FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនរថយន្តធំជាងគេទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២២

19-09-2022 07:38

(បរទេស)៖ បច្ចុប្បន្ននេះរថយន្តគឺ ជាឧស្សាហកម្មដ៏ធំបំផុតក្នុងពិភពលោក ដោយលក់បានរាប់លានគ្រឿងជារៀងរាល់ឆ្នាំ ថែមទាំងបង្កើតបានជាប្រាក់ចំណូលឈានមុខគេរាប់ពាន់លានដុល្លារថែមទៀតផង បើធៀបទៅនឹងឧស្សាហកម្មផ្សេងៗ។ ខណៈសព្វថ្ងៃនេះក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងប្រជែងគ្នាក្នុងទីផ្សារ ទាំងសមត្ថភាព ក៏ដូចជាតម្លៃជាដើម ដែលចាប់ផ្តើមពីតម្លៃថោក រហូតដល់ថ្នាក់កណ្តាល និងដល់រថយន្តប្រណិតថ្លៃខ្លាំង។

ដូច្នេះខាងក្រោមនេះគឺជាចំណាត់ថ្នាក់ក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំង ១០នៅលើពិភពលោកតាមរយៈប្រាក់ចំណូលគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២នេះ៖

១០. Hyundai

ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor រកចំណូលបានប្រមាណ ៩៣.២ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តបានចំនួន ៤.៩លានគ្រៀងគិតត្រឹមដើមឆ្នាំ២០២២។ យ៉ាងណាមិញក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៦៧ មកម្លេះ ដែលមានទីតាំងនៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង គិតមកទល់ពេលនេះ Hyundai មានបុគ្គលិកសរុបប្រមាណ ១០៥,០០០នាក់។ Hyundai មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា Hyundai, Kia, Genesis, Ioniq។

៩. Stellantis

ក្រុមហ៊ុនផលិតរថយន្ត Stellentis N.V. រកចំណូលបានចំនួន ១០៤.៨ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តបានចំនួន ៦.២លានគ្រឿងគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះ ទើបតែបង្កើតឡើងកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២១ ដែលមានទីតាំងនៅក្នុងទីក្រុង Amsterdam ខេត្ត North Holland ប្រទេសហូឡង់ ខណៈបច្ចុប្បន្ននេះមានបុគ្គលិកប្រមាណ ៣០០,០០០នាក់។ Stellantis មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា Fiat, Chrysler, Peugeot, Citroen, Opel, Vauxhall, Alfa Romeo, Dodge, Jeep, Lancia, Maserati, Abarth, DS Automobiles និង RAM ផងដែរ។

៨.SAIC

ក្រុមហ៊ុនផលិតរថយន្ត Ford Motor Company រកចំណូលបាន ១០៧.៦ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តបានចំនួន ៥.៦លានគ្រឿងគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៥៥ មកម្លេះ ដែលមានទីតាំងនៅក្នុងទីក្រុង សៀងហៃ ប្រទេសចិន ខណៈបច្ចុប្បន្ននេះមានបុគ្គលិកប្រមាណ ១៤៥,០០០នាក់។ SAIC មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា SAIC, Maxus, Roewe, Nanjing និង MG។

៧. BMW

ក្រុមហ៊ុនផលិតរថយន្តម៉ាកប្រណិត Bayerische Motoren Werke AG រកចំណូលបាន ១១៧.១ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តបានប្រមាណ ២.៣លានគ្រឿងប៉ុណ្ណោះគិតត្រឹមដើមឆ្នាំ២០២២ ប៉ុន្តែចំណូលរបស់ក្រុមហ៊ុននេះហាក់កើនខ្ពស់បើធៀបនិងក្រុមហ៊ុនផ្សេង។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩១៦ មកម្លេះ ដែលមានទីតាំងនៅក្នុងទីក្រុង Munich ប្រទេស អាឡឺម៉ង់ ខណៈបច្ចុប្បន្ននេះមានបុគ្គលិកប្រមាណ ១៣៣,០០០នាក់។ BMW មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា BMW, Mini, Rolls-Royce។

៦. General Motors

ក្រុមហ៊ុនផលិតរថយន្ត General Motors Company រកចំណូលបាន ១២២.៥ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តបានចំនួន ៦.៨លានគ្រឿងគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩០៨ មកម្លេះ ដែលមានទីតាំងនៅក្នុងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ននេះមានបុគ្គលិកប្រមាណ ១៥៥,០០០នាក់។ General Motors មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា Chevrolet, Cadillac, Buick, GMC។

៥. Honda

ក្រុមហ៊ុនផលិតរថយន្ត General Motors Company រកចំណូលបាន ១២៥.២ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តបានប្រមាណ ៤.៤លានគ្រឿងគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៤៨ មកម្លេះ ដែលមានទីតាំងនៅក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុន ខណៈបច្ចុប្បន្ននេះមានបុគ្គលិកសរុបប្រមាណ ២១១,០០០នាក់។ Honda មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា Honda និង Acura។

៤. Ford

ក្រុមហ៊ុនផលិតរថយន្ត General Motors Company រកចំណូលបានខ្ទង់ ១២៧.១ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តបានប្រមាណ ៤.២លានគ្រឿងគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩០៣ មកម្លេះ ដែលមានទីតាំងនៅក្នុងទីក្រុង Dearborn រដ្ឋ Michigan សហរដ្ឋអាមេរិក ខណៈបច្ចុប្បន្ននេះមានបុគ្គលិកសរុបប្រមាណ ១៨៦,០០០នាក់។ Ford មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា Ford និង Lincoln ។

៣. Mercedes-Benz

ក្រុមហ៊ុនផលិតរថយន្តម៉ាកប្រណិត Mercedes-Benz AG រកចំណូលបានខ្ទង់ ១៨២.៥ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តប្រមាណ ២.៨លានគ្រឿងប៉ុណ្ណោះគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩២៦ មកម្លេះ ដែលមានទីតាំងនៅក្នុង រដ្ឋធានី Stuttgart ប្រទេសអាឡឺម៉ង់ ខណៈបច្ចុប្បន្ននេះមានបុគ្គលិកសរុបប្រមាណ ២៨៨,០០០នាក់។ Mercedes-Benz មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា Mercedes-Benz និង Smart។

២. Toyota

ក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corporation រកចំណូលបានខ្ទង់ ២៥៨.៧ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តក្នុងចំនួនដ៏ច្រើនដល់ទៅ ៩.៥ លានគ្រឿងគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៣៧ មកម្លេះ ដែលមានទីតាំងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈបច្ចុប្បន្ននេះមានបុគ្គលិកសរុបប្រមាណ ៣៦៦,០០០នាក់។ Toyota មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា Toyota, Lexus, Ranz, Daihatsu និង Hino។

១. Volkswagen

ក្រុមហ៊ុនផលិតរថយន្ត Volkswagen AG រកចំណូលបានខ្ទង់ ២៦៣.៦ពាន់លានដុល្លារ ជាមួយនឹងការដាក់លក់រថយន្តដល់ទៅ ៨.៩ លានគ្រឿងគិតត្រឹមដើមឆ្នាំ២០២២។ ក្រុមហ៊ុននេះបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៣៧ មកម្លេះ ដែលមានទីតាំងនៅក្នុងទី Wolfsburg ប្រទេសអាឡឺម៉ង់ ខណៈបច្ចុប្បន្ននេះមានបុគ្គលិកសរុបប្រមាណ ៣០៧,០០០នាក់។ Volkswagen AG មាន Brand រថយន្តផ្ទាល់ខ្លួនដូចជា VW, Audi, Porsche, Lamborghini, Bentley, Bugatti, SEAT, Skoda និង MAN ជាដើម៕