទទួលបានការការពារយ៉ាងដូចម្តេច?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី ការការពារតតិយជននៅក្នុងករណីលុបចោលកិច្ចសន្យា មកធ្វើការចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ។
ជាគោលការណ៍ ការលុបចោលនូវកិច្ចសន្យាដែលមានវិការៈ គឺអាចអះអាងចំពោះតតិយជនបាន ហើយចំពោះវិការៈនេះមានដូចជា៖ (១) ការភាន់ច្រឡំ (២) ការឆបោក (៣) ព័ត៌មានមិនពិត និង (៤) ការរំលោភបំពានលើស្ថានភាព ប៉ុន្តែការលុបចោលនេះមិនអាចអះអាងចំពោះតតិយជនដែលជា ជនសុចរិត និងគ្មានកំហុស នោះបានឡើយ (មាត្រា ៣៤៦ មាត្រា ៣៤៧ មាត្រា ៣៤៨ និងមាត្រា ៣៤៩ នៃក្រមរដ្ឋប្បវេណី) ។
ឧទាហរណ៍៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ លោក “ក” បានបង្កើតកិច្ចសន្យាលក់ទិញរថយន្ត Lexus ស៊េរី៥៧០ ឆ្នាំ២០២១ ជាមួយអ្នកស្រី “ខ” ។ ហើយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ លោក “ក” បានយករថយន្តខាងលើទៅលក់បន្តឱ្យអ្នកស្រី “គ” ដែលជាតតិយជនសុចរិត និងគ្មានកំហុស ។ ប៉ុន្តែស្រាប់តែអ្នកស្រី “ខ” បានលុបចោលកិច្ចសន្យាលក់ទិញរថយន្តខាងលើជាមួយលោក “ក” វិញ ដោយសារមានការឆបោករបស់លោក “ក” ។ ក្នុងករណីនេះ អ្នកស្រី “ខ” អាចលុបចោលកិច្ចសន្យាជាមួយលោក “ក” បាន ប៉ុន្តែមិនអាចអះអាងអំពីអានុភាពនៃការលុបចោលជាមួយអ្នកស្រី “គ” បានទេ ។
គួរបញ្ជាក់ជូនផងដែរ អានុភាពនៃការលុបចោល គឺជាសកម្មភាពដែលត្រូវចាត់ទុកជាមោឃៈតាំងពីដំបូង (មាត្រា ៣៥៨ នៃក្រមរដ្ឋប្បវេណី) ។
សរុបសេចក្តីមក ការការពារតតិយជននៅក្នុងករណីលុបចោលកិច្ចសន្យា ពិតជាមានសារៈសំខាន់ ពីព្រោះប្រសិនបើច្បាប់មិនបានការពារតតិយជននោះទេ នឹងមានផលប៉ះពាល់ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ ប៉ុន្តែការការពារតតិយជននៅក្នុងករណីលុបចោលកិច្ចសន្យានេះ បានត្រឹមតែក្នុងករណីដែលកិច្ចសន្យាមានវិការៈដូចមានរៀបរាប់ខាងលើ និងសម្រាប់តែតតិយជនសុចរិត និងគ្មានកំហុសតែប៉ុណ្ណោះ ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា ឈិន ឆាយអ៉ី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕
