FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ហេតុអ្វីបានជា Nokia បរាជ័យលើទីផ្សារស្មាតហ្វូន?

22-04-2022 13:19

(ភ្នំពេញ)៖ គិតមកដល់បច្ចុប្បន្ននេះ អ្នកដែលនាំមុខគេនៅលើទីផ្សារស្មាតហ្វូនគឺមានតែ iPhone ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ iOS របស់ក្រុមហ៊ុន Apple និងស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android របស់ក្រុមហ៊ុន Google។ តែបើយើងក្រឡេកទៅមើលនៅក្នុងអំឡុងឆ្នាំ២០០៥ ដល់២០១១ អ្នកដែលនាំមុខគេនៅលើទីផ្សារស្មាតហ្វូនគឺជាក្រុមហ៊ុន Nokia ទៅវិញទេ ពោលគឺកំឡុងពេលដែល Nokia ប្រកាសបង្ហាញ និងដាក់លក់ទូរស័ព្ទត្រកូល N ដោយក្នុងនោះ N70 គឺទទួលបានប្រជាប្រិយភាពខ្លាំង ប៉ុន្តែនៅចុងឆ្នាំ២០១១ ការលក់ទូរស័ព្ទដៃរបស់ Nokia បានដាំក្បាលចុះយ៉ាងខ្លាំង។ តើនោះបណ្ដាលមកពីបញ្ហាអ្វី?

ប្រជាប្រិយភាពដែល Nokia ទទួលបានតាមរយៈទូរស័ព្ទដៃរបស់ខ្លួននោះគឺភាពរឹងមាំ ធន់ និងការរចនារូបរាងខាងក្រៅ។ ក្រុមហ៊ុន Nokia ត្រូវបានគេដឹងថា បានផ្ចិតផ្ចង់ និងផ្ដោតសំខាន់លើការរចនារូបរាងទូរស័ព្ទដៃនីមួយៗ ឱ្យមានភាពទាក់ទាញ ដែលនេះជាចំណុចដ៏លេចធ្លោមួយក្រៅពីភាពរឹងមាំ។

នៅដើមឆ្នាំ២០០៧ លោក Steve Jobs បិតាបច្ចេកវិទ្យាពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ជំនាន់ទី១ ជាមួយនឹងអេក្រង់ Touch Screen និងបច្ចេកវិទ្យានៃការប្រើប្រាស់ទំនើបបំផុតនាសម័យនោះ គ្រប់យ៉ាងនៃការបញ្ជាគឺនៅលើម្រាមដៃ។ វត្តមាន iPhone នេះហើយដែលបានរុញច្រានប្រជាប្រិយភាពរបស់ Nokia ឱ្យធ្លាក់ចុះជាបណ្ដើរៗ ប៉ុន្តែក៏មិនមែនមានន័យថា ដោយសារតែ iPhone មួយនោះទេ ដែលបានធ្វើឱ្យ Nokia ធ្លាក់ប្រជាប្រិយភាពនោះ ពោលគឺ Nokia ខ្លួនឯងក៏បានរួមចំណែកផងដែរ។

ការប្រើប្រាស់អ៊ីនធើណែតនៅចន្លោះឆ្នាំ២០០៥ ដល់២០១០ មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺមនុស្សទូទាំងពិភពលោកកំពុងតែសាកល្បងរៀនប្រើប្រាស់ និងរស់នៅជាមួយបច្ចេកវិទ្យាថ្មីៗ។ ក្រុមហ៊ុន Nokia នៅក្នុងអំឡុងពេលនេះ ហាក់ដូចជាមិនបានចាប់អារម្មណ៍ទៅលើចំណុចទាំងនេះឡើយ ពោលគឺនៅតែផ្កោតសំខាន់លើការចនារូបរាងថ្មីរបស់ទូរស័ព្ទ ជាមួយនឹងការរក្សាភាពរឹងមាំ ចំណែកឯខាង Software វិញហាក់មិនសូវអើពើក្នុងការ Update ឬធ្វើអ្វីដែលថ្មី ប្លែកនោះទេ។

ក្រុមហ៊ុន Apple បានដាក់លក់ iPhone របស់ខ្លួននៅលើទីផ្សារ ជាមួយនឹងកម្មវិធីដ៏សម្បូរបែប ដែលមាននៅក្នុង Store របស់ខ្លួន ដោយអ្នកប្រើប្រាស់អាចធ្វើការទាញយកមកប្រើ និងលេងកម្សាន្តជាមួយនឹងហ្គេមថ្មីៗ និងល្បីៗ ខណៈដែលអ្នកប្រើ Nokia បើចង់បានកម្មវិធី ឬហ្គេមត្រូវចូលទៅកាន់ browser និងស្វែងរកកម្មវិធី ឬហ្គេមដែលចង់បាន ហើយទាញយកមកដំឡើងដោយខ្លួនឯង។ ចំណុចនេះហើយដែលធ្វើឱ្យ Nokia បរាជ័យ និង iPhone ជោគជ័យនោះ។ អ្នករាល់គ្នាអាចគិតមើលថា បើសិនជានៅក្នុងដៃរបស់អ្នក មានកម្មវិធីរាប់លាន និងហ្គេមរាប់ម៉ឺន ហើយទាញយក និងប្រើប្រាស់ដោយសេរី តើអ្នករាល់គ្នាគិតយ៉ាងណា? ចុះបើនៅក្នុងដៃរបស់អ្នកមានតែទូរស័ព្ទមួយដែលមានភាពរឹងមាំដូចដុំថ្ម ប៉ុន្តែរកកម្មវិធីអ្វីមិនចង់មាន តើអ្នកគិតយ៉ាងណាវិញ?

បន្ទាប់ពីឃើញចំណុចខ្វះខាតទាំងនេះហើយ ទើប Nokia បានបោះបង់ប្រព័ន្ធដំណើរការរបស់ខ្លួនដែលមានឈ្មោះថា Symbian ចោល និងទៅស្រវាចាប់យក Windows Phone របស់ក្រុមហ៊ុន Microsoft វិញ និងបានដាក់លក់ស្មាតហ្វូនដំបូង Nokia Lumia 800 នៅឆ្នាំ២០១១ នៅលើទីផ្សារ។ ទាំងរូបរាង និងពណ៌របស់ស្មាតហ្វូនមួយនេះគឺពិតជាឆឺតឆាយ និងទាក់ទាញ ប៉ុន្តែនៅតែមិនអាចវាយលុយទីផ្សារស្មាតហ្វូនបានដដែល។ រហូតដល់ ឆ្នាំ២០១៤ ក្រុមហ៊ុន Microsoft បានសម្រេចចិត្តទិញយកអាជីវកម្មទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Nokia ក្នុងតម្លៃ ៧,៨ពាន់លានដុល្លារអាមេរិក។
បើទោះបីជាក្រុមហ៊ុនយក្សអាមេរិក Microsoft បានយកអាជីវកម្មទូរស័ព្ទចល័តរបស់ Nokia មកកាន់កាប់នៅក្នុងដៃក្ដី ប៉ុន្តែវាមិនបាននាំមកនូវភាពជោគជ័យឡើយ។ ត្បិតតែ Windows Phone ត្រូវបានក្រុមហ៊ុន Microsoft បង្កើតឱ្យមាន Store សម្រាប់ទាញយកកម្មវិធី និងហ្គេមក្ដី ប៉ុន្តែនៅក្នុង Store មួយនោះមិនមានកម្មវិធីល្បីៗ កម្មវិធីដែលជាតម្រូវការរបស់អ្នកប្រើប្រាស់ឡើយ ដូចជាកម្មវិធី YouTube, Facebook និង Instagram ជាដើម។ ហេតុអ្វីបានជាមិនមានកម្មវិធី និងហ្គេមល្បីៗ? ចម្លើយនោះគឺថា ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី ដែលយើងហៅថា Developers មិនបានបង្កើតកម្មវិធី និងហ្គេមដាក់នៅលើ Store របស់ Windows Phone ឡើយ។ ហេតុផលនោះគឺថាមកពីពួកគេរវល់តែបង្កើតកម្មវិធី និងហ្គេមដាក់នៅលើ iOS និង Android ដោយសារតែវាមានអ្នកប្រើប្រាស់ច្រើន និងពេញនិយមជាង ជាពិសេសគឺទទួលបានអត្ថប្រយោជន៍ច្រើន ផ្ទុយពីការបង្កើតដាក់នៅលើ Windows Phone។

ដើរមកដល់ចំណុចនេះ Microsoft ហាក់ដូចជាគាំង និងគិតអ្វីមិនចេញឡើយ រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៥ លោក Rajeev Suri នាយកប្រតិបត្តិក្រុមហ៊ុន Nokia បានប្រកាសឱ្យដឹងថា នៅពេលនេះអាជីវកម្មទូរស័ព្ទចល័តរបស់ Nokia បានត្រឡប់មកនៅលើដៃម្ចាស់ដើមវិញហើយ ប៉ុន្តែវាត្រូវបានគ្រប់គ្រង់ដោយក្រុមហ៊ុន HMD Global Oy ដែលជាក្រុមហ៊ុនមេធំ និងជាអ្នកបង្កើតក្រុមហ៊ុន Nokia ឡើង។

ម្ដងនេះ HMD Global Oy បានសម្រេចយកជោគវាសនារបស់ទូរស័ព្ទដៃ Nokia ទៅផ្ញើនៅលើប្រព័ន្ធដំណើរការ Android របស់ Google ម្ដង។ តើវាហួសពេលទេសម្រាប់ Nokia ដែលងាកមកប្រើប្រាស់ប្រព័ន្ធដំណើរការ Android?

ក្រោយពីទទួលការកិច្ចសហការពី Google ក្នុងការប្រើប្រាស់ Android រួចមក Nokia បានចាប់ផ្ដើមផលិត និងដាក់លក់ស្មាតហ្វូនជាច្រើននៅលើទីផ្សារសកល ប៉ុន្តែចំនួននៃការលក់ស្មាតហ្វូនហាក់ដូចជាមិនផ្ទុះឡើងដូចកាលពីអំឡុងឆ្នាំ២០០៥-២០០៧នោះទេ។

ត្បិតតែ Nokia បានប្រើប្រាស់ Android ជាប្រព័ន្ធដំណើរការសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមែនពិត ប៉ុន្តែវាហាក់ដូចជាយឺតពេលបន្តិចហើយ ព្រោះថាបច្ចុប្បន្នមានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានប្រើប្រាស់ប្រព័ន្ធដំណើរការមួយនេះ និងដាក់លក់ស្មាតហ្វូនរបស់ពួកគេនៅលើទីផ្សារក្នុងតម្លៃទាប និងមធ្យម។ ចំណុចនេះហើយដែលមិនអាចធ្វើឱ្យ Nokia ជ្រៀតចូលទីផ្សារបានក្នុងទំហំចំណែកទីផ្សារមួយធំនោះ។

ស្មាតហ្វូនដែល Nokia ប្រើ Android ត្រូវបានផលិតឡើងដោយបំពាក់នូវ Hardware ដែលមានកម្រិតមធ្យម និងមិនសូវមានលក្ខណៈពិសេសលេចធ្លោខុសពីស្មាតហ្វូនផ្សេងៗ។ បើដូច្នេះមែន ហេតុអ្វីបានជា Nokia មិនព្រមបំពាក់ ឬប្រើ Hardware ដែលកម្រិតខ្ពស់ៗទៅ? ចំណុចនេះវាពាក់ព័ន្ធនឹងតម្លៃ បើសិនជាប្រើ Hardware ដែលកម្រិតខ្ពស់ៗ នោះតម្លៃទូរស័ព្ទនឹងកើនឡើងទៅតាមហ្នឹងដែរ ដែលជាហេតុធ្វើឱ្យ Nokia កាន់តែពិបាកក្នុងការជ្រៀតចូលទីផ្សារថែមមួយកម្រិត។

បច្ចុប្បន្ននេះ បើទោះបីជា Nokia មិនទាន់អាចដណ្ដើមបានទីផ្សារស្មាតហ្វូនសកលក្នុងចំណែកណាមួយក្ដី ប៉ុន្តែ Nokia ក៏តែរក្សាបានតំណែកជើងឯងទៅលើការផលិត និងលក់ទូរស័ព្ទដៃប្រភេទ Classic ដែលយើងនិយមហៅថា ជាប្រភេទទូរស័ព្ទដៃស៊េរី N ចុចពិល៕