FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ងាត់ៗ ក្រុមកំប្លែងល្បីរបស់លោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ លេចវត្តមានជាផ្លូវការក្នុងកម្មវិធីកំប្លែងថ្មី របស់ស្ថានីយ៍ទូរទស្សន៍មួយ

11-10-2022 13:05

(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់ក្នុងការបង្ហាញវត្តមាន ក្នុងកម្មវិធីកំប្លែងលើកញ្ចក់ទូរទស្សន៍អស់មួយរយៈធំរួចមក នៅពេលនេះក្រុមកំប្លែងល្បីរបស់លោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ ដែលមហាជន ក៏ដូចជាអ្នកគាំទ្រ តែងតែឃើញថត និងផលិតជាវីដេអូកំប្លែងខ្លី បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបនោះ ពេលនេះបានបង្ហាញវត្តមានក្នុងកម្មវិធីកំប្លែងថ្មី របស់ស្ថានីយ៍ទូរទស្សន៍ថ្មីមួយជាផ្លូវការហើយ ដោយបានបើកពិធីសម្ពោធបង្ហាញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានរបស់ក្រុមកំប្លែង គឺលោកតា វិចទ័រ, នាយ ពាក់មី, នាយ គ្រឿន, នាយក្រូច ព្រមទាំងសមាជិកមួយចំនួនទៀត។

ប្រធានក្រុមកំប្លែង លោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ បានថ្លែងប្រាប់ឲ្យដឹងថា ការឈានជើងចូលមកកាន់ក្នុងស្ថានីយ៍ទូរទស្សន៍ថ្មីនេះ គឺដោយសាររូបលោកយល់ឃើញថា មានទីផ្សារល្អទូលំទូលាយ ហើយក៏បានបើកកិច្ចសហការគ្នា ផលិតរឿងកំប្លែងសប្បាយៗ ជាច្រើនកម្មវិធី និងជាច្រើនរឿង ដោយមានរូបលោកជាអ្នកដឹកនាំខ្លះ នាយពាក់មីខ្លះ និងក៏មាននាយគ្រឿនខ្លះផងដែរ។ ក្រុមកំប្លែងរបស់លោក ដែលមកពីផលិតកម្ម 9 Colors Production គឺមានសមាជិកច្រើននាក់ ក្នុងនោះសមាជិកខ្លះ ក្រៅពីសម្ដែងក៏ជាអ្នកដឹកនាំរឿង អ្នកនិពន្ធរឿង និងមានជំនាញផ្សេងៗគ្នា ទៅតាមទេពកោសល្យដែលពួកគេមាន ហើយលោកក៏បានផ្ដល់នូវអាទិភាពដល់ពួកគេផងដែរ ប្រសិនបើមានគំនិតល្អៗថ្មីៗចង់បញ្ចេញឲ្យមហាជនដឹង និងចាប់អារម្មណ៍។

លោកតាវិចទ័រ បានបន្ថែមឲ្យដឹងទៀតថា រយៈកាលនៃភាពស្ងប់ស្ងាត់កន្លងទៅ គឺដោយសារតែក្រុមកំប្លែងរបស់លោក បានចូលរួមយ៉ាងសកម្មជាមួយនឹងផលិតកម្ម 9 Colors Production ដោយបានផលិតរឿងកំប្លែងជាច្រើន ហើយពេលនេះលោកពិតជាសប្បាយរីករាយ ដែលបានស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានផ្ដល់នូវកិច្ចសហការគ្នាជាមួយក្រុមកំប្លែងរបស់លោក បានចាក់បញ្ចាំងនូវរឿងកំប្លែងទាំងអស់នោះ។ កម្មវិធីទាំងអស់គឺមានចំនួន៣ ដែលសុទ្ធសឹងជាកម្មវិធីកម្សាន្តសប្បាយ ដែលបង្កប់ដោយការអប់រំ និងសារសំខាន់ៗជាច្រើនទៀត ជូនដល់អ្នកទស្សនា។ លោកតាវិចទ័រ ក៏សូមថ្លែងអំណរគុណដល់សមាជិកក្រុមទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អ តស៊ូគ្រប់ឧបសគ្គ រហូតធ្វើឲ្យក្រុមទាំងមូលទទួលបានការគាំទ្រ ពីមហាជន និងជោគជ័យដល់សព្វថ្ងៃ។

សូមបញ្ជាក់ថា កម្មវិធីកំប្លែងដែលនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ គឺមាននៅក្នុងស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដោយកម្មវិធីកំប្លែងទាំងនោះ រួមមាន «ល្អមើល ល្អសើច» ជាវីដេអូសំណើចខ្លីៗប្រចាំថ្ងៃ, កម្មវិធីកំប្លែង «ផ្ទះលេខ១ ផ្ទះលេខ២» ដែលជារឿងកំប្លែងជជែក បែកអូរហូរស្ទឹងពីនេះពីនោះរវាងញាតិជិតខាងផ្ទះ កម្មវិធីនេះទស្សនិកជននឹងបានសើចសប្បាយ រយៈពេលមួយម៉ោងពេញតែម្តង និងកម្មវិធីកំប្លែងមួយទៀតនោះគឺ «១៦៨យប់»

កម្មវិធីកំប្លែងចំនួនបីខាងលើ គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀត សម្រាប់ទស្សនិកជន និងជឿជាក់ថា បន្ទាប់ពីការចាក់ផ្សាយនឹងទទួលបានការគាំទ្រច្រើន ព្រោះតែរាល់កម្មវិធីកំប្លែងនីមួយៗ មានការចូលរួមពីសម្តែងពីសំណាក់តារាកំប្លែងល្បីៗ ដែលកំពុងតែមានឈ្មោះបោះសំឡេង ហើយរាល់ការនិពន្ធ និងដឹកនាំការសម្តែងគួបផ្សំនឹងភាពប៉ិនប្រសប់ កំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះ នឹងកាន់តែធ្វើឲ្យកម្មវិធីកម្មវិធីពោរពេញទៅដោយសំណើច សើចតាំងពីដើមដល់ចប់៕