យល់ដឹងផ្នែកច្បាប់៖ ការបង្ហាញខ្លួនភ្លាម
10-04-2022 13:58
(ភ្នំពេញ)៖ រាល់បទល្មើសព្រហ្មទណ្ឌដែលកើតមានឡើង ជាទូទៅអាចមានបណ្តឹងពីរ គឺបណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលព្យសនកម្មជូនដល់ជនរងគ្រោះ។ ក្រោយពីតំណាងអយ្យការបានទទួលពាក្យបរិហារ ឬពាក្យបណ្ដឹងពីដើមបណ្តឹងរដ្ឋប្បវេណី ឬជនរងគ្រោះ ឬតាមរយៈមន្រ្តីនគរបាលយុត្តិធម៌ នោះតំណាងអយ្យការត្រូវពិនិត្យសំណុំរឿង ដើម្បីបើកការស៉ើបអង្កេតបឋម ឬស្រាវជ្រាវបន្ថែមក្នុងការសម្រេចថាធ្វើការចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ (មិនចោទប្រកាន់) លើជនទាំងនោះ។
បើករណីយល់ឃើញថា អំពើនោះមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ នោះតំណាងអយ្យការអាចដំណើរការនីតិវិធីព្រហ្មទណ្ឌតាមបីវិធីគឺ៖ (១) ការបើកការស៉ើបសួរ (២) ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ និង (៣) តាមនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភា្លម (ការបង្ហាញខ្លួនភ្លាម)។
តើអ្វីទៅជា «ការបង្ហាញខ្លួនភ្លាម» ហើយមាននីតិវិធី និងលក្ខណៈយ៉ាងដូចម្តេច? កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សប្តាហ៍នេះ នឹងធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម។
នីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម គឺជានីតិវិធីមួយក្នុងចំណោមនីតិវិធីទាំងបី ដែលតំណាងអយ្យការប្រើដើម្បីដំណើរការនីតិវិធីព្រហ្មទណ្ឌ ប្រឆាំងនឹងបុគ្គលដែលបានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌណាមួយ។
ចំពោះនីតិវិធីនៃការបង្ហាញខ្លួនភ្លាមនេះ គឺមានលក្ខណៈខុសពីនីតិវិធីនៃការបើកការស៉ើបសួរ និងការបញ្ជូនទៅជំនុំជម្រះផ្ទាល់ដោយនីតិវិធីនេះ បើកផ្លូវឱ្យតំណាងអយ្យការអាចធ្វើការបញ្ជូន ឬបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទចូលបង្ហាញខ្លួនភា្លមនៅមុខតុលាការជាន់ដំបូងតែម្តង តាមរយៈកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ដើម្បីធ្វើការជំនុំជម្រះនៅថ្ងៃដែលបង្ហាញខ្លួនភ្លាមនេះ ដោយយោងតាមមាត្រា ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ប្រសិនបើមានគ្រប់លក្ខខណ្ឌដូចខាងក្រោម៖
* បទល្មើសជាបទល្មើសជាក់ស្តែង តាមអត្ថន័យនៃមាត្រា ៨៦ (និយមន័យបទឧក្រិដ្ឋ និងបទមជ្ឈិមជាក់ស្តែង) និងមាត្រា ៨៨ (ការចាត់ទុកដូចជាបទឧក្រិដ្ឋ ឬ បទមជ្ឈិមជាក់ស្តែង) ។
* បទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិច ០១ (មួយ) ឆ្នាំ និងយ៉ាងច្រើន ០៥ (ប្រាំ) ឆ្នាំ។
* ជនជាប់ចោទជានីតិជន ។
* រឿងក្តីមានលក្ខណៈគ្រប់គ្រាន់ល្មមជំនុំជម្រះបាន។
កាលណាបើតំណាងអយ្យការសម្រេចថា ត្រូវប្រើនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម នោះតំណាងអយ្យការត្រូវ៖ (១) ពិនិត្យអត្តសញ្ញាណបុគ្គលដែលគេបញ្ជូនមកឱ្យខ្លួន (២) ឱ្យដំណឹងដល់ជននោះ អំពីរឿងរ៉ាវដែលចោទប្រកាន់ និងឈ្មោះបទល្មើស (៣) ទទួលចម្លើយរបស់បុគ្គលនោះ ប្រសិនបើសាមីខ្លួនចង់និយាយ និង (៤) ធ្វើកំណត់ហេតុស្តីអំពីការបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម។
នៅក្នុងនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ជនជាប់ចោទមានសិទ្ធិសុំពឹងពាក់មេធាវី និងមានពេលវេលាសម្រាប់ទាក់ទងជាមួយមេធាវីរបស់ខ្លួន ។ ប្រសិនបើ ជនជាប់ចោទទាមទារពេលវេលាបន្ថែម ដើម្បីរៀបចំការពារខ្លួន ឬតុលាការយល់ឃើញថា មិនទាន់អាចជំនុំជម្រះបានភ្លាមៗនោះទេ ដូចនេះសំណុំរឿងត្រូវលើកទៅពេលសវនាការក្រោយ ។
នៅក្នុងនីតិវិធីនេះបើតុលាការយល់ឃើញថា មានភាពចាំបាច់ត្រូវឃុំខ្លួនជនជាប់ចោទនោះ តុលាការអាចចេញដីកាបង្គាប់ឃុំខ្លួនជនជាប់ចោទជាបណ្តោះអាសន្នបាន ដោយបញ្ជាក់សំអាងហេតុនៅក្នុងសាលាក្រម និងយោងមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្នផងដែរ។ សាលក្រមអង្គសេចក្តីនៃសំណុំរឿង ត្រូវតែប្រកាសក្នុងរយៈពេល ០២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃចូលទៅបង្ហាញខ្លួននៅមុខតុលាការ ហើយប្រសិនបើអង្គហេតុនៃសំណុំរឿងមិនទាន់ច្បាស់លាស់ ឬមានភាពសាំញុំា ដែលទាមទារឱ្យមានការស៉ើបអង្កេតបន្ថែម ដូច្នេះតុលាការត្រូវបញ្ជូនសំណុំរឿងទៅតំណាងអយ្យការដើម្បីបើកការស៊ើបសួរឡើងវិញ ។
ទន្ទឹមនឹងនេះ ក្នុងករណីនៃនីតិវិធីចូលបង្ហាញខ្លួនភ្លាម សម្រាប់ការកោះហៅភាគីនៅក្នុងករណីចូលបង្ហាញខ្លួនភា្លម តំណាងអយ្យការអាចកោះហៅ៖ (១) ជនរងគ្រោះ (២) សាក្សី (៣) អ្នកបកប្រែ និង (៤) អ្នកទទួលខុសត្រូវរដ្ឋប្បវេណីតាមព័ត៌មានដែលផ្តល់ដោយជនជាប់ចោទ ឬដើមបណ្តឹងរដ្ឋប្បវេណី ។
ចំពោះពេលវេលា នៃការកោះហៅឱ្យចូលរួមក្នុងពេលសវនាការ ត្រូវបានកំណត់ក្នុងមាត្រា ៤៥៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងដូចតទៅ៖
* ១៥ (ដប់ប្រាំ) ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងដែនដីនៃទីស្នាក់ការរបស់តុលាការជាន់ដំបូង
* ២០ (ម្ភៃ) ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីកន្លែងមួយផ្សេងទៀតក្នុងដែនដីជាតិ
* ២ (ពីរ) ខែ ប្រសិនបើជនជាប់ចោទរស់នៅក្នុងរដ្ឋមួយជាប់ព្រំដែន ព្រះរាជាណាចក្រកម្ពុជា
* ៣ (បី) ខែ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីកន្លែងដទៃផ្សេងៗទៀត។
សរុបមក ក្រោយពីតំណាងអយ្យការបានពិនិត្យអំពីធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ ដើម្បីចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយ នោះតំណាងអយ្យការត្រូវធ្វើការចោទប្រកាន់ តាមនីតិវិធីទាំងបីខាងលើ បើករណីសំណុំរឿងព្រហ្មទណ្ឌមានលក្ខណៈគ្រប់គ្រាន់អាចជំនុំជម្រះបាន ដោយតម្រូវគ្រប់លក្ខខណ្ឌដូចក្នុងមាត្រា ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌនោះត្រូវប្រើនីតិវិធីបង្គាប់ឱ្យចូលបង្ហាញខ្លួនភ្លាម ដើម្បីផ្តល់ផលប្រយោជន៍ ចំណេញពេលវេលាដល់ជនជាប់ចោទ និងជនដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿង ដោយនីតិវិធីនេះមានដំណើរការរហ័ស ជៀសវាងភាពយឺតយ៉ាវ និងដើម្បីជួយជម្រុញដល់ដំណើរការរឿងក្តី ជៀសវាងមានការកកស្ទះសំណុំរឿង៕
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក អ៉ឹម វិរៈបុត្រ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.
