កម្មវិធីប្រកួតសម្រស់នារីខ្មែរតាមយុគសម័យ «ឈុតសម័យអង្គរ និងលង្វែក» ដើម្បីថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ (Video inside)
29-08-2022 10:17
(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា អភិរក្ស និងលើកស្ទួយដល់សិល្បៈវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ REVLON តែងតែរៀបចំនូវកម្មវិធី «ប្រកួតសម្រស់នារីខ្មែរក្នុងសំលៀកបំពាក់តាមយុគសម័យ (ឈុតសម័យអង្គរ និងលង្វែក)» ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញនូវសំលៀកបំពាក់បុរាណខ្មែរដល់មហាជនជាពិសេសជនបរទេស និងយុវជន-យុវតីជំនាន់ក្រោយឱ្យបានឃើញ និងស្គាល់ពីប្រវត្តិនៃភាពអស្ចារ្យនៃសំលៀកបំពាក់ខ្មែរពីមួយសម័យកាលទៅមួយសម័យកាល។
លោកស្រី ចាន់ ភារី នាយិកាគ្រប់គ្រងគ្រឿងសម្អាង REVLON នៅកម្ពុជា បានគូសបញ្ជាក់ថាកម្មវិធីមួយនេះតែងតែប្រព្រឹត្តទៅជាប្រចាំឆ្នាំទោះជាក្នុងសម័យកូវីដ១៩ ក៏ REVLON បានព្យាយាមបន្តកម្មវិធីផ្សព្វផ្សាយតាមរយៈអនឡាញដែរ គឺដើម្បីរក្សានិរន្តភាពនៃការទ្រទ្រង់វប្បធម៌ប្រពៃណីជាតិខ្មែរ និងការផ្សារភ្ជាប់ក្តីស្រឡាញ់យូរអង្វែងរវាង REVLON និងអតិថិជនគ្រប់ៗរូបផងដែរ។
ឆ្នាំនេះ REVLON មានឱកាសបើកទំពរ័ជាថ្មី ដើម្បីនាំយកនូវកម្មវិធីប្រកួតសម្រស់នារីខ្មែរ ក្នុងសំលៀកបំពាក់តាមយុគសម័យដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសហគ្រិនស្ត្រី និងយុវតីកម្ពុជាមកប្រកួតផ្ទាល់រយៈពេល២ថ្ងៃ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ក្នុងបរិវេណផ្សារទំនើបអូឡាំព្យា។
បេក្ខនារីដែលចូលរួមប្រកួតត្រូវបានទទួលការរៀបចំទាំងសំលៀកបំពាក់ឈុតបុរាណខ្មែរនាសម័យអង្គរ និងសម័យលង្វែក ដោយឥតគិតថ្លៃពីសំអាងការ រិទ្ធី និងផាត់មុខធ្វើសក់ដោយក្រុមអ្នកឯកទេសស្មគ្រចិត្តជាច្រើនរូបដែលសុទ្ធតែជាអ្នកមានបេះដូងជួយលើកស្ទួយប្រពៃណីជាតិខ្មែរ និងមានការស្រឡាញ់ពេញចិត្តសហការជាមួយ REVLON ផងដែរ។
កម្មវិធីបានដំណើរការយ៉ាងរលូនក្រោមការគាំទ្រពីសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, សមាគមសាលាសិល្បៈហ្វូណន និងការជួយឧបត្ថមពី ផ្សារទំនើបអូឡាំព្យា, វីតាមីនសក់អេលីប, ខ្ញីទឹកឃ្មុំឌូឌឺវី រួមទាំងសប្បុរសជនជាច្រើនរូបទៀត ទាំងគណៈកម្មការ ទាំងបេក្ខនារី ទាំងអតិថិជនដែលមកកម្សាន្តក្នុងផ្សាទំនើបអូឡាំព្យាសុទ្ធតែបានបង្ហាញនូវទឹកមុខរីករាយសម្តែងនូវការពេញចិត្តក្នុងការចូលរួមទស្សនានូវការសម្តែងរបាំបុរាណ និងការបង្ហាញនូវរូបសំរស់របស់បេក្ខនារីហៀយថែមទំាងផ្តិតយកនូវរូបភាពស្រស់ស្អាតរបស់នារីខ្មែរក្នុងឈុតបុរាណពីកម្មវិធីដើម្បីផ្សព្វផ្សាយបន្តផងដែរ។
សូមជម្រាបផងដែរថា រូបថតបេក្ខនារីដែលចូលរួមប្រកួតនៅក្នុងកម្មវិធីទាំងអស់នឹងត្រូវបង្ហោះនៅក្នុងបណ្តាញសង្គមហើយធ្វើការបោះឆ្នោតនៅលើគេហទំព័រហ្វេសប៊ុក REVLON CAMBODIA និងលើទំព័រហ្វេសប៊ុក របស់អ្នកសហការជាច្រើនទៀតក្នុងគោលបំណងដើម្បីបង្កើនកម្លាំងផ្សព្ធផ្សាយពីសំលៀកបំពាក់បុរាណខ្មែរឱ្យកាន់តែទូលំទូលាយដល់ឆាកជាតិ និងអន្តរជាតិ។
បេក្ខនារីដែលទទួលប្រជាប្រិយភាពច្រើនជាងក្នុងបណ្តាញសង្គមចំនួន០៣រូប និងក្លាយជាម្ចាស់ជ័យលាភី ដែលនឹងទទួលបានប្រាង់រង្វាន់រហូតដល់ទៅជាង ៣លានរៀល និងការប្រើប្រាស់ផលិតផល REVLON រយៈពេលពេញមួយឆ្នាំរួមទាំងឱកាសចូលរូមក្នុងការងារសង្គមជាមួយ REVLON ទៀតផង។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីសូមទំនាក់ទំនង៖ អ្នកនាង សាន លក្ខិណា Tel: 087 602 001៕



















