FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហគ្រិនខ្មែរ និងអិនធើប្រាយវិហ្សិន រៀបចំការប្រកួតគំរូធុរកិច្ច ក្រោមកម្មវិធី «ធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២»

02-09-2022 14:16

(សៀមរាប)៖ សហគ្រិនខ្មែរ ដែលជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា ក្រោមកិច្ចសហការណ៍ជាមួយ អិនធើប្រាយវិហ្សិន (Enterprise Vision) បានរៀបចំការប្រកួត គំរូធុរកិច្ចនៃកម្មវិធី «ធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាល ទី២ (Enterprise Solution Finders Cohort 2)» ដោយមានការចូលរួមពី លោកប្រធានផ្នែក អភិវឌ្ឍន៍សហគ្រិនភាពដែលជាតំណាងនៃសហគ្រិនខ្មែរ សហស្ថាបនិកនិងក្រុមការងារ របស់អិនធើប្រាយវិហ្សិន គណៈកម្មការវាយតម្លៃ បេក្ខជនសហគ្រិន យុវជនដែលជា អ្នកស្វែងរកដំណោះស្រាយ (Solution Finders) និងភ្ញៀវកិត្តិយស ចំនួនប្រមាណ ៥០នាក់។

សហគ្រិនមកពីធុរកិច្ចចំនួន១១ បានធ្វើបទបង្ហាញពីគំរូធុរកិច្ចរបស់ខ្លួនទៅកាន់គណៈកម្មការវាយតម្លៃទាំងបួនរូប ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់។ ជាលទ្ធផលធុរកិច្ច The Nature ត្រូវបានជ្រើសរើសជាជ័យលាភីទី១, Kamboo Ecoctourism ជាជ័យលាភីទី២ និង Phum Khmer Lodge ជាជ័យលាភីទី៣ ជាមួយនឹងថវិកាគាំទ្រចំពោះការអនុវត្តគំរូ ធុរកិច្ច។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានលើកថា៖ «សហគ្រិនខ្មែរ សូមអបអរសាទរដល់សហគ្រិនទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះ បណ្ដាល និងចូលរួមក្នុងការប្រកួតគំរូធុរកិច្ច នៃកម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២។ កម្មវិធីនេះ មានគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងខេត្តសៀមរាបក្នុងការកែប្រែគំរូធុរកិច្ចស្របតាមស្ថានភាពសង្គម និងទីផ្សារក្នុងបរិបទថ្មី។ វាបានចូលរួមចំណែក ដល់ការអនុវត្តយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល ក្នុងការ ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ឱ្យត្រឡប់ទៅរកវិថីនៃកំណើន ប្រកបដោយ ចីរភាព និងបរិយាប័ន្ន ដែលទាមទារឱ្យមានការកែទម្រង់ និងការកសាងភាពធន់»

លោក ហួត តារា សហស្ថាបនិក អិនធើប្រាយវិហ្សិន បានលើកឡើងថា យើងពិតជាមាន មោទនភាពក្រៃលែងដែលកម្មវិធី «ធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២» បានដំណើរការដោយរលូន និងទទួលបាននូវលទ្ធផលល្អជាទីគាប់ចិត្ដ។ សហគ្រិនគ្រប់រូបមានការរីកចម្រើនលើចំណេះដឹងស្ដីពីសហគ្រិនភាព និងបានរៀបចំផែនការយុទ្ធសាស្រ្ដថ្មី ដើម្បីធ្វើឱ្យអាជីវកម្ម កាន់តែប្រសើរឡើង ស្របតាមបរិបទថ្មី និងការប្រែប្រួលនៃស្ថានភាព សេដ្ឋកិច្ចពិភពលោក។

«យើងពិតជាកោតសរសើរដល់សហគ្រិន សម្រាប់ការខិតខំប្រឹង ប្រែង និងការតាំងចិត្ដខ្ពស់ក្នុងកម្មវិធី ជាពិសេសការធ្វើបទបង្ហាញគំរូធុរកិច្ច ដែលវាកើត ចេញពីសេចក្ដីស្រលាញ់ពិតៗ។ នេះជាគ្រឹះដ៏សំខាន់ក្នុងការធ្វើឱ្យផែនការអាជីវកម្មទទួល បានជោគជ័យ»។ នេះជាការគូសបញ្ជាក់របស់លោក ហួត តារា

សូមបញ្ជាក់ថា កម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើង រដូវកាលទី២ ជាកម្មវិធីមួយក្រោមវេទិកាសហគ្រិន សៀមរាប (Enterprise Siem Reap) ដែលកើតចេញពីគំនិតផ្ដួចផ្ដើមរបស់សហគ្រិនខ្មែរ ដើម្បីជំរុញការអភិវឌ្ឍសមត្ថភាពរបស់សហគ្រិននៅក្នុងខេត្តសៀមរាប។ កម្មវិធីនេះមានគោលបំណង ផ្ដល់នូវការប្រឹក្សាយោបល់អាជីវកម្មតាមរយៈយុវជនដែលជាអ្នកស្វែងរកដំណោះស្រាយ ទៅដល់ធុរកិច្ចខ្នាតតូច និងមធ្យមនៅក្នុងវិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប ដើម្បីបង្កើនភាពធន់ និងការរីកចម្រើនផ្នែកធុរកិច្ចក្នុងបរិបទថ្មី។

កម្មវិធីនេះ ចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទីមួយ គឺជាការបណ្ដុះបណ្ដាលយុវជនអំពីមូលដ្ឋានគ្រឹះនៃសហគ្រិនភាព ដើម្បីក្លាយជាអ្នកស្វែងរក ដំណោះស្រាយ។ រីឯដំណាក់កាលទីពីរ គឺជាដំណាក់កាលដែលអ្នកស្វែងរកដំណោះ ស្រាយ និងម្ចាស់ធុរកិច្ច (ឬ សហគ្រិន) សហការគ្នាបង្កើតគំរូធុរកិច្ចថ្មី។ នៅចុងបញ្ចប់កម្មវិធីនឹងមានការប្រកួតគំរូធុរកិច្ច និងវគ្គអនុវត្ត ផែនការអាជីវកម្ម៕