FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កីឡាករប្រណាំងម៉ូតូ Cross ១១៥នាក់ ត្រៀមចូលប្រកួតក្នុងព្រឹត្តិការណ៍ Off Road នៅខេត្តមណ្ឌលគិរី

09-01-2023 13:25

(ភ្នំពេញ)៖ មកដល់ពេលនេះ ការចុះឈ្មោះចូលរួមប្រកួតលើផ្នែកម៉ូតូ Cross មានកីឡាករជាតិ-អន្តរជាតិចំនួន១១៥នាក់ហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី។

លោក ឈឹម នរិន្ទ ប្រធានគណៈកម្មការរៀបចំប្រណាំងម៉ូតូ Cross នៃព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា ក្នុងចំនួនកីឡាករ១១៥នាក់នេះ គឺមានកីឡាករជាតិនិងអន្តរជាតិដែលរស់នៅកម្ពុជា និងមកពីក្រៅប្រទេស ដូចជាកីឡាករបារំាង ស្កុតលែន វៀតណម ថៃ កូរ៉េជាដើម ខណៈការប្រកួតត្រូវបានចែកចេញជា៥ Class ដូចជា Class-A Class-B Class-C Class-VIP និងClass Lady-Kid។

លោក ឈឹម នរិន្ទ សង្កត់ធ្ងន់ថា ថ្វីដ្បិតតែការរៀបចំព្រឹត្តិការណ៍ប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរីនេះ នៅឆ្ងាយក៏ពិតមែន ប៉ុន្តែលោកមើលឃើញថា កីឡាករនានាមានការស្រឡាញ់ និងចង់ចូលរួមប្រកួតខ្លាំង ដោយពេលនេះទទួលបានការចុះឈ្មោះចូលរួមបានជាង១០០នាក់។

លោកថា «ពីមុន ពួកគាត់មិនទាន់ស្គាល់អ្វីជាស្គាល់ទីលាន១២ម៉ូទ័រផាក ប៉ុន្តែក្រោយពីមានការពន្យល់ផ្សព្វផ្សាយ គណៈកម្មការបច្ចេកទេសទទួលបានការចុះឈ្មោះពីកីឡាករជាតិនិងអន្តរជាតិជាបន្តបន្ទាប់»

លោក ឈឹម នរិន្ទ បញ្ជាក់ទៀតថា ១២ម៉ូទ័រផាក គឺជាទីលានស្តង់ដាអន្តរជាតិមួយ ដែលក្នុងពេលធ្វើទីលាននេះមានការចូលរួមពីអ្នកជំនាញជាជនជាតិបារំាង ថៃ និងមានរយៈចម្ងាយ១.៩គីឡូម៉ែត្រ។ ការចូលរួមប្រកួតនៅទីនេះគឺត្រូវតែស្វិតស្វាញ ដោយសារតែគោលការណ៍ទីលាន១២ម៉ូទ័រផាកត្រូវការជ្រើសរើសធនធានកីឡាករល្អៗ ដែលមានសមត្ថភាពខ្ពស់ៗពិតប្រាកដ ដើម្បីសម្រិតសម្រាំងធនធានកីឡាករត្រៀមចេញទៅប្រកួតអន្តរជាតិនៅក្រៅប្រទេស នាពេលខាងមុខ។

លោកបន្តថា «ដូច្នេះវាត្រូវការទាមទារឲ្យកីឡាករហ្វឹកហាត់ឲ្យបានខ្លាំង និងការប្រកួតក្នុងកម្រិតស្វិតស្វាញខ្លាំងបំផុត ហើយពេលដែលទីលានស្តង់ដាអន្តរជាតិមួយនេះជ្រើសរើសកីឡាករឆ្នើមៗបានហើយនឹងត្រូវចុះកិច្ចសន្យាផ្តល់ប្រាក់ខែជាប្រចាំជូនដល់ពួកគាត់ ដែលជាកីឡាករប្រចាំទីលាន១២ម៉ូទ័រផាក ក្នុងការចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលខាងមុខ»

គួរបញ្ជាក់ថា ក្រុមកីឡាករមកពីសាធារណរដ្ឋកូរ៉េបានធ្វើមកដល់កម្ពុជាហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាប្រណាំងយានយន្ត Off Road សន្តិភាព ឆ្នាំ២០២៣ នៅទីលាន១២ម៉ូទ័រផាក ខេត្តមណ្ឌលគិរី ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៕