FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផលិតករភាពយន្តរឿង «ក្រឡអីហ្នឹង?» វគ្គ៣ អះអាងថា មានតួសម្ដែងខ្លះត្រូវរងរបួស ពេលចូលរួមថតក្នុងរឿងនេះ

21-03-2023 13:28

(ភ្នំពេញ)៖ ផលិតករភាពយន្តរឿង «ក្រឡអីហ្នឹង?» បានថ្លែងអះអាងថា ក្នុងដំណើរការសកម្មភាពថតភាពយន្តខ្នាតធំមួយនេះ មានតួសម្ដែងមួយចំនួនបានរងរបួស ព្រោះតែមានឈុតឆាកព្រឺព្រួច ហើយតម្រូវឲ្យតារាសម្ដែងត្រូវឆ្លងឧបសគ្គលំបាកៗជាច្រើន ដើម្បីឲ្យភាពយន្តនេះ ទទួលបាននូវគុណភាពខ្ពស់ ស្របទៅតាមអ្វីដែលមហាជន និងអ្នកគាំទ្រចង់បាន។

លោក ឌៀប សុវណ្ណារ៉ា អ្នកដឹកនាំរឿង «ក្រឡអីហ្នឹង?» វគ្គ៣ បានលើកឡើងឲ្យដឹង នៅក្នុងពិធីបើកសម្ពោធដាបញ្ចាំងជាផ្លូវការ កាលពីពេលថ្មីៗនេះថា​ រឿងក្រឡអីហ្នឹង? វគ្គ៣​ មិនតែត្រឹមជាសាច់រឿងកំប្លែង ព្រឺព្រួច បង្កបរិយាកាសសើចសប្បាយដល់អ្នកទស្សនានោះទេ ប៉ុន្តែភាពយន្តនេះ ក៏បង្ហាញអំពីការអប់រំទៅកាន់យុវជន ហើយមានសភាពសាច់រឿងខុសប្លែកពីវគ្គមុនៗ ខណៈស្ថិតក្នុងពេលសម្តែង ក៏មានតួអង្គមួយចំនួន ជួបគ្រោះថ្នាក់តិចតួច និងមានរងបួសស្នាមខ្លះៗផងដែរ។

លោកបន្តថា ជាក់ស្ដែងតារាកំប្លែង នាយ គ្រឿន បានថតឈុតមួយក្នុងរឿង ហើយមានការធ្វេសប្រហែលបន្តិច បានធ្វើឲ្យមុតកាំបិតនឹងដៃរបស់ខ្លួន រហូតដល់មានស្លាកស្នាម និងឈាមចេញតិចតួចផងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរនោះឡើយ។ យ៉ាងណាមិញ ផលិតកររបស់ផលិតកម្ម LD លោក ឌៀប សុវណ្ណារ៉ា បានបន្ថែមថា ក្រៅពីមានតារាខ្លះរងរបួសពេលថត ក្នុងខ្សែភាពយន្តទាំងមូលក៏មានការជួបផលលំបាកខ្លះផងដែរ ទៅលើការផលិត ដូចជាបញ្ហាប្រព័ន្ធភ្លើង និងប្រើប្លង់ច្រើនជាដើម សម្រាប់ថតរឿងវគ្គ៣នេះ។

លោក ឌៀប សុវណ្ណារ៉ា បន្តថា លោកពិតជាមានក្តីរំពឹងថា អាចផ្ទុះការចាប់អារម្មណ៍ច្រើន សម្រាប់រឿង «ក្រឡអីហ្នឹង?» វគ្គ៣ ខណៈដែលលោកប្រើរយៈពេលនៃការផលិតរឿងនេះ គឺរហូតដល់ ៣ខែជាង ដែលជារឿងបែបកំប្លែងសើចសប្បាយ និងព្រឺព្រួចនេះ ហើយប្រមូលសុទ្ធសឹងតែតារាល្បីៗមកចូលរួមសម្ដែង និងបានសម្រិតសម្រាំងឡើងទាំងគុណភាព បច្ចេកទេសសំឡេង ពន្លឺ និងខ្លឹមសារផងដែរ។

សូមបញ្ជាក់ថា ផលិតកម្ម អិលឌី បានសម្ពោធខ្សែភាពយន្ដខ្នាតធំចំនួន ២រឿងក្នុងពេលតែមួយ ដើម្បីដាក់បញ្ចាំងតាមរោងកុន នៅមុនពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប៉ុន្ដែក្នុងឱកាសសម្ពោធ បើកកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ មានរឿង១ ទទួលបានការចាប់អារម្មណ៍ខ្លាំងមុនគេពីទស្សនិកជន គឺរឿង «ក្រឡអីហ្នឹង?» វគ្គទី៣ ដែលនឹងចាប់ផ្ដើមចាក់បញ្ចាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះតទៅ ខណៈរឿងមួយទៀតមានចំណងជើងថា «ឱកាសស្នេហ៍គេដូចមុន» ជាប្រភេទរឿង BL នឹង​ចាក់​បញ្ចាំង​តាម​រោងកុន​ចាប់​ពី​ថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ​២០២៣៕