FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ ការបង្កើតហ៉ីប៉ូតែក

08-01-2023 10:20

(ភ្នំពេញ)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋម្នាក់ៗ ហិរញ្ញវត្ថុ គឺជាតម្រូវការដ៏ចាំបាច់មួយដែលខ្វះមិនបាន ក្នុងការដោះស្រាយបញ្ហានានាក្នុងជីវភាព ក៏ដូចជាអាជីវកម្មរបស់ខ្លួន ហើយជាទូទៅដើម្បីដោះស្រាយបញ្ហាចំពោះមុខ ពួកគាត់តែងតែជ្រើសរើសយកកម្ចីហិរញ្ញវត្ថុ ដែលភាគច្រើនពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ពាក់ព័ន្ធនឹងប្រតិបត្តិការកម្ចីរវាងកូនបំណុល និងម្ចាស់បំណុលនេះផងដែរ ដើម្បីបង្កើនការទុកចិត្ត ក៏ដូចជាការពារផលប្រយោជន៍របស់គូភាគីទាំងសងខាង របបគតិយុត្តមួយប្រភេទត្រូវបានបង្កើតឡើង មានឈ្មោះថា «ហ៉ីប៉ូតែក» ដែលអនុញ្ញាតឱ្យកូនបំណុលប្រើប្រាស់សិទ្ធិលើអចលនវត្ថុរបស់ខ្លួន ទៅធានាការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ជាមួយម្ចាស់បំណុល។

តើអ្វីទៅជាហ៉ីប៉ូតែក ? ហើយហ៉ីប៉ូតែកត្រួវបង្កើតឡើងបែបណាទើបត្រឹមត្រូវស្របតាមច្បាប់ ?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការបង្កើតហ៉ីប៉ូតែក» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

យោងតាមមាត្រា ៨៤៣ នៃក្រមរដ្ឋប្បវេណី បានឱ្យនិយមន័យ «ហ៉ីប៉ូតែក» ថាជាសិទ្ធិមួយដែលម្ចាស់បំណុលទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់។ ក្នុងន័យនេះយើងឃើញថា ហ៉ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្ស ដែលកូនបំណុល ឬតតិយជនបានយកទ្រព្យសម្បត្តិមកដាក់ហ៉ីប៉ូតែក ដើម្បីធានាកាតព្វកិច្ច ដែលមានចំពោះបំណុល ជាមួយម្ចាស់បំណុល ដោយមិនមានការផ្ទេរនូវការកាន់កាប់ទ្រព្យនោះទៅឱ្យម្ចាស់បំណុលឡើយ។

ជាគោលការណ៍ ហ៉ីប៉ូតែកត្រូវបានបង្កើតឡើង ដោយព្រមព្រៀងគ្នារវាងម្ចាស់បំណុល និងកូនបំណុល ឬតតិយជនដែលយកអចលនវត្ថុរបស់ខ្លួនមកដាក់ហ៉ីប៉ូតែក តាមរយៈកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។ ជាទូទៅកិច្ចសន្យាបង្កើតហ៉ីប៉ូតែកអាចត្រូវបានបង្កើតឡើង និងមានអានុភាពអនុវត្តបាន ក្នុងទម្រង់ជាលិខិតសាមញ្ញ ប៉ុន្តែម្ចាស់បំណុលនឹងមិនអាចយកហ៉ីប៉ូតែកនេះទៅតតាំងជាមួយនឹងតតិយជនឡើយ។ ដើម្បីអាចបង្កើតលក្ខខណ្ឌតតាំងជាមួយតតិយជនបាន លុះត្រាតែកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។

ខាងក្រោមនេះ ជាទិដ្ឋភាពជាក់ស្ដែង ទាក់ទងនឹងការបង្កើតហ៉ីប៉ូតែក ចាប់ផ្ដើមពីការបង្កើតឱ្យមានសិទ្ធិលើបំណុល រហូតដល់ហ៉ីប៉ូតែកត្រូវបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់៖

* ដំណាក់កាលទី១៖ នៅក្នុងការអនុវត្តទូទៅ មុននឹងមានការបង្កើតហ៉ីប៉ូតែក សិទ្ធិលើបំណុលចាំបាច់ត្រូវតែកើតមានរវាងម្ចាស់បំណុល និងកូនបំណុលជាមុនសិន។ ជាទូទៅ សិទ្ធិលើបំណុលអាចត្រូវបានបង្កើតឡើងច្រើនរូបភាព ដែលភាគច្រើនយើងអាចមើលឃើញតាមរយៈការបង្កើតកិច្ចសន្យាខ្ចីបរិភោគ រវាងកូនបំណុល និងម្ចាស់បំណុល។ នៅពេលបង្កើតកិច្ចសន្យាខ្ចីបរិភោគរួចរាល់ ប្រសិនបើភាគីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែកដើម្បីធានាលើបំណុល នោះគូភាគីត្រូវតែធ្វើកិច្ចសន្យាបង្កើតហ៉ីប៉ូតែក។

* ដំណាក់កាលទី២៖ បន្ទាប់ពីឯកភាពគ្នាក្នុងការយកទ្រព្យរបស់កូនបំណុលទៅដាក់ហ៉ីប៉ូតែកដើម្បីធានាលើបំណុល ម្ចាស់បំណុល និងកូនបំណុល ត្រូវរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកមួយឡើង។ ដូចបានបញ្ជាក់ខាងលើ កិច្ចសន្យាបង្កើតហ៉ីប៉ូតែកនឹងមិនអាចយកទៅតតាំងជាមួយតតិយជនបានឡើយបើមិនបានធ្វើឡើងជាទម្រង់លិខិតយថាភូត និងត្រូវបានចុះបញ្ជីនៅក្នុងសៀវភៅបញ្ជីដីធ្លី។ លិខិតយថាភូតត្រង់ចំណុចនេះមានន័យថា ជាកិច្ចសន្យាបង្កើតហ៉ីប៉ូតែកត្រូវបានបង្កើតឡើង និងមានបញ្ជាក់ដោយមន្រ្តីមានសមត្ថកិច្ច។ មន្រ្តីមានសមត្ថកិច្ចត្រង់ចំណុចនេះអាចជាមេឃុំ ឬចៅសង្កាត់ ឬជាសារការី។

* ដំណាក់កាលទី៣៖ បន្ទាប់ពីបានរៀបចំកិច្ចសន្យាបង្កើតហ៉ីប៉ូតែកជាទម្រង់លិខិតយថាភូតរួចរាល់ ជំហានបន្ទាប់គឺត្រូវរៀបចំពាក្យសុំចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែក ដើម្បីស្នើសុំចុះបញ្ជីទៅរដ្ឋបាលសុរិយោដី។ ពាក្យសុំចុះបញ្ជីហ៉ីប៉ូតែកអំពីការបង្កើតហ៉ីប៉ូតែកត្រូវតែធ្វើឡើងរួមគ្នាដោយបុគ្គលមានសិទ្ធិចុះបញ្ជី និងបុគ្គលមានកាតព្វកិច្ចចុះបញ្ជី។

ពាក្យសុំចុះបញ្ជី ត្រូវបញ្ជាក់នូវព័ត៌មាន និងឯកសារចាំបាច់មួយចំនួន ដូចជា៖
- គោលបំណងនៃការចុះបញ្ជី៖ ការបង្កើតហ៉ីប៉ូតែកលើកម្មសិទ្ធិ
- មូលហេតុ៖ កិច្ចសន្យាខ្ចីបរិភោគ និងកិច្ចសន្យាបង្កើតហ៉ីប៉ូតែក
- អត្តសញ្ញាណបុគ្គលមានសិទ្ធិទាមទារឱ្យចុះបញ្ជី
- អត្តសញ្ញាណបុគ្គលមានកាតព្វកិច្ចចុះបញ្ជី
- ចំណុចផ្សេងៗ៖ ប្រាក់ដើម ការប្រាក់ សំណងនៃការខូចខាត ...
- អត្តសញ្ញាណកម្មវត្ថុនៃហ៉ីប៉ូតែក។

* ដំណាក់កាលទី៤៖ ដំណាក់កាលនេះ គឺជានីតិវិធីរបស់មន្រ្តីទទួលបន្ទុកចុះបញ្ជីហ៉ីប៉ូតែក ដូចដែលមានបញ្ជាក់នៅក្នុងប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការចុះបញ្ជី អំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី។

សរុបមក ហ៉ីប៉ូតែក គឺជារបបគតិយុត្តមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់បំណុល តាមរយៈការដាក់វត្ថុធានាដល់ការសងបំណុល ដែលជាទូទៅនៅពេលកូនបំណុលមិនអនុវត្តកាតព្វកិច្ច ម្ចាស់បំណុលអាចអនុវត្តសិទ្ធិរបស់ខ្លួនបានទៅលើវត្ថុដែលដាក់ធានានោះ។ ហ៉ីប៉ូតែក ដែលត្រូវបានបង្កើតឡើងស្របតាមលក្ខខណ្ឌតតាំង ពោលគឺធ្វើឡើងជាទម្រង់លិខិតយថាភូត និងបានចុះបញ្ជីបង្កើតហ៉ីប៉ូតែកត្រឹមត្រូវស្របតាមលក្ខខណ្ឌច្បាប់កំណត់ មានអានុភាពតតាំងជាមួយនឹងតតិយជន ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត អាស្រ័យទៅលើលំដាប់នៃហ៉ីប៉ូតែក។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោក ឡេង ពុទ្ធិតារា ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖[email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group ៕