យល់ដឹងផ្នែកច្បាប់៖ នីតិវិធីបណ្តឹងចំពោះបទបរិហារកេរ្តិ៍ និងបទជេរប្រមាថ
01-01-2023 20:39
(ភ្នំពេញ)៖ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តែងតែមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ដោយមិនប្រកាន់ឋានៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ ឬ និន្នាការនយោបាយអ្វីឡើយ។ ទោះក្នុងរូបភាពណាក៏ដោយ មិនត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួនហួសដែនកំណត់នៃច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ តាមរយៈកាយវិការ ក៏ដូចជាពាក្យសម្តីក្តី គួរប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក ជៀសវាងការបង្កជាបទល្មើសណាមួយ ដូចពាក្យចាស់ថា អណ្តាតជាអាទិ៍គន្លង បានសុខទុក្ខផងដោយសារអណ្តាត។
ដូច្នេះសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ស្តីពី «នីតិវិធីបណ្ដឹងចំពោះបទបរិហារកេរ្តិ៍ និងបទជេរប្រមាថ» ដូចខាងក្រោម។
ជាបឋមសូមធ្វើការបង្ហាញជូនអំពីនិយមន័យនៃបទបរិហារកេរ្តិ៍ជាសាធារណណៈ និងបទជេរប្រមាថជាសាធារណៈ ជាមុនសិន៖
* បទបរិហារកេរ្តិ៍ជាសាធារណៈ៖ គ្រប់ការអះអាងបំផ្លើស ឬ ការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬ កិត្តិស័ព្ទនៃបុគ្គល ឬ នៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ ។ ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។
* បទជេរប្រមាថ ជាសាធារណៈ៖ គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬ គ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុសទៅលើអំពើណាមួយ គឺជាការជេរប្រមាថ ។ ត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។
យោងតាមមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ នីតិវិធីបណ្តឹងចំពោះបទបរិហារកេរ្តិ៍ និងបទជេរប្រមាថ បានបញ្ញត្តិថា ក្នុងករណីដែលមានការបរិហា កេរ្តិ៍ ឬការជេរប្រមាថ ចំពោះសមាជិករាជរដ្ឋាភិបាល មន្រ្តីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលបេសកកម្មសាធារណៈ ឬអាណត្តិសាធារណៈ ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្ដឹងរបស់សាមីខ្លួន ឬបណ្ដឹងរបស់ប្រធានស្ថាប័នសាមី។
ក្នុងករណីដែលមានការបរិហារកេរ្តិ៍ ឬការជេរប្រមាថ ចំពោះបុគ្គលឯកជន ការចោទប្រកាន់នឹងត្រូវធ្វើឡើងតាមបណ្ដឹង របស់សាមីខ្លួនដែលទទួលរងនូវការបរិហារកេរ្តិ៍ ឬការជេរប្រមាថនោះ។
ពាក្យប្តឹងរបស់សាមីខ្លួន ឬ ប្រធានស្ថាប័នសាមី ដែលមានចែងក្នុងកថាខណ្ឌទី១ និងទី២ ខាងលើនេះ គឺជាលក្ខ ខណ្ឌចាំបាច់ នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដោយអយ្យការ ហើយការដកពាក្យប្ដឹងវិញរបស់អ្នកប្ដឹង នាំឱ្យបណ្ដឹងអាជ្ញារលត់។
ក៏ប៉ុន្តែ ការចោទប្រកាន់អាចនឹងត្រូវធ្វើឡើងដោយស្វ័ យប្រវត្តដោយព្រះរាជអាជ្ញា កាលបើការបរិហារកេរ្តិ៍ ឬជេរប្រមា ថ នោះ ត្រូវបានធ្វើឡើងប្រឆាំងនឹងបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ដោយមូលហេតុដើមកំណើត ជាតិពន្ធុ ពូជសាសន៍ សញ្ជា តិ ឬសាសនារបស់បុគ្គលនោះ។ ក្នុងករណីនេះ នីតិវិធីនៃការបញ្ជូនទៅជំនុំជម្រះ ត្រូវអនុលោមតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ប្រសិនបើមាន បទល្មើសកើតឡើងលើបុគ្គល ឬស្ថាប័នណាមួយ ការដាក់ពាក្យបណ្តឹងលើបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងបទល្មើសជេរប្រមាថជាសាធារណៈ នោះជនរងគ្រោះ ឬ ដើមបណ្តឹងរដ្ឋប្បវេណីអាចដាក់ពាក្យបណ្តឹងនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ឬក្នុងដំណាក់កាលអយ្យការក៏បាន។
ព្រះរាជអាជ្ញាអាចនឹងត្រូវធ្វើការចោទប្រកាន់ដូចបទល្មើសព្រហ្មទណ្ឌផ្សេងៗដែរ ហើយការដកពាក្យបណ្តឹងរបស់ជនរងគ្រោះ ឬ ដើមបណ្តឹងរដ្ឋប្បវេណី នាំឱ្យបណ្តឹងអាជ្ញារលត់ដោយសារតែបទល្មើសខាងលើ ពុំមានការផ្តន្ទាទោសជាប់ពន្ធនាគារនោះទេ មានតែការពិន័យជាប្រាក់ប៉ុណ្ណោះ។
សរុបជារួម បុគ្គលគ្រប់រូបមិនគួរនិយាយបរិហារកេរ្តិ៍ ឬជេរប្រមាថ ដែលធ្វើឱ្យប៉ះពាល់ដល់ជនណាមួយ ឬស្ថាប័នណាមួយឡើយ នេះសុទ្ធតែជាទង្វើរមិនល្អ ព្រោះសង្គមគាំទ្រតែលើបុគ្គល ឬស្ថាប័នណាដែលផ្តល់តម្លៃឱ្យគ្នា គោរពគ្នាទៅវិញទៅមក ជៀសវាងការបំផ្លើសទំលាក់កំហុស និងការជេរប្រមាថមើលងាយ។ ហេតុដូច្នេះហើយ ទើបក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា បានបញ្ញត្តិនូវបទល្មើសអំពីការបរិហារកេរ្តិ៍ និងការជេរប្រមាថនេះ។
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ហេង មរកត ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧ ២៧ ៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖www.ciclg.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕
