FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ សិទ្ធិទទួលបានមេធាវី

11-06-2023 13:20

(ភ្នំពេញ)៖ ផ្នែកមួយនៃសិទ្ធិទទួលការជំនុំជម្រះដោយយុត្តិធម៌ គឺសិទ្ធិទទួលបានមេធាវី ដែលសិទ្ធិមួយនេះត្រូវបានផ្តល់ទៅដល់ជនគ្រប់រូបដោយមិនមានការរើសអើង ។ ហេតុនេះ ប្រសិនបើជនណាមួយប្រព្រឹត្តបទល្មើស នោះត្រូវតែប្រឈមមុខនឹងច្បាប់ជាធរមាន និងត្រូវអនុវត្តតាមនីតិវិធីដូចជា ដំណាក់កាលនគរបាលយុត្តិធម៌ ដំណាក់កាលអយ្យការ ឬចៅក្រមស៊ើបសួរ មុននឹងដំណាក់កាលជំនុំជម្រះដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ដោយសារនីតិវិធីខាងលើនេះ មានភាពស្មុគស្មាញ និងអាចមានភាពសាំញ៉ាំ ហើយប្រសិនបើគ្មានមេធាវីការពារសិទ្ធិ និងប្រឹក្សាយោបល់ផ្នែកច្បាប់ទេ បុគ្គលដែលរងការចោទប្រកាន់ក្នុងរឿងព្រហ្មទណ្ឌ អាចនឹងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ដោយសារតែកត្តាកង្វះខាតចំណេះដឹងផ្នែកច្បាប់ ឬដោយសារគ្មានមេធាវីការពារសិទ្ធិក្នុងនីតិវិធីតុលាការជាដើម ។

តើអ្វីទៅជាសិទ្ធិទទួលបានមេធាវី? តើសិទ្ធិមួយនេះ ត្រូវបានអនុវត្តយ៉ាងដូចម្តេច?

ដូច្នេះសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី សិទ្ធិទទួលបានមេធាវី មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ ។

សិទ្ធិទទួលបានមេធាវី គឺជាសិទ្ធិដែលធានាឱ្យជនគ្រប់រូបមានឱកាសក្នុងការទទួលបានការណែនាំ ប្រឹក្សាច្បាប់ និងផ្នែកវិជ្ជាជីវៈពីអ្នកជំនាញផ្នែកច្បាប់ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពន្យល់នូវបទចោទប្រកាន់ប្រឆាំងនឹងខ្លួន ពន្យល់ពីសិទ្ធិ ណែនាំអំពីដំណើរការជំនុំជម្រះការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់ខ្លួន ក្នុងដំណើរការនីតិវិធីតុលាការ ។ សញ្ញាណនៃសិទ្ធិទទួលបានមេធាវី ត្រូវបានរំលេចឡើងនៅក្នុងមាត្រា ៣៨ កថាខណ្ឌទី៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា៖ «ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ» ដោយសិទ្ធិមួយនេះត្រូវបានចង្អុលបង្ហាញបន្ថែមនៅកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ មាត្រា ១៤ កថាខណ្ឌទី៣ ចំណុច ឃ ថា៖ “ជនគ្រប់រូបត្រូវបានជំនុំជម្រះដោយមានវត្តមានរបស់ខ្លួន និងការពារខ្លួនដោយផ្ទាល់ខ្លួនឯង ឬតាមរយៈជំនួយការច្បាប់ តាមការជ្រើសរើសរបស់ខ្លួន” ។

ចំណែកឯការអនុវត្តជាក់ស្តែងក្នុងបរិបទប្រទេសកម្ពុជា ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ៣០០ ៣០១ និង៣០៤ បានតម្រូវឱ្យជនជាប់ចោទត្រូវចូលបង្ហាញខ្លួននៅពេលសវនាការរបស់តុលាការដោយផ្ទាល់ ដោយជនជាប់ចោទនោះត្រូវអមដោយមេធាវីម្នាក់ដែលខ្លួនជ្រើសរើស ឬអាចស្នើសុំឱ្យមានការចាត់តាំងមេធាវីឱ្យខ្លួនបានផងដែរ ហើយជំនួយពីមេធាវីនេះ ត្រូវតែមានដាច់ខាតនៅក្នុងករណីដែលពាក់ព័ន្ធនឹង (១) ករណីបទឧក្រិដ្ឋ និង (២) ជនជាប់ចោទជាអនីតិជន ។

លើសពីនេះក្នុងករណី ប្រសិនបើជនជាប់ចោទជាជនក្រីក្រ ហើយមិនមានសមត្ថភាពក្នុងការស្វែងរកមេធាវី ដើម្បីការពារសិទ្ធិរបស់ខ្លួន ដូច្នេះយោងតាមមាត្រា ២៩ និង៣០ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើការចាត់តាំងឱ្យមានមេធាវីការពារសិទ្ធិដល់ជនក្រីក្រ បន្ទាប់ពីប្រធានតុលាការ និងក្រឡាបញ្ជីនាយក បានធ្វើការស៊ើបអង្កេតដល់មូលដ្ឋាន ដើម្បីកំណត់អំពីភាពក្រីក្រ ។

សរុបមក សិទ្ធិទទួលបានមេធាវី គឺជាសិទ្ធិមួយដែលត្រូវបានផ្តល់ជូនដល់ជនគ្រប់រូបឱ្យមានឱកាសក្នុងការទទួលបានការណែនាំ ប្រឹក្សាច្បាប់ និងផ្នែកវិជ្ជាជីវៈពីអ្នកជំនាញផ្នែកច្បាប់ តាមការជ្រើសរើសដោយខ្លួនឯង ឬតាមការស្នើសុំឱ្យមានការចាត់តាំងដែលពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារសិទ្ធិដល់ជនជាប់ចោទក្នុងដំណើរការនីតិវិធីតុលាការ ដោយហេតុតែនីតិវិធីមានភាពស្មុគស្មាញ និងមានភាពសាំញ៉ាំ ដែលអាចបណ្តាលឱ្យជនជាប់ចោទបាត់បង់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ។

រៀបរៀងដោយ៖ លោកមេធាវី ម៉េង វណ្ណី និងលោក អ៉ឹម វិរៈបុត្រ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com (http://www.ciclf.com/) ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕