FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសសង្ហាបំផុតលើលោក និងជាតារាសម្ដែងល្បីរបស់ភូមា «Paing Takhon» នឹងបង្ហាញវត្តមានជាតួឯក ក្នុងរឿងខ្នាតធំថ្មីរបស់ផលិតកម្ម LD

09-05-2023 12:07

(ភ្នំពេញ)៖ តារាម៉ូដែលជាប់ជាបុរសសង្ហាបំផុតលើលោក កាលពីឆ្នាំ២០២១ និងជាតារាសម្ដែងរាងខ្ពស់ស្រឡះល្បីឈ្មោះរបស់មីយ៉ាន់ម៉ា (ភូមា) លោក Paing Takhon ដែលបានមកកាន់ប្រទេសកម្ពុជា កាលពីអំឡុងដើមខែមេសា ឆ្នាំ២០២៣នោះ ត្រូវបានធ្លាយដំណឹងថា កំពុងតែត្រៀមខ្លួនចូលរួមសម្ដែង ជាតួឯកក្នុងភាពយន្តខ្នាតធំថ្មីមួយរបស់ផលិតកម្ម LD Picture នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ ខាងមុខ ហើយភាពយន្តថ្មីនេះ ក៏គ្រោងដាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ ពេលបញ្ចប់ការថតរួចរាល់។

អ្នកគ្រប់គ្រងទូទៅនៃផលិតកម្ម LD Picture លោក លៀក លីណា បានឲ្យ Fresh News Plus ដឹងថា ផលិតកម្ម LD Picture បានកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នាថតខ្សែភាពយន្តខ្នាតអន្តរជាតិថ្មីមួយទៀត នៅក្នុងអំឡុងខែសីហាខាងមុខនេះ ប៉ុន្តែលោកសុំលាក់ចំណងជើងសិន។ ភាពយន្តនេះ គឺមានការចូលរួមសម្ដែងដោយតារាល្បីរបស់ប្រទេសភូមា គឺលោក Paing Takhon, តារាសម្ដែងមកពីប្រទេសឥណ្ឌូនេស៊ីម្នាក់ និងតារាល្បីៗរបស់ប្រទេសកម្ពុជាយើងផងដែរ។

លោក លៀក លីណា បានបន្ថែមថា បន្ទាប់ពីទទួលបានពេលវេលាដ៏ជាក់លាក់មួយ ពីតារាសម្ដែងលោក Paing Takhon ដែលអាចទទួលថតឲ្យផលិតកម្ម LD Picture បានហើយនោះ បច្ចុប្បន្ននេះក្រុមការងារផលិត កំពុងរៀបចំឆ្អឹងរឿង ឬ Script development រឿងថ្មីដែលកាន់តែអស្ចារ្យ សម្រាប់តម្រូវទីផ្សារក្នុងស្រុកផង និងក្រៅស្រុកផង។ លោកថា ផលិតកម្ម LD Picture មិនមែនចេះតែថាៗនោះទេ ពោលគឺនិយាយហើយ ត្រូវតែធ្វើឲ្យចេញជារូបរាង បើទោះបីជាគម្រោងនោះត្រូវចំណាយថវិកាអស់ច្រើនបន្តិចក្ដី។

ទោះជាយ៉ាងណាអ្នកគ្រប់គ្រងទូទៅរូបនេះ មិនទាន់បញ្ជាក់ថា ការរៀបចំ Script រឿងនឹងបញ្ចប់នៅពេលណា ហើយថារឿងថ្មីនេះមានចំណងជើងអ្វីនោះទេ។ ប៉ុន្ដែគេសង្កេតឃើញថា ទាំងរូបលោក និងចាងហ្វាងផលិតកម្ម LD Picture ផ្ទាល់ គឺលោក លៀក លីដា តែងតែផ្ដួចផ្ដើមឲ្យមានគំនិតប្រកួតប្រជែងថ្មីៗ សម្រាប់ផលិតករក្នុងស្រុក ជាពិសេសលើវិស័យភាពយន្ដ ដើម្បីឆ្លើយតបទីផ្សារភាពយន្ដទាំងក្នុង និងក្រៅស្រុក។

សូមបញ្ជាក់ថា តាមរយៈស្នាដៃភាពយន្ដជាច្រើន ដែលបានដាក់បញ្ចាំងនៅរោងកុង ដែលជាស្នាដៃរបស់ផលិតកម្ម LD Picture តែងតែទទួលបានការគាំទ្រច្រើនពីមហាជន បានធ្វើឲ្យផលិតកម្មមួយនេះពង្រីកទីផ្សារភាពយន្ដកាន់តែធំ។ ជាក់ស្ដែង LD Picture ក៏ធ្លាប់មានគម្រោងនាំយករឿង The Clokc redwall ចូលទៅកាន់ទីផ្សារអន្ដរជាតិផងដែរ ប៉ុន្ដែត្រូវខកខានទៅវិញ ដោយបញ្ហាជំងឺកូវីដ-១៩៕