ប្រវត្តិខ្លះៗ៖ កែវ សុខផេង មុនប្រកាសចូលនិវត្តន៍ នៅឆ្នាំ២០២៣នេះ
05-04-2023 12:20
(ភ្នំពេញ)៖ កីឡាករ កែវ សុខផេង ធ្លាប់បានឆ្លងកាត់លើសមរភូមិបាល់ទាត់ ទាំងលេងអោយជម្រើសជាតិ និងក្លិបនានា មុនពេលសម្រេចព្យួរស្បែកជើងពីអាជីព ដោយបញ្ហារបួសរ៉ាំរ៉ៃ នាឆ្នាំ២០២៣។
កីឡាករ កែវ សុខផេង រូបគេបានកើតនៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៩២ កែវ សុខផេង ជាប្អូនប្រុសបង្កើតរបស់អតីតកីឡាករ កែវ សុខង៉ន ដែលក៏ជាអតីតកីឡាករជម្រើសជាតិផងដែរ។
កីឡាករ កែវ សុខផេង បានចូលលេងអោយក្រុមជម្រើសជាតិចាប់ពីឆ្នាំ២០១៥ នឹងរកបាន ៣គ្រាប់ ក្នុង៤ប្រកួតរបស់ខ្លួននៅស៊ីហ្គេម២០១៥។ ក្រោយមកនៅឆ្នាំ២០១៨ ត្រូវបានកោះហៅមកជួយក្រុមជម្រើសជាតិនៅក្នុងការប្រកួតជម្រុះវើលខាប់ ហើយក៏ជាកីឡាករម្នាក់ដែលបានរួមចំណែកជួយក្រុមកម្ពុជា បានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយកាលស៊ីហ្គេម២០១៩ ដោយពេលនោះគឺយកឈ្នះម៉ាឡេស៊ី U22។
សុខ ផេង បន្ទាប់ពីទើបតែបានចូលលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការជម្រុះពានរង្វាន់ AFC Asian Cup 2023 នេះ រូបគេបានរកគ្រាប់បាល់តាមស្មើ ជួយឲ្យក្រុមដែលដឹកនាំដោយលោក Keisuke Honda ក្នុងលទ្ធផលស្មើ ២-២ ទល់នឹងអាហ្វហ្គានីស្ថាន។
ទាក់ទងនិងប្រវត្តិរបស់កីឡាករ កែវ សុខផេង បានចូលរួមជាមួយក្លិបនានាវិញ កាលពីខែមិថុនា ឆ្នាំ២០១៥ បានចុះកុងត្រាលេងអោយក្លឹបភ្នំពេញក្រោន បន្ទាប់មករូបគេ ក៏បន្តបានចុះកុងត្រាជាមួយក្លឹប PKNC FC របស់ប្រទេសម៉ាលេស៊ី នៅឆ្នាំ២០១៨។ ការចុះកុងត្រានេះបានធ្វើអោយ (សុខផេង) ក្លាយជាកីឡាករកម្ពុជាដំបូងគេដែលទៅលេងនៅឯលីគកំពូលរបស់ប្រទេសម៉ាឡេស៊ី។
ក្រោយមកនៅខែឧសភា ឆ្នាំ២០១៨ សុខផេងបានវិលត្រលប់មកលេងអោយក្លឹបវិសាខាបន្តដល់បច្ចុប្បន្នរហូត ដល់ខែមេសា ឆ្នាំ២០២៣ នេះ ការសម្រេចចិត្តព្យួរស្បែកជើងពីអាជីពលើសមរភូមិវាលស្មៅទាំងបង្ខំនេះដែរ ដោយសារមានរបួសរាំរ៉ៃមិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូចជាការចង់ផ្ដល់ឱកាសឲ្យសិស្សប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាព និងជួយក្លិបផងដែរ។
គួរបញ្ជាក់ថា កីឡាករ កែវ សុខផេង បានរួមចំណែកជួយអោយក្លិបការពារតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំនួន ៣សម័យកាលជាប់គ្នានៅឆ្នាំ២០២០, ២០២១ និងចុងក្រោយក្នុងឆ្នាំ២០២២៕








