តោះមកដឹងពីសត្វម្យ៉ាង កំពុងបង្ហាញវត្តមាននៅកម្ពុជា និងអាចប្រែប្រួលពណ៌ទៅតាមតំបន់រស់នៅរបស់វា!
12-07-2022 12:16
(ភ្នំពេញ)៖ កន្ត្រង ឬបង្កួយត្រង ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួតច្រើនរស់នៅតាមតំបន់ទំនាប និងតំបន់ភ្នំ ដែលមានដងអូរ ប្រឡាយ ឬទឹកធ្លាក់ក្នុងតំបន់ទវអាស៊ី, អាស៊ីខាងកើត, អាស៊ីអាគ្នេយ៍ ដែលមាននៅកម្ពុជា, ថៃ, វៀតណាម, ឡាវ និងចិន។
សម្រាប់ឈ្មោះវិទ្យាសាស្ត្រ ៖ Physignathus cocincinus CUVIER 1829 ស្ថិតនៅក្នុងអំបូរ ៖ Agamidae។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន បង្ហោះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។
សត្វប្រភេទនេះ ប្រែប្រួលពណ៌ទៅតាមតំបន់រស់នៅរបស់វា ដូចជា ពណ៌បៃតងស្រអាប់ តំបន់ខ្លះមានពណ៌បៃតងខ្ចី និងអាចមានពណ៌ស្វាយខ្លះៗដែរ និងមានផ្ទៃពោះពណ៌ទឹកក្រូច។ នៅផ្នែកកន្ទុយវាមានក្រឡាបង្កងសខ្មៅ ទំហំប្រវែងដងខ្លួនសរុប អាចមានទំហំរហូតដល់ ១ម៉ែត្រ និងមានទំងន់ជាមធ្យម១ ទៅ ២គីឡូ ពួកវាច្រើនរស់នៅជាក្រុម ដោយមានបង្កួយញីច្រើនជាងឈ្មោល។
សត្វកន្ត្រងច្រើនចេញរកស៊ីនៅពេលថ្ងៃ និងភាគច្រើនពួកវាចំណាយពេលនៅលើដើមឈើច្រើនជាងគេ ហើយបើមានការយាយី ឬ រំខានណាមួយពួកវានិងលោតពីលើដើមឈើទៅក្នុងទឹកដើម្បីហែលរកទីដែលមានសុវត្តិភាព និងអាចមុជក្នុងទឹកបានរហូតដល់ ៩០នាទីឯនោះ ដើម្បីលាក់ខ្លួនពីសត្រូវ។
កន្ទុយរបស់វាមានតួរនាទី ជួយសម្រួលដល់ការហែលទឹក និងសម្រាប់ប្រើជាអាវុធក្នុងពេលវាយប្រហាណាមួយផងដែរ ហើយក៏សម្រាប់ទប់លំនឹងខ្លួនដូចពួកសត្វល្មូនដ៏ទៃទៀតដែរ។ សត្វកន្ត្រង គឺជាសត្វស៊ីសាច់ជាអាហារ (ស៊ីសត្វល្អិត) ប៉ុន្តែពេលខ្លះពួកវាក៏ស៊ីរុក្ខជាតិខ្លះៗដែរ ដូចជា សត្វល្អិត ត្រីតូចៗ ថនិកសត្វ ឬសត្វល្មូន។
សត្វកន្ត្រងជាសត្វ ពងកូនដូចបក្សីដែរ ដែលមានន័យថាសត្វកន្រ្តងញី និងពងជាស៊ុតហើយញាស់។ ក្រោយពីរដូវបន្តពូជសត្វកន្ត្រងញី និងជីកសំបុកនៅក្រោមដី ហើយដាក់ពងពីចន្លោះ៦ ទៅ ១៨ពង។ រយៈពេលភ្ញាស់ជាធម្មតា មានរយៈពេលពី៦០ ទៅ ៧៥ថ្ងៃ។ កូនកន្ត្រងពេលញាស់ពួកវាត្រូវរស់នៅ និងរកចំនីដោយខ្លួនឯង។ សត្វកន្ត្រងពេញវ័យ នៅអាយុប្រហែល៣ ទៅ៥ឆ្នាំ៕






