យល់ដឹងផ្នែកច្បាប់៖ ការសះជាតាមផ្លូវបណ្ដឹង
25-12-2022 18:22
(ភ្នំបេញ)៖ ជាទូទៅ រាល់វិវាទ ឬ ជម្លោះដែលកើតឡើង គឺតែងតែមានដំណោះស្រាយ ដើម្បីធ្វើការផ្សះផ្សាគូភាគីឱ្យសះជាគ្នាបញ្ចប់វិវាទ ឬ ជម្លោះនោះដោយសន្តិវិធី។ ចំពោះការផ្សះផ្សាគូភាគីឱ្យសះជាគ្នានៃវិវាទ ឬ ជម្លោះនេះទៀតសោត គឺអាចធ្វើឡើងបានតាមរយៈយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយធ្វើការសះជាតាមរយៈកិច្ចសន្យា និងយន្តការដោះស្រាយនៅប្រព័ន្ធតុលាការ ដោយធ្វើការសះជាតាមផ្លូវបណ្ដឹង។
ដោយកន្លងមកយើងធ្លាប់បានលើកយកប្រធានបទស្ដីពីការសះជាតាមរយៈកិច្ចសន្យា យកមកធ្វើការបកស្រាយរួចមកហើយ ចំណែកនៅក្នុងសប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការសះជាតាមផ្លូវបណ្ដឹង» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត វិញម្ដង។
តើអ្វីទៅជាការសះជាតាមផ្លូវបណ្ដឹង? ហើយការសះជាតាមផ្លូវបណ្ដឹងអាចធ្វើឡើងបានដោយវិធីណា?
ការសះជាតាមផ្លូវបណ្ដឹង គឺជាសកម្មភាពមួយដែលដើមចោទ និងចុងចម្លើយធ្វើសម្បទានគ្នាទៅវិញទៅមក (លះបង់រៀងៗខ្លួន) នូវការអះអាងអំពីអត្ថិភាព ឬ នត្ថិភាពនៃសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តដែលជាកម្មវត្ថុនៃបណ្ដឹង និង ព្រមព្រៀងបញ្ចប់វិវាទនៅក្នុងនីតិវិធីបណ្ដឹង ហើយធ្វើសេចក្ដីថ្លែងការណ៍អំពីលទ្ធផលនោះ ដោយឯកភាពគ្នាចំពោះមុខតុលាការ។ ឧទាហរណ៍ថា នៅក្នុងបណ្ដឹងពាក់ព័ន្ធនឹងកិច្ចសន្យាជួលនៃអចលនវត្ថុ ដែលម្ចាស់ផ្ទះបានទាមទារឱ្យប្រគល់ផ្ទះ ដោយអះអាងថា ខ្លួនបានរំលាយកិច្ចសន្យាដោយសារតែអ្នកជួលមិនបានបង់ថ្លៃឈ្នួល ក្នុងករណីនេះដើមចោទបានធ្វើសម្បទាន (លះបង់ផលប្រយោជន៍របស់ខ្លួន) ដោយលើកលែងកាតព្វកិច្ចបង់ថ្លៃឈ្នួលដែលមិនទាន់បង់ ហើយផ្ដល់អំឡុងពេលសម្រាប់ប្រគល់ផ្ទះមកវិញ ក្នុងរយៈពេល ១ខែ រីឯចុងចម្លើយវិញក៏ទទួលស្គាល់នូវការបញ្ចប់កិច្ចសន្យាជួលដោយការរំលាយកិច្ចសន្យា ដោយមានមូលហេតុមិនបានបង់ថ្លៃឈ្នួល ហើយសន្យាថា ១ខែ ក្រោយ ខ្លួននឹងប្រគល់ផ្ទះនោះជូនម្ចាស់ផ្ទះវិញ។
ដើម្បីធ្វើការសះជាតាមផ្លូវបណ្ដឹងបានភាគីទាំងសងខាងចាំបាច់ត្រូវបង្ហាញខ្លួននៅកាលបរិច្ឆេទត្រៀមសម្រាប់ការទាញហេតុផល និងកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ពីព្រោះថា ជាទូទៅតុលាការតែងតែធ្វើការផ្សះផ្សាគូភាគី ដើម្បីបញ្ចប់វិវាទ ឬជម្លោះនៅក្នុងអំឡុងពេលនោះ ជាពិសេសនៅក្នុងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលតែម្ដង លើកលែងតែក្នុងករណីដែលយល់ឃើញថាមិនសមរម្យ ដោយគូភាគីមិនមានឆន្ទៈឆ្លើយតបនឹងការផ្សះផ្សានោះ។ ប៉ុន្តែប្រសិនបើគូភាគីមានឆន្ទៈឆ្លើយតបនឹងការផ្សះផ្សាវិញ នោះគូភាគីនៃជម្លោះត្រូវធ្វើការសះជាគ្នាតាមផ្លូវបណ្ដឹង។
ក្នុងករណីប្រសិនបើការសះជាតាមផ្លូវបណ្ដឹងត្រូវបានកត់ត្រានៅក្នុងកំណត់ហេតុស្ដីពីនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល និងការទាញហេតុផលដោយផ្ទាល់មាត់ កំណត់ត្រានោះត្រូវបានទទួលស្គាល់ថា មានអានុភាពដូចគ្នានឹងសាលក្រមស្ថាពរ នេះដោយយោងតាមមាត្រា១១១ មាត្រា១១៩ និងមាត្រា២២២ នៃក្រមនីតិវិធីរដ្ឋប្បវេណី នៃព្រះរាជាណាចក្រកម្ពុជា ដោយសារតែវិវាទរវាងគូភាគីបានបញ្ចប់ដោយសារការសះជា ហើយគ្មានន័យក្នុងការបន្តបណ្ដឹងនោះ ហេតុនេះហើយ ជាលទ្ធផលនៃអានុភាពនៃការសះជាតាមផ្លូវបណ្ដឹង បណ្ដឹងនោះនឹងត្រូវបានបញ្ចប់។
គួរបញ្ជាក់បន្ថែមផងដែរថា ការសះជាតាមផ្លូវបណ្ដឹង នឹងធ្វើឱ្យមានការចាត់ចែងសិទ្ធិ ឬ ទំនាក់ទំនងគតិយុត្តដែលជាកម្មវត្ថុនៃបណ្ដឹង ហេតុនេះហើយត្រូវអនុញ្ញាតឱ្យផ្សះផ្សាបានតែក្នុងបណ្ដឹងដែលយកគោលការណ៍នៃសិទ្ធិចាត់ចែង មកធ្វើជាមូលដ្ឋានតែប៉ុណ្ណោះ ដូច្នេះចំពោះបណ្ដឹងទាក់ទងនឹងឋានៈបុគ្គល ដែលយកទំនាក់ទំនងនឹងឋានៈបុគ្គល មកធ្វើជាកម្មវត្ថុនៃបណ្ដឹងនោះ មិនអាចផ្សះផ្សាបានទេ នេះដោយផ្អែកតាមស្មារតីច្បាប់ស្ដីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល មាត្រា១៣ កថាខណ្ឌទី២។
សរុបជារួមមក ការសះជាតាមផ្លូវបណ្ដឹងគឺជានីតិវិធីមួយដែលគូភាគីមានបណ្ដឹងវិវាទ ឬ ជម្លោះ នៅតុលាការ តែងតែយកនីតិវិធីមួយនេះមកធ្វើការសះជាគ្នា នៅក្នុងករណីដែលគូភាគីមានឆន្ទៈក្នុងការសះជាគ្នាក្នុងបណ្ដឹង ដោយលះបង់នូវផលប្រយោជន៍រៀងៗខ្លួន ដើម្បីបញ្ចប់វិវាទ ឬ ជម្លោះ ឱ្យបានឆាប់រហ័ស ដោយសន្តិវិធីនៅក្នុងប្រព័ន្ធតុលាការ។ ម្យ៉ាងវិញទៀតការសះជាបែបនេះ ថ្វីត្បិតតែគូភាគីត្រូវលះបង់ផលប្រយោជន៍រៀងៗខ្លួនក៏ពិតមែន ប៉ុន្តែគូភាគីក៏ទទួលបាននូវអត្ថប្រយោជន៍មួយចំនួនដែលខ្លួនចង់បានត្រលប់មកវិញផងដែរ ហេតុនេះហើយការសះជាបែបនេះនៅតុលាការគឺជាវិធីសាស្រ្តមួយដែលល្អផងដែរ។
រៀបរៀងដោយ៖ លោកមេធាវី ប៊ុន វិទូ និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com (http://www.ciclg.com/), ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm៕
