FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ ការលក់ដោយបង្ខំចំពោះចលនវត្ថុ

15-01-2023 14:32

(ភ្នំពេញ)៖ ការលក់ដោយបង្ខំចំពោះចលនវត្ថុ ជាផ្នែកមួយនៃនីតិវិធីអនុវត្តដោយបង្ខំចំពោះចលនវត្ថុ ដែលត្រូវបានប្រើប្រាស់ដោយអាជ្ញាសាលា សម្រាប់លក់ចលនវត្ថុត្រូវបានរឹបអូសរួច ប្ដូរទៅជាប្រាក់ ដើម្បីយកមកសងសិទ្ធិលើបំណុលទៅកាន់ម្ចាស់បំណុលនៃការអនុវត្ដ ស្របតាមលិខិតអនុវត្ដ ។

តើការលក់ដោយបង្ខំចំពោះចលនវត្ថុ មានលក្ខណៈដូចម្ដេច? តើអាជ្ញាសាលាមានសិទ្ធិអំណាចអ្វីខ្លះនៅក្នុងនីតិវិធីនេះ? ហើយបុគ្គលណាខ្លះដែលច្បាប់មិនអនុញ្ញាតឱ្យក្លាយជាអ្នកទិញចលនវត្ថុ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការលក់ដោយបង្ខំចំពោះចលនវត្ថុ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម ។

អាជ្ញាសាលា ជាអ្នកទទួលបន្ទុកឯករាជ្យ ទៅលើដំណើរការនៃលក់ដោយបង្ខំចំពោះចលនវត្ថុ ។

អាជ្ញាសាលាត្រូវធ្វើការជូនដំណឹងដោយការបិទប្រកាសជាសាធារណៈ នៅក្តារព៌ត័មានរបស់តុលាការអំពីចលនវត្ថុដែលត្រូវលក់ វិធីនៃការលក់ ទីកន្លែង កាលបរិច្ឆេទ និងពេលវេលានៃការលក់ បន្ទាប់ពីបានធ្វើការវាយតម្លៃចលនវត្ថុ និងកំណត់តម្លៃលក់អប្បបរមា ។ ការលក់ចលនវត្ថុដែលត្រូវបានរឹបអូស ត្រូវធ្វើតាមវិធីលក់ឡាយឡុងដោយផ្ទាល់មាត់ និងដោយដាក់ស្រោមសំបុត្រ (ក្រមនីតិវិធីរដ្ឋប្ប វេណី មាត្រា៣៩៥ កថាខណ្ឌទី១ និង កថាខណ្ឌទី៣) ។ ការលក់ឡាយឡុងដោយផ្ទាល់មាត់ ត្រូវបានធ្វើឡើងដោយការស្នើចំនួនទឹកប្រាក់ថ្លៃទិញចលនវត្ថុ បន្ទាប់មកអាជ្ញាសាលានឹងប្រកាសអំពីការអនុញ្ញាតឱ្យទិញ ចំពោះអ្នកស្នើដែលហ៊ានឱ្យតម្លៃទិញខ្ពស់ជាងគេ ។

ការលក់ឡាយឡុងដោយស្រោមសំបុត្រ ត្រូវធ្វើឡើងដោយឱ្យអ្នកទិញ ដាក់ពាក្យសុំទិញចលនវត្ថុជាលាយ លក្ខណ៍អក្សរ បន្ទាប់ពីការប្រកាសឱ្យបិទការដេញថ្លៃ អាជ្ញាសាលានឹងបើកស្រោមសំបុត្រភ្លាមៗ ប្រកាសឈ្មោះ និងតម្លៃដែលហ៊ានថ្លៃខ្ពស់ជាងគេ ព្រមទាំងអនុញ្ញាតឱ្យបុគ្គលនោះទិញផងដែរ ដោយការបង់ថ្លៃទិញទើបអាចទទួលបានលទ្ធកម្មកម្មសិទ្ធិលើចលនវត្ថុនោះ។ លើសពីនេះទៀត ប្រសិនបើយល់ថាសមរម្យដោយគិតពិចារណាលើ ប្រភេទ និង ចំនួននៃចលនវត្ថុ ជាអាទិ៍ អាជ្ញាសាលាអាចអនុវត្តការលក់ដោយបង្ខំចំពោះចលនវត្ថុ ក្រៅពីវិធីលក់ឡាយឡុងដោយផ្ទាល់មាត់ ឬ ដោយស្រោមសំបុត្របាន ឬ អាចឱ្យបុគ្គលផ្សេងពីអាជ្ញាសាលាអនុវត្តការលក់ ដោយទទួលបានការអនុញ្ញាតពីសាលាដំបូងដែលខ្លួនស្ថិតនៅ ។

សិទ្ធិអំណាចអាជ្ញាសាលា៖ អាជ្ញាសាលាត្រូវរក្សាសណ្ដាប់ធ្នាប់នៅកន្លែងលក់ចលនវត្ថុ ហើយចំពោះជនណាដែលបានធ្វើសកម្មភាពរំខានដល់ការអនុវត្តការលក់ មិន ឱ្យប្រព្រឹត្តទៅបានដោយត្រឹមត្រូវ ដូចជារំខានដល់ជនដទៃទៀតក្នុងការធ្វើសំណើទិញ ឬ បានឃុបឃិតបញ្ចុះតម្លៃលក់ដោយមិនត្រឹមត្រូវ ឬ ចំពោះជនណាដែលប្រើឱ្យធ្វើសកម្មភាព អាជ្ញាសាលាមានអំណាចក្នុងការកម្រិតមិនឱ្យជននោះចូលកន្លែងលក់ចលនវត្ថុ ឬ អាចដេញជននោះចេញពីកន្លែងលក់ចលនវត្ថុ ឬ មិនអនុញ្ញាតឱ្យស្នើសុំទិញចលនវត្ថុបាន ។

បុគ្គលដែលមិនអាចក្លាយជាអ្នកទិញ៖ មិនមែនបុគ្គលគ្រប់រូបសុទ្ធតែច្បាប់អនុញ្ញាតឱ្យដាក់សំណើទិញចលនវត្ថុនោះទេ ពោលគឺមានបុគ្គលមួយចំនួនដែលច្បាប់មិនអនុញ្ញាតឱ្យដាក់សំណើទិញឡើយ ដែលបុគ្គលទាំងនោះរួមមាន៖ កូនបំណុលនៃការអនុវត្ត បុគ្គលដែលត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព (អនីតិជន ជននៅក្រោមអាណាព្យាបាលទូទៅ ជនស្ថិតក្រោមហិតូបត្ថម្ភកៈ) បុគ្គលដែលមិនអាចក្លាយជាអ្នកទិញ (អ្នកគ្រប់គ្រងចលនវត្ថុតាមច្បាប់ ផ្លូវតុលាការ កិច្ចសន្យា) មន្រ្ដីរាជការដែលទទួលបន្ទុកការលក់ដោយបង្ខំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ឬមន្ដ្រីតុលាការផ្សេងទៀត (សំណុំរឿងកំពុងចាត់ការនៅតុលាការដែលខ្លួនបំពេញភារកិច្ច) មេធាវី ឬសារការី (សំណុំរឿងដែលខ្លួនទទួលបន្ទុក) អ្នកទិញដែលមិនបង់ថ្លៃទិញចលនវត្ថុក្នុងពេលលក់លើកទី១ និង បុគ្គល ដែលអាជ្ញាសាលាមិនអនុញ្ញាតឱ្យដាក់សំណើទិញដោយ សារធ្វើសកម្មភាពរំខាននៅកន្លែងលក់ចលនវត្ថុ ។

សរុបសេចក្ដីមក ការលក់ដោយបង្ខំចំពោះចលនវត្ថុ គឺជានីតិវិធីមួយដែលមិនមានលក្ខណៈស្មុគស្មាញដូចទៅនឹងនីតិវិធីលក់ដោយបង្ខំមួយចំនួនទៀតនោះទេ ដោយនីតិវិធីនេះមានលក្ខណៈពិសេស ដោយសារតែជានីតិវិធីដែលអនុវត្តបានឆាប់រហ័ស មិនត្រូវការចំណាយពេលវេលាច្រើន លើកលែងតែក្នុងករណីដែលចលនវត្ថុមានចំនួនច្រើន និងមានតម្លៃខ្ពស់មួយចំនួនតែប៉ុណ្ណោះ ។

រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគាត CIC លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕