«ម្ជូរឆ្ងាញ់» របស់ចែទូច ល្បីខ្លាំងនៅសៀមរាប ដោយសាររូបមន្តអំបិលប្លែកៗ
21-08-2022 17:20
(សៀមរាប)៖ ម្ជូរជាអាហារមួយប្រភេទ ដែលជាទីពេញនិយមរបស់ពលរដ្ឋខ្មែរភាគច្រើន។ គេទទួលទានម្ជូរដោយផ្ទាប់ជាមួយអំបិលម្ទេស ឬគ្រឿងផ្សេងទៀត អាស្រ័យលើចំណូលចិត្ត ដែលផ្ដល់នូវឱជារសឆ្ងាញ់ពិសា។
បច្ចុប្បន្នមិនត្រឹមតែជាអាហារសម្រាប់ពលរដ្ឋកម្ពុជានោះទេ នៅឯខេត្តសៀមរាប ឯណោះវិញ អាហារម្ជូរដែលកែច្នៃដោយកូនខ្មែរ ក៏ជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។
អ្នកស្រី ម៉ម សុថារី ជាម្ចាស់ហាង យីហោ «ចែ ទូច សៀមរាប ម្ជូរឆ្ងាញ់» បានអះអាងថា ម្ជូររបស់អ្នកស្រី ដែលមានអំបិលម្ទេសជាច្រើនប្រភេទ ស្របតាមចំណង់ចំណូលចិត្ត មានទាំងភ្ញៀវទេសចរខ្មែរ និងបរទេស ចាប់អារម្មណ៍ជាហូរហែ និងមានការកោតសរសើរ អំពីការកែច្នៃទៅគ្រឿង និងអំបិលម្ទេសជាដើម។
«ចែ ទូច សៀមរាប ម្ជូរឆ្ងាញ់» ត្រូវបានបង្កើតឡើងដោយស្ត្រីខ្មែរម្នាក់ ដោយបានចាប់ផ្តើមជាមួយនឹងរបរលក់ម្ជូរនេះជិត៦ឆ្នាំ រហូតមានលទ្ធភាពពង្រីកសាខានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ហាងម្ជូរនេះ គឺមានរូបមន្តអំបិល ដែលមានរសជាតិឆ្ងាញ់ពិសា ដែលបានឆក់យកអារម្មណ៍អ្នកបរិភោគមិនត្រឹមតែជនជាតិខ្មែរនោះទេ។
តាមរយៈរសជាតិនូវរូបមន្តអំបិល យីហោ «ចែ ទូច សៀមរាប ម្ជូរឆ្ងាញ់» បានធ្វើឲ្យ ហាង «ចែ ទូច សៀមរាប ម្ជូរឆ្ងាញ់» មានឈ្មោះបោះសំឡេងលើទីផ្សារលក់ម្ជូរ ខណៈអំបិលដែលផលិតដោយហាងខាងលើនេះ ទទួលបានការកម្មង់យកទៅលក់បន្តនៅឯក្រៅប្រទេស និងនៅតាមបណ្តាខេត្តមួយចំនួនជាដើម។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកស្រី ម៉ម សុថារី បានបញ្ជាក់ថា «គាត់បានចាប់ផ្តើមរបរលក់ម្ជូរនេះជិត៦ឆ្នាំមកហើយ កាលចាប់ផ្តើមដំបូង គឺមានលុយត្រឹមតែ ៥០០ដុល្លារ ប៉ុណ្ណោះ កាលចេញលក់ដំបូង គឺមិនសូវបានការគាំទ្រនោះទេ ប៉ុន្តែ បន្ទាប់ពីទ្រាំឈរជាងជិត១ឆ្នាំ ការលក់ម្ជូររបស់គាត់បានទទួលការគាំទ្រពីសំណាក់អតិថិជន។ ចំណែកអ្វីដែលធ្វើឱ្យហាងម្ជូររបស់គាត់ទទួលបានការគាំទ្រនោះ គឺដោយសារតែរសជាតិអំបិល គាត់ឆ្ងាញ់ និងការរៀបចំមានអនាម័យល្អ»។
លោកស្រី ម៉ម សុថារី បានបញ្ជាក់ថា សម្រាប់អំបិលរបស់លោកស្រី សម្រាប់ប្រភេទអំបិលសើម គឺ១គីឡូក្រាមតម្លៃ២ម៉ឺនរៀល ហើយអំបិលលីង ១គីឡូមានតម្លៃ ៤ម៉ឺនរៀល បន្ថែមពីនេះហាងរបស់គាត់ គឺមានរសជាតិអំបិលជាច្រើនប្រភេទ ទៅតាមតម្រូវការរបស់អតិថិជន ជាដើម។
បន្ថែមពីនេះ ម្ចាស់យីហោ «ចែ ទូច សៀមរាប ម្ជូរឆ្ងាញ់» បានគូសបញ្ជាក់ថា ហាងរបស់គាត់បើកលក់ក្នុងមួយថ្ងៃចាប់តាំងពីបើកនៅ ៨ព្រឹក រហូតដល់ ៩យប់គាត់ ក្នុងមួយថ្ងៃគឺលក់បានពីថវិកា ចាប់៨០មុឺនរៀល ទៅដល់១លានរៀល ឯណោះ។ ចំណុចនេះ បានធ្វើឱ្យជីវភាពរបស់អ្នកស្រីមានជីវភាពធូរធាបានមួយកម្រិតផងដែរ។
លោក រ៉ាដេត ដែលជាអ្នករស់នៅខេត្តសៀមរាប និងជាអ្នកគាំទ្រម្ជូរ របស់យីហោ «ចែ ទូច សៀមរាប ម្ជូរឆ្ងាញ់» ខាងលើនេះ បានឱ្យដឹងថា រសជាតិម្ជូររបស់ហាង ចែ ទូច មានរសជាតិឆ្ងាញ់គ្រប់មុខ ជាពិសេសរស់ជាតិអំបិល ដែលមានការរៀបចំប្រកបដោយអនាម័យ និងមានគុណភាពខ្ពស់ទាំងកាវេចខ្ចប់ស្អាត ជូនភ្ញៀវពិសារ។
សូមបញ្ជាក់ថាទីតាំង ហាង «ចែ ទូច សៀមរាប ម្ជូរឆ្ងាញ់» ស្ថិតនៅផ្លូវផ្សារញ៉ែ ជិតស្តុបទន្លេរសាប។ សម្រាប់ទលេខទំនាក់ទំនងលក់អំបិលឆ្ងាញ់មានលេខ៖ 012 626 065, 015 626 065៕







































