យល់ដឹងផ្នែកច្បាប់៖ អធិការកិច្ចការងារ
09-04-2023 15:31
(ភ្នំពេញ)៖ ដោយហេតុបច្ចុប្បន្នកម្ពុជាមានសន្ដិភាព ហេតុដូច្នេះហើយរាល់បញ្ហាដែលកើតមានឡើងក្នុងសង្គមគ្រប់ស្រទាប់ថ្នាក់តែងមានការដំណោះស្រាយ ឬទទួលបានការជួយអន្តរាគមន៍នានា ពីមន្ត្រីមូលដ្ឋាន ស្ថាប័ន ក្រសួង តាមផ្នែកជំនាញរៀងៗខ្លួន ដោយរាជរដ្ឋាភិបាលមិនបណ្ដែតបណ្ដោយឱ្យបញ្ហាទាំងនោះរីករាលដាលកាន់តែធំឡើយ ។ បើយើងក្រឡេកមកមើលពីវិស័យការងារវិញ គឺយើងមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទនានាពាក់ព័ន្ធនឹងវិស័យការងារ ។
ជាពិសេស ស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះទៀតសោត គឺមាននាយកដ្ឋានអធិការកិច្ចការងារសម្រាប់ត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីការ រួមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង វិស័យការងារផងដែរ ជៀសវាងម្ចាស់គ្រឹះស្ថាន សហគ្រាស និងកម្មករនិយោជិតមួយចំនួនរំលោភបំពានច្បាប់ ជាអាទិ៍ ។ តើអ្វីទៅជាអធិការកិច្ចការងារ? ហើយចុះអធិការកិច្ចការងារមានតួនាទី និងភារកិច្ចអ្វីខ្លះ?
ដើម្បីឱ្យកាន់តែច្បាស់ សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «អធិការកិច្ចការងារ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ដូចតទៅ។
អធិការកិច្ចការងារ ត្រូវបានបង្កើតឡើងដោយក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ហើយជាប្រព័ន្ធមួយសម្រាប់ត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ដោយបានបែងចែកសមត្ថកិច្ចទៅឱ្យអធិការកិច្ចការងារ អភិបាលការងារ និងអធិការពេទ្យការងារ ឬមន្ត្រីដែលត្រូវចាត់តាំងឱ្យធ្វើជាអធិការកិច្ចការងារ ។
អធិការកិច្ចការងារ មានចំនួន ០៨ អង្គភាព ដូចជា៖ នាយកដ្ឋានអធិការកិច្ចការងារ, នាយកដ្ឋានវិវាទការងារ, នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម, នាយកដ្ឋានការងារកុមារ, នាយកដ្ឋានពេទ្យការងារ, នាយកដ្ឋានបណ្ដុះបណ្ដាល, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) និងចុងក្រោយគឺ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមមុខសញ្ញា (អ.គ.ក.ប) ។
បន្ថែមពីនេះ កិច្ចការដែលអធិការកិច្ចការងារត្រូវបំពេញជាប្រចាំបានបែងចែកជាពីរ ដោយទី១គឺ អធិការកិច្ចការងារសាមញ្ញ ធ្វើការជាប្រចាំនូវការជូនដំណឹងជាមុនដល់គ្រឹះស្ថាន សហគ្រាស អំពីការចុះអធិការកិច្ច និងបញ្ជាក់ពីឯកសារចាំបាច់ និងលក្ខខណ្ឌការងារដែលត្រូវត្រួតពិនិត្យ ។ ចំណែកឯទី២វិញ គឺអធិការកិច្ចការងារពិសេស ជានិច្ចជាកាលចុះធ្វើសកម្មភាពដោយគ្មានការជូនដំណឹងជាមុននោះឡើយ ចំពោះករណីរកឃើញថាមិនអនុវត្តតាមច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធនានាដែលអធិការកិច្ចការងារដាក់កំហិត ប៉ុន្ដែករណីរកឃើញភាពមិនអនុវត្តតាមច្បាប់នៅតែកើតមាន នោះម្ចាស់ នាយក សហគ្រាស គ្រឹះស្ថាន ត្រូវចាត់ទុកថាមិនគោរពច្បាប់ និងត្រូវផ្ដន្ទាទោស រួមទាំងពិន័យជាប្រាក់ តាមច្បាប់ជាធរមាន ថែមទាំងអាចមានការចាត់វិធានការដទៃទៀតពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ ។
ក្រៅពីនេះ គឺមានអធិការកិច្ចការងារពិសេសក្រៅកម្មវិធី គឺធ្វើសកម្មភាពក្រោយពីទទួលបានបណ្ដឹង សំណើ ហានិភ័យនានា ការចាំបាច់របស់ក្រសួងជំនាញ ឬទទួលបានព័ត៌មានពីសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម ករណីនិយោជក និងនិយោជិត រំលោភច្បាប់ ឬមិនអនុវត្តតាមច្បាប់ ឬលិខិតបទដ្ឋានពាក់ព័ន្ធនានាដែលអធិការកិច្ចការងារបានដាក់កំហិត ។
អធិការកិច្ចការងារមានតួនាទី និងភារៈកិច្ច ដូចខាងក្រោម៖
១. តួនាទី ជាអ្នកត្រួតពិនិត្យលើសហគ្រាស គ្រឹះស្ថាន ដោយអនុវត្តមតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ច្បាប់ស្ដីពីសហជីព លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាស្ដីពីលក្ខខណ្ឌការងារ សុវត្ថិភាព និងអនាម័យការងារ និងសិទ្ធិរបស់កម្មករនិយោជិត ។
២. បេសកកម្ម
ធានាដល់ការអនុវត្តច្បាប់ស្ដីពីការងារ របបសន្តិសុខសង្គម សហជីព និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនឹងវិស័យការងារ ។
*ជូនដំណឹង និងផ្ដល់ដំបូន្មានបច្ចេកទេសចំពោះនិយោជក និងកម្មករនិយោជិតអំពីមធ្យោបាយដ៏មានប្រសិទ្ធភាព ដើម្បីគោរពបទបញ្ញត្តិច្បាប់ ។
*ផ្ដល់ព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ចនូវការមិនគប្បី ឬការរំលោភបំពានផ្សេងៗ ដែលមិនទាន់មានបញ្ញត្តិជាធរមាន ។
*ជូនយោបល់អំពីបញ្ហាទាក់ទងនឹងការរៀបចំ ឬកែប្រែសហគ្រាស និងអង្គការចាត់តាំង ដែលបានអនុញ្ញាតពីអាជ្ញាធររដ្ឋបាល ហើយមានចែងក្នុងមាត្រា១ នៃច្បាប់ស្ដីពី ការងារ ។
*ត្រួតពិនិត្យការអនុវត្តបទបញ្ញត្តិ ដែលទាក់ទងនឹងលក្ខខណ្ឌជីវភាពរបស់កម្មករនិយោជិត និងគ្រួសារ ។
៣. ការងារត្រួតពិនិត្យ
លក្ខខណ្ឌតម្រូវផ្នែករបស់សហគ្រាស គ្រឹះស្ថាន: សេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស/ស្ដីពីបុគ្គលិក បណ្ដឹងចលនាបុគ្គលិក(ចេញ/ចូល) សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន សៀវភៅបើកប្រាក់ (បញ្ជីបើកប្រាក់ឈ្នួលតាមប្រព័ន្ធកុំព្យូទ័រ) បទបញ្ជាក្រុមហ៊ុនជាដើម ។
សៀវភៅការងារ និងប័ណ្ណការងាររបស់កម្មករនិយោជិតខ្មែរ/បរទេស ការស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស(កូតា) កិច្ចសន្យាការងារ និងការហ្វឹកហ្វើនកូនជាង ជាអាទិ៍ ។
លក្ខខណ្ឌការងារដែលត្រូវធ្វើការត្រួតពិនិត្យ: ពេលម៉ោងធ្វើការ ការឈប់សម្រាកការងារពេលយប់ ការងារស្ដ្រី ប្រាក់ឈ្នួល ប្រាក់បំណាច់ និងប្រាក់រង្វាន់ផ្សេងៗដែលកម្មករនិយោជិតត្រូវបំពេញ និងត្រូវទទួលបាន ។
*លក្ខខណ្ឌស្ដីពីសុខភាព និងសុវត្ថិភាពការងារ: សហគ្រាស គ្រឹះស្ថានត្រូវធានាការអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់ដែលបានកំណត់ ដោយកន្លែងធ្វើការត្រូវមានអនាម័យ និងមានសុវត្ថិភាពសមស្របដោយមានរក្សាទុកកំណត់ត្រាទាក់ទងនឹងគ្រោះថ្នាក់ការងារ គ្រូពេទ្យការងារ គិលានដ្ឋាន ការពិនិត្យសុខភាព ការអប់រំសុខភាព និងក្រុមការងារអេដស៍ និងគ្រឿងញៀន មានដំណើរការល្អ ។
*លក្ខខណ្ឌតម្រូវសម្រាប់ទំនាក់ទំនងវិជ្ជាជីវៈ: ជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក និងម្ចាស់សហគ្រាស គ្រឹះស្ថានក្នុងការតាមដាននូវការអនុវត្តសញ្ញារួម កិច្ចព្រមព្រៀង ព្រមទាំងផ្សះផ្សា និងដោះស្រាយវិវាទការងារ ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក ។
*បេឡាជាតិរបបសន្តិសុខសង្គម (ប.ប.ស): ជម្រុញ និងតម្រូវឱ្យសហគ្រាស គ្រឹះស្ថានលើការចុះបញ្ជិកា ការចុះឈ្មោះកម្មករនិយោជិតចូលក្នុងមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម ការបង់ប្រាក់ភាគទាន និងផ្សព្វផ្សាយព័ត៌មានអំពីប.ស.ស ។
*លក្ខខណ្ឌតម្រូវសម្រាប់ការងារកុមារ: ត្រួតពិនិត្យការប្រើប្រាស់កម្មករនិយោជិតអាយុក្រោម ១៨ឆ្នាំ ។
សរុបរួមមក អធិការកិច្ចការងារ ជានាយកដ្ឋានមួយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ជាពិសេសចុះអធិការកិច្ចលើសហគ្រាស និងគ្រឹះស្ថាននានាដែលស្ថិតក្នុងក្របខណ្ឌនៃច្បាប់ស្ដីពីការងារ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected], គេហទំព័រ៖www.ciclf.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕
