FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងផ្នែកច្បាប់៖ វិធានការនិរន្តរាយ

09-10-2022 11:46

(ភ្នំពេញ)៖ នៅពេលយើងឃើញពាក្យថា វិធានការនិរន្តរាយ គឺសំដៅលើដីកាបង្គាប់ឱ្យចូលខ្លួន ដីកាបង្គាប់ឱ្យនាំខ្លួន ដីកាចាប់ខ្លួន ដីកាបង្គាប់ឱ្យឃុំខ្លួន និងដីកាដាក់ឱ្យជនត្រូវចោទនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលចេញដោយចៅក្រមស៊ើបសួរ។ នៅដំណាក់កាលនេះចៅក្រមស៊ើបសួរ អាចប្រើប្រាស់នូវវិធានការនិរន្តរាយ ដើម្បីធានាលើការស្រាវជ្រាវដើម្បីស្វែងរកការពិតឈានទៅរកពិរុទ្ធភាពនៃបទល្មើសផងដែរ។

តើអ្វីទៅជាវិធានការនិរន្តរាយ?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី វិធានការនិរន្តរាយមកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់។

វិធានការនិរន្តរាយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌនៃការស៊ើបសួរ ដែលចៅក្រមស៊ើបសួរអាចចេញបាននូវ៖

*(១)៖ ដីកាបង្គាប់ឱ្យចូលខ្លួន គឺជាការបញ្ជាដល់បុគ្គលណាម្នាក់ ឱ្យចូលទៅបង្ហាញខ្លួននៅមុខចៅក្រមស៊ើបសួរ។ ដីកានេះ អាចចេញទៅលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ដែលមានតម្រុយពិរុទ្ធភាពប៉ុណ្ណោះ។ ដីកានេះត្រូវជូនដំណឹងដល់ជនពាក់ព័ន្ធដោយមន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារនគរបាលយុត្តិធម៌ ឬអាជ្ញាសាលា។ បុគ្គលដែលពាក់ព័ន្ធទទួលចុងដីកា ត្រូវចុះហត្ថលេខាលើដើមដីកា ដែលនឹងត្រូវបង្វិលជូនចៅក្រមស៊ើបសួរវិញ ហើយមន្ត្រីនគរបាលយុត្តិធម៌ ឬអាជ្ញាសាលា ត្រូវជូនដំណឹងដល់ចៅក្រមស៊ើបសួរអំពីគ្រប់ការលំបាកក្នុងការអនុវត្តបេសកម្មរបស់ខ្លួន។

*(២)៖ ដីកាបង្គាប់ឱ្យនាំខ្លួន គឺជាការបញ្ជាដល់កម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនបុគ្គលណាម្នាក់ដែលជាជនត្រូវចោទ ឬមានតម្រុយពិរុទ្ធភាព ទៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយ។ ការអនុវត្តដីកានេះ ត្រូវប្រគល់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រសិនបើក្នុងករណីបន្ទាន់ ដីកាបង្គាប់ឱ្យនំាខ្លួន ត្រូវផ្សព្វផ្សាយដល់អង្គភាពនគរបាល ឬកងរាជអាវុធហត្ថតាមគ្រប់មធ្យោបាយ ប៉ុន្តែត្រូវគោរពគោលការណ៍ ហាមឃាត់ការចូលលំនៅឋានមុនម៉ោង៦ព្រឹក និងក្រោយម៉ោង១៨។

*(៣)៖ ដីកាបង្គាប់ឱ្យចាប់ខ្លួន គឺជាការបញ្ជាដល់កងកម្លាំងសាធារណៈឱ្យធ្វើការស្រាវជ្រាវចាប់ខ្លួន និងនាំខ្លួនបុគ្គលនោះ ទៅដាក់ពន្ធនាគារ ឬមណ្ឌលឃុំខ្លួន។ លក្ខខណ្ឌនៃការចេញដីកានេះ លុះត្រាតែបទល្មើសដែលត្រូវបានចោទប្រកាន់ជាបទមជ្ឈិម ឬជាបទឧក្រិដ្ឋ ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ហើយបុគ្គលដែលពាក់ព័ន្ធបានគេច ខ្លួន មិនដឹងជាស្ថិតនៅទីកន្លែងណា ឬនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ការអនុវត្តដីកានេះ មន្ត្រីនគរបាលយុត្តិធម៌មិនអាចចូលទៅលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធមុនម៉ោង៦ព្រឹក និងក្រោយម៉ោង១៨ បានទេ។ ប៉ុន្តែមុននឹងចេញដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចៅក្រមស៊ើបសួរត្រូវតែទទួលយោបល់ព្រះរាជអាជ្ញា ដោយមានចែងមូលហេតុ ហើយព្រះរាជអាជ្ញា ធានារ៉ាប់រងផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួននេះ។

*(៤)៖ ដីកាបង្គាប់ឱ្យឃុំខ្លួន ជានីតិវិធីមួយក្នុងដំណាក់កាលចៅក្រមស៊ើបសួរ ដែលអាចអនុវត្តទៅលើជនត្រូវចោទ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី១ ឆ្នាំ ឬត្រូវមានមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជាការចាំបាច់ដូចជា៖ ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យកើតជាថ្មី, ដើម្បីរារំាងកុំឱ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំឱ្យមានការត្រូវរ៉ូវគ្នារវាងជនត្រូវចោទ និងអ្នកសមគំនិត, ដើម្បីរក្សាភស្តុតាង និងតម្រុយជាសម្ភារៈ, ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី, ដើម្បីការពារសន្តិសុខឱ្យជនត្រូវចោទ, ដើម្បីធានារក្សាសណ្តាប់ធ្នាប់សាធារណៈកុំឱ្យមានការច្របូកច្របល់ដែលបណ្តាលមកពីបទល្មើស។

ក្នុងករណីចៅក្រមស៊ើបសួរ សម្រេចថាឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន នោះចៅក្រមស៊ើបសួរត្រូវចេញដីកាចំនួន ២ គឺដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន និង ដីកាបង្គាប់ឱ្យឃុំខ្លួន ដែលដីកាសម្រេច គឺជាសេចក្តីសម្រេចរបស់ចៅក្រម ដែលអាចជាកម្មវត្ថុនៃការប្តឹងឧទ្ធរណ៍បាន ចំណែកឯ ដីកាបង្គាប់ឱ្យឃុំខ្លួនវិញ ជាការបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួលយក និងឃុំខ្លួនជនត្រូវចោទ។ ចំពោះករណីចៅក្រមស៊ើបសួរអនុញ្ញតឱ្យជនត្រូវចោទនៅក្រៅឃុំ ដោយយល់ឃើញថាមិនមានភាពចាំបាច់ឃុំខ្លួនតាមមាត្រា ២០៥ និងមាត្រា ២០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នោះចៅក្រមស៊ើបសួរអាចបង្គាប់ឱ្យជនត្រូវចោទដែលនៅក្រៅឃុំ ត្រូវតែគោរពកាតព្វកិច្ចមួយ ឬច្រើនតាមដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ស្របតាមមាត្រា ២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ប៉ុន្តែចៅក្រមស៊ើបសួរត្រូវមានការពិភាក្សាគ្នាជាមួយព្រះរាជអាជ្ញា។

ចំពោះដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាវិធានការមួយដើម្បីធានាការរឹតបណ្តឹងសេរីភាព របស់ជនត្រូវចោទដោយការកំណត់ឱ្យជនត្រូវចោទគោរពតាមកាតព្វកិច្ចដែលចៅក្រមស៊ើបសួរបានកំណត់ ហើយដីកានេះពុំមានកំណត់ថិរវេលាទេ ប៉ុន្តែអាចលុបចោល កែប្រែ ឬបន្ថែមកាតព្វកិច្ចថ្មីបាន។ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្នបានប្រសិនបើជនត្រូវចោទគេចវេះដោយចេតនា លើកាតព្វកិច្ចដែលចៅក្រមស៊ើបសួរបានកំណត់នៅក្នុងដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ដូច្នេះដើម្បីធានាដល់ប្រសិទ្ធិភាពនៃការស៊ើបសួរ ចៅក្រមស៊ើបសួរត្រូវប្រើអំណាចបង្ខំដោយប្រើវិធានការនិរន្តរាយ ទៅលើជនត្រូវចោទ ឬបុគ្គលដែលមានតម្រុយពិរុទ្ធភាព ដែលមិនព្រមចូលខ្លួនតាមការកោះហៅ ក្នុងដំណាក់កាលស៊ើបសួរ។ វិធានការនិរន្តរាយនេះអាចអនុវត្ត ទៅលើនីតិជន (អាយុចាប់ពី១៨ឆ្នាំឡើង) និងអនីតិជនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមានតម្រុយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥,០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕