នំបុ័ងត្នោត មោទនភាពរបស់ប្រជាជនកម្ពុជា មានលក់នៅ 7- Eleven
26-06-2023 09:09
(ភ្នំពេញ)៖ ពី «អាកោរត្នោត» ទៅ «នំបុ័ងត្នោត» ដាក់ចែកចាយក្នុងហាង 7-Eleven បន្ថែមតម្លៃផលិតផលកសិកម្ម ចែករំលែកឱកាស ដើម្បីបង្កើនគុណភាពជីវិត និងជាមោទនភាពមួយទៀត សម្រាប់ប្រជាជនកម្ពុជា។
ដោយមិនចង់ឃើញដើមត្នោត ដែលប្រៀបបានទៅនឹងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាបាត់បង់ លោក ប៊ុន វ៊ុធឌីកា មានអាយុ ៤៣ឆ្នាំ បានគិតឆ្នៃយកផ្លែត្នោត មកធ្វើជាគ្រឿងផ្សំរបស់នំសម័យថ្មី។ ពីនំដែលគេស្គាល់ថាជា «អាកោរត្នោត» ឲ្យក្លាយទៅជា «នំបុ័ងត្នោត» ជម្រើសថ្មីមួយទៀតសម្រាប់អតិថិជនដើម្បី ឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ។
ដើមកំណើតនៃអាជីវកម្ម «ហាងនំបុ័ងគ្រីសប៊ែន» គឺត្រូវបានបើកដំណើរការតាំងពីឆ្នាំ ២០២១ បន្ទាប់មកបានទទួលជោគជ័យម្តងទៀត ដោយនាំយកផលិតផល «គ្រីសប៊ែន» (Chrizt Ben)» ចូលដាក់លក់នៅហាងដែលកំពុងពេញនិយមហាង 7-Eleven គ្រប់សាខាក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ហាងនំបុ័ងគ្រីសប៊ែន មានសរុបទាំងអស់៤សាខា ក្នុងនោះមានដូចជា សាខាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, សាខា The Green Community Mall, សាខា CG Mall និងសាខា ឧដ្ដុង កំពង់ឆ្នាំង។
ផលិតផលរបស់ គ្រីសប៊ែន ដែលមានដាក់លក់នៅក្នុងហាង 7-Eleven មានជាច្រើនមុខឲ្យជ្រើសរើសដូចជា នំបុ័ងត្នោត នំបុ័ងខ្មៅ នំបុ័ងត្នោតបាក់យ៉ុង នំបុ័ងត្នោតស្នូលសូកូឡា នំបុ័ងស្នូលតយ ជាដើម។ ចំណុចពិសេសរបស់គ្រីសប៊ែន គឺការផលិតថ្មីៗ ប្រើវត្ថុធាតុដើមដែលមានគុណភាព ស្អាត មានអនាម័យ និងសុវត្ថិភាពខ្ពស់តាំងពីដំណាក់កាល់ផលិត ការវេចខ្ចប់ រហូតដល់ការដឹកជញ្ជូន ជាពិសេសគឺផ្លែត្នោតដែលនាំពី ខេត្តកំពង់ស្ពឺ។
លោកបន្តថា «ខ្ញុំមានអារម្មណ៍ថា មានមោទនភាពក្នុងឋានៈជាជនជាតិខ្មែរ ដែលបានធ្វើនំមួយដែលប្រៀបបានទៅនឹងអត្តសញ្ញាណជាតិ ហើយបានដាក់លក់នៅក្នុងហាង ដែលមានឈ្មោះល្បី 7-Eleven នេះ។ ខ្ញុំសូមអរគុណ 7-Eleven ដែលផ្ដល់ឱកាស មិនមែនសម្រាប់តែ ខ្ញុំដែលជាអ្នកផលិតនោះទេ តែបានជួយឲ្យក្មេងៗ ចាស់ៗនៅជនបទមានចំណូលពីការរើសផ្លែត្នោតមកលក់ ហើយជួយមនុស្សជាច្រើនឲ្យមានចំណូល និងការងារដ៏មានស្ថេរភាពមួយ មិនថាបុគ្គលិកធ្វើនំបុ័ង អ្នកវេចខ្ចប់ អ្នកលក់ និងអ្នកដឹកជញ្ជូនជាដើម»។
7-Eleven បានចូលមកបម្រើសេវាកម្ម នៅប្រទេសកម្ពុជាតាំងពីខែសីហា ឆ្នាំ២០២១ ហើយប្ដេជ្ញាជំរុញសេដ្ឋកិច្ច និងរីកចម្រើនជាមួយសង្គមកម្ពុជា។ សម្រាប់ប្រជាជនកម្ពុជា យើងត្រៀមខ្លួន ចែករំលែកឱកាសជាមួយគ្រប់គ្នាតាមតម្លៃនៃ «អត្ថប្រយោជន៍ 3» និងបាវចនារបស់អង្គភាពគឺ «Giving and Sharing»៕












