FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ ការគំរាមកំហែងហែកកេរ្តិ៍

18-12-2022 13:11

(ភ្នំពេញ)៖ នៅក្នុងសកលលោកយើងនាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងប្រទេស និងប្រទេស មនុស្ស និងមនុស្ស តាមរយៈបណ្តាញសង្គមនានា ដូចជា Facebook, Telegram, Line, Instagram ជាដើម ។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ គឺមានសារៈសំខាន់ និងជាភាពងាយស្រួលក្នុងការបំពេញតម្រូវការរបស់មនុស្សជាតិ ក៏ដូចជាការបញ្ចេញមតិ និងការចែកចាយនូវរាល់រូបភាព ឬព័ត៌មាននានា ជាពិសេសមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ។

ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលក្នុងការប្រើប្រាស់នេះ បែរជាលេចចេញនូវភាពអវិជ្ជមានតាមរយៈសកម្មភាពរបស់ជនឆ្លៀតឱកាសមួយចំនួន ដែលបានប្រើប្រាស់មធ្យោបាយនេះក្នុងការគំរាមកំហែងហែកកេរ្តិ៍នៅគ្រប់រូបភាព ដែលបានជះឥទ្ធិពល និងមានការបំពានយ៉ាងខ្លាំងទៅដល់សិទ្ធិបុគ្គលរបស់ជនរងគ្រោះ មិនថាតែ បុរស ឬ ស្រ្តី ឬ កុមារនោះទេ ។

តើការគំរាមកំហែងហែកកេរ្តិ៍ជាអ្វី? ហើយត្រូវបានច្បាប់ផ្តន្ទាទោសដោយកម្រិតណា?

កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «ការគំរាមកំហែងហែកកេរ្តិ៍» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។

យោងតាមមាត្រា ៣៧២ នៃក្រមព្រហ្មទណ្ឌ ស្តីពីនិយមន័យនៃការគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើប្រព្រឹត្តដោយគំរាមកំហែងបើកកកាយ ឬទម្លាក់កំហុសទៅលើអំពើដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ដើម្បីទទួលបាននូវ៖

*១. ហត្ថលេខា ឬ ស្នាមម្រាមដៃ
*២. ការសន្យា ឬ ការបោះបង់ចោលអ្វីមួយ
*៣. ការបង្ហាញអាថ៌កំបាំងណាមួយ
*៤. ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

ចំពោះទោសដែលត្រូវអនុវត្តនោះ គឺដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ស្របតាមមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ ។ ចំណែកឯការប៉ុនប៉ងប្រព្រឹត្តបទល្មើសនេះ ត្រូវផ្ដន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ ។

បទល្មើសនេះមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងបទកំហែងយកដែរ ប៉ុន្តែមធ្យោបាយនៃការកំហែងយក ជនល្មើសប្រព្រឹត្តដោយប្រើហិង្សា ការគំរាមកំហែងថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំ ដើម្បីទទួលបានអត្ថប្រយោជន៍នៃភាគីម្ខាងទៀត ដូចទៅនឹងការគំរាមកំហែងហែកកេរ្តិ៍ ចំណែកឯការគំរាមកំហែងហែកកេរ្តិ៍ ជនល្មើសបានប្រើប្រាស់មធ្យោបាយ គំរាមកំហែងបើកកកាយ ឬទម្លាក់កំហុសទៅលើអំពើដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន។

ឧទាហរណ៍៖ ឈ្មោះ «ក» និងឈ្មោះ «ខ» មានទំនាក់ទំនងស្នេហាជាមួយគ្នា និងបានរួមរស់ជាមួយគ្នាដោយអនីតិសង្វាស ។ មិនបានប៉ុន្មាន ដោយសារមានការរកាំរកូសគ្នាជាច្រើនលើកច្រើនសារ ឈ្មោះ «ខ» ក៏បានសុំផ្តាច់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះ «ក» ប៉ុន្តែឈ្មោះ «ក» មិនព្រមបែកគ្នា ហើយបានគំរាមកំហែង ឈ្មោះ «ខ» ថានឹងយករូបដែលខ្លួនថតទុកនោះ ធ្វើការផ្សព្វផ្សាយជាសាធារណៈ ដើម្បីឱ្យមនុស្សក្នុងសង្គមបានឃើញ ។ ឈ្មោះ «ក» បានប្រាប់ជនរងគ្រោះថា នឹងមិនផ្សព្វផ្សាយរូបភាពនោះទេ បើជនរងគ្រោះព្រមឱ្យប្រាក់ទៅរូបគេចំនួន ១០.០០០ (មួយម៉ឺនដុល្លារអាមេរិក) តែបើមិនបានប្រាក់ទេ រូបគេនឹងផ្សព្វផ្សាយជាសាធារណ:នូវរូបភាពអាក្រាតរបស់ជនរងគ្រោះ ។

ផ្អែកតាមឧទាហរណ៍ដូចដែលបានរៀបរាប់ខាងលើ ប្រសិនបើឈ្មោះ «ក» បានយករូបថតអាសអាភាសដែលខ្លួនបានថតនោះ ទៅផ្សព្វផ្សាយជាសាធារណៈ មានន័យថា ឈ្មោះ «ក» បានប្រព្រឹត្តចេញជាអំពើជាក់ស្តែងនូវការគំរាមកំហែងហែកកេរ្តិ៍ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ មាត្រា ៣៧៤ «កាលបើអំពើគំរាមកំហែងហែកកេរ្តិ៍ ឬការទម្លាក់កំហុសដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អាន ត្រូវបានសម្តែងចេញជាអំពើជាក់ស្តែង ចារីត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ»។

បន្ថែមពីទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់ ចារីអាចត្រូវរងការអនុវត្តទោសបន្ថែម ចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត ដូចមានចែងក្នុងមាត្រា ៣៧៦ នៃក្រមព្រហ្មទណ្ឌ ។

សរុបសេចក្តីមក ការគំរាមកំហែងហែកកេរ្តិ៍ គឺជាអំពើដែលចារីបានប្រព្រឹត្តដោយគំរាមកំហែងបើកកកាយ ឬទម្លាក់កំហុសទៅលើអំពើដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អានរបស់បុគ្គលណាម្នាក់ ដើម្បីទទួលបាន ហត្ថលេខា ឬស្នាមម្រាមដៃ, ការសន្យា ឬការបោះបង់ចោលអ្វីមួយ, ការបង្ហាញអាថ៌កំបាំងណាមួយ និងការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយពីជនរងគ្រោះ ។ ចំពោះទោសទណ្ឌត្រូវបានអនុវត្តតបតាមស្មារតីនៃមាត្រា ៣៧៣, មាត្រា ៣៧៤, មាត្រា ៣៧៥ និងមាត្រា ៣៧៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា ម៉េង សៀវយី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Firm៕