អគារ Lucky Pavilion Mall បានបើកទទួលការជួលជាផ្លូវការ
20-08-2022 14:08
(ភ្នំពេញ)៖ ក្រុមហ៊ុន Lucky Mall co., Ltd និងក្រុមការងារ CBRE Cambodia នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មវិធីបើកទទួលការជួលជាផ្លូវការ នូវអគារពាណិជ្ជកម្មថ្មីក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះថា «Lucky Pavilion Mall» ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះសីហនុ ជិតវិមានឯករាជ្យ។ Lucky Pavilion Mall ជាអគារដែលមានការរចនាយ៉ាងស្រស់ស្អាតប្រណីត និងមានការផ្តល់ជូននូវម៉ាកយីហោល្បីៗ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកអគ្គនាយកអគារ Lucky Pavilion Mall និងលោក Tommy Heng បានថ្លែងថា អគារដ៏ទំនើបប្រណីតមានកម្ពស់ ៤ជាន់ បាននិងកំពុងសាងសង់អស់រយៈពេលជិត ៥ឆ្នាំហើយ និងរំពឹងថា អាចបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២២នេះ។ លោកបន្តទៀតថា ចំពោះការបើកសម្ភោធសាកល្បងអគារនេះដែរ នឹងត្រូវធ្វើនៅឆ្នាំ២០២៣ ក្នុងខែមីនា ឬខែមេសា នាពេលខាងមុខ។
Lucky Pavilion Mall ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីម្ចាស់អាជីវកម្មនានា ពោលគឺគិតមកដល់ពេលនេះ មានការទទួលជួលទីតាំង ៤៦%ហើយ។ នេះបើតាមម្ចាស់អគារ Lucky Pavilion Mall ។
ម្ចាស់អគារ Lucky Pavilion Mall មានគោលបំណងបើកអគារពាណិជ្ជកម្មនេះឡើង គឺដើម្បីឲ្យប្រជាពលរដ្ឋ ឬ ភ្ញៀវអតិថិជនទាំងអស់ ជាពិសេល អ្នកដែលកំពុងរស់នៅម្តុំបឹងកេងកង ពោលគឺអ្នកក្បែរអគារនេះ ទទួលបាននូវភាពងាយស្រួល ក្នុងការលេងកម្សាន្ត ទាំងដើរទិញទំនិញ និងទទួលទានអាហារ។ Lucky Pavilion Mall គឺជាអគារទី១ នៅរាជធានីភ្នំពេញ ហើយរំពឹងថា នឹងបង្កើតឲ្យមានអគារទី២ ហើយនេះជាផ្នត់គំនិតឲ្យដើរទាន់សភាពការណ៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោយក្រុមហ៊ុន Lucky Mall បានបើកអគារពាណិជ្ជកម្មរបស់ខ្លួនជិត ៣០ឆ្នាំមកហើយ។
លោកអគ្គនាយកអគារ Lucky Pavilion Mall និងលោក Tommy Heng បានបញ្ជាក់យ៉ាងដូច្នេះថា «អគារទំនើប Lucky Mall ត្រូវបានបើកនៅផ្លូវព្រះសីហនុ តាំងពីឆ្នាំ១៩៩៣ ហើយមកដល់ឥឡូវ មានការផ្លាស់ប្តូរច្រើនមែនទែន ហេតុនេះយើងត្រូវតាមឲ្យទាន់បរិបទជាក់ស្តែង»។
លោកបានរៀបរាប់ពីរចនាសម្ព័ន្ធ ក្នុងអគារនេះដូចតទៅ៖
* នៅជាន់ផ្ទាល់ដីជាចំណតឡាន និងជាផ្សារ Lucky និងមានលក់អីវ៉ាន់ផ្សេងៗទៀត ក៏ដូចជាលក់ម្ហូបអាហារផងដែរ។
* ជាន់ទី១ មានសេវាកម្ម មានលក់សម្លៀកបំពាក់ និងឧបករណ៍ហាត់ប្រាណ ក៏ដូចជារបស់របរទំនិញប្រើប្រាស់ទូទៅផ្សេងៗ ។
* ជាន់ទី២ មានជាភោជនីយដ្ឋាន។
* ជាន់ទី៣ មានជារោងកុន និងកន្លែងហាត់ប្រាណ៕






















