យល់ដឹងផ្នែកច្បាប់៖ អំពើពុករលួយនៃនិយោជិត និងអភិបាលជាអាទិ៍
16-10-2022 17:18
(ភ្នំពេញ)៖ ជាទូទៅកាលណានិយាយអំពីអំពើពុករលួយ ប្រជាពលរដ្ឋទូទៅ តែងតែគិតឃើញ ដល់ អំពើនៃការស៊ីសំណូក សូកប៉ាន់ផ្សេងៗ ដែលកើតមានឡើងនៅតាមស្ថាប័ននីមួយៗ ។ ប៉ុន្តែនៅក្នុងច្បាប់មិនត្រឹមកំណត់តែអំពើពុករលួយដែលប្រឆាំងទៅនឹងមន្រ្តីសាធារណៈ ទេ សូម្បីតែនៅក្នុងស្ថាប័នឯកជនក៏មានបទប្បញ្ញតិ្តដែលពាក់ព័ន្ធអំពីបទល្មើសអំពើពុករលួយដែលប្រព្រឹត្តដោយនិយោជិត និងអភិបាលជាអាទិ៍ផងដែរ ។
តើអំពើពុករលួយនៃនិយោជិត និងអភិបាល គឺជាបទល្មើសដែរឬទេ? និងត្រូវផ្ដន្ទាទោសយ៉ាងដូចម្ដេច?
ដើម្បីយល់ដឹងឱ្យបានកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News ដែលសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសប្តាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «អំពើពុករលួយនៃនិយោជិត និងអភិបាល ជាអាទិ៍» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។
យោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អំពើពុករលួយនៃនិយោជិត និងអភិបាលជាអាទិ៍ គឺជាបទល្មើសព្រហ្មទណ្ឌ ហើយនៅក្នុងនោះ ឃើញថាមាន ០៣ ប្រភេទបទល្មើសផ្សេងៗគ្នាដូចខាងក្រោម ៖
១៖ បទស៉ីសំណូកនៃនិយោជិត
យោងតាមមាត្រា ២៧៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញតិ្តថា អំពើប្រព្រឹត្តដោយនិយោជិតដែលសុំ ឬ យល់ព្រមទទួលអំណោយ ជំនូន ការសន្យា ឬ អត្ថប្រយោជន៍ណាមួយ ដើម្បីបំពេញ ឬមិនបំពេញកិច្ចណាមួយនៃមុខងាររបស់ខ្លួនដោយនិយោជកមិនបានដឹង និងគ្មានការព្រមព្រៀងពីនិយោជកទេនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។
ករណីបទល្មើសនេះ គឺសំដៅដល់អំពើពុករលួយដែលប្រព្រឹត្ដដោយនិយោជិត ដែលបានទទួលសំណូកពីបុគ្គលណាម្នាក់នូវអំណោយ ឬជំនូន ដែលជាថ្នូរនៃការបំពេញការងារ ឬការមិនបំពេញការងាររបស់ខ្លួន ដោយមានការលាក់បាំងដល់និយោជករបស់ខ្លួន ។
២៖ បទសូកប៉ាន់ដល់និយោជិត
យោងតាមមាត្រា ២៧៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា បុគ្គលដែលប្រគល់ឱ្យនិយោជិតនូវអំណោយ ឬ ជូនជំនូន ធ្វើការសន្យាជាមួយ ឬយល់ព្រមឱ្យអត្ថប្រយោជន៍អ្វីមួយដល់និយោជិត ដើម្បីឱ្យបំពេញ ឬមិនបំពេញកិច្ចអ្វីមួយនៃមុខងាររបស់ខ្លួនដោយនិយោជកមិនបានដឹង និងគ្មានការព្រមព្រៀងពីនិយោជកទេនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។
ករណីបទល្មើសនេះ គឺសំដៅដល់អំពើពុករលួយប្រព្រឹត្ដដោយបុគ្គលណាម្នាក់ ដែលបានយកសំណូកនូវអំណោយ ឬជំនូន ទៅសូកប៉ាន់ដល់និយោជិតណាម្នាក់ ដែលជាថ្នូនៃការបំពេញការងារ ឬការមិនបំពេញការងាររបស់ខ្លួន ដោយគ្មានការយល់ព្រមពីនិយោជករបស់និយោជិតនោះ។
៣៖បទស៉ីសំណូករបស់អភិបាល ជាអាទិ៍
យោងតាមមាត្រា ២៨០ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តិថា៖
*១. បើបុគ្គលដែលបានកំណត់ក្នុងកថាខណ្ឌទី១ និងទី ២ នៃមាត្រា ៣៩៣ (បទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ឬ បុគ្គលផ្សេងទៀត) នៃក្រមនេះ ឬ អធិការបានទទួលផលប្រយោជន៍ជាទ្រព្យសម្បត្តិ ឬទាមទារ ឬបានសន្យាទទួលផលប្រយោជន៍នោះ ដោយបានទទួលការពឹងពាក់ខុសច្បាប់ បុគ្គលនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ។
*២. បទប្បញ្ញត្តិនៃកថាខណ្ឌទី១ ខាលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះបុគ្គលដែលបានផ្ដល់ប្រយោជន៍ដូចបានកំណត់ក្នុងកថាខណ្ឌទី១ ខាងលើនោះ ឬបានស្នើសុំ ឬសន្យាផ្ដល់ផលប្រយោជន៍នោះ ។
*៣. ផលប្រយោជន៍ជាទ្រព្យសម្បត្តិដូចបានចែងក្នុងកថាខណ្ឌទី១ ខាងលើនេះ ត្រូវដកហូត ។ បើមិនអាចដកហូតទាំងមូល ឬ ផ្នែកខ្លះនៃផលប្រយោជន៍នោះ ភាគដែលមិនអាចដកហូតយកបានត្រូវទារយកជាប្រាក់ ។
ចំពោះបុគ្គលដែលប្រព្រឹត្ដនៃបទល្មើសនេះ គឺភាគច្រើនជាបុគ្គលទាំងឡាយណាដែលមានកំណត់ក្នុងកថាខណ្ឌទី១ និងទី២ នៃមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌ «បទរំលោភលើទំនុកចិត្តពិសេស ដោយអភិបាល ឬ បុគ្គលផ្សេងទៀត» ក្នុងកថាខណ្ឌទី១ មានជាអាទិ៍ដូចជា៖ គ្រប់អភិបាល ឬ អ្នកត្រួតពិនិត្យរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬ នីតិបុគ្គលមូលនិធិ ឬ បុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យធ្វើជំនួសនូវកិច្ចការរបស់អ្នកទាំងនេះ ឬ និយោជិតដែលទទួលអាណត្តិពីនីតិបុគ្គល ។
កថាខណ្ឌទី២ មានដូចចជា៖ អ្នកជម្រះបញ្ជីរបស់នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឬ នីតិបុគ្គលមូលនិធិ ឬ បុគ្គលដែលត្រូវបានតុលាការជ្រើសតាំងឱ្យធ្វើជំនួសនូវកិច្ចការរបស់អ្នកជម្រះបញ្ជី ។
ជារួមមកចំពោះអំពើពុករលួយរបស់និយោជិត ឬអភិបាល ជាអាទិ៍ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្ដិ និងផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ៕
រៀបរៀងដោយ៖ លោក រ៉ាត់ ចាន់ធី ប្រធានផ្នែកសេវាកម្មច្បាប់ស្ដីទី និងកញ្ញា ហេង មរកត ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.

