FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ទទួលបានការគាំទ្របន្តដឹកនាំជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អាណត្តិទី៧

23-12-2021 18:12

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ (ទី៦) ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២១-២០២៥ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយក្នុងនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រដឹកនាំបន្តជាប្រធានសហព័ន្ធអាណត្តិថ្មីជាបន្តទៀត។

មហាសន្និបាតសម្រេចបាននូវសមាសភាព គណៈកម្មាធិការប្រតិបត្តិ សរុបចំនួន១៧រូប ក្នុងនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធាន, អនុប្រធានទី១ ឧត្តមសេនីយ៍ឯកបណ្ឌិត ដួង ហេង និងអនុប្រធានទី២ លោក តែ សុខហុង អមដោយអនុប្រធាន ៥រូបទៀតមាន ឧត្តមសេនីយ៍ឯក ពុំ វិត្យា, ឧត្តមសេនីយ៍ឯក គឹម រស្មី, ឧត្តមសេនីយ៍ទោ លី សេងឃុង, លោក គុយ វ៉ាត, លោក ចាន់ ពិសិដ្ឋ និងលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ ព្រមទាំងសមាជិកមួយចំនួនទៀត។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ បានរាយការណ៍ជូនពីស្ថានភាពលំបាក និងផលវិជ្ជមាន ដែលជាសមិទ្ធផល ដែលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រឹងប្រឹងបន្តដំណើរការអភិវឌ្ឍពេញ ១អាណត្តិកន្លងទៅនេះ។ លោកបន្ដថា បច្ចុប្បន្នភាព សហព័ន្ធមានក្លឹប-សមាគម ក្រុមហ៊ុន សាលារៀន សរុបចំនួន ២៤ មានកីឡាករ កីឡាការិនីជាង ១៧០នាក់។

បច្ចុប្បន្ន សហព័ន្ធក៏មានមន្ត្រីអាជ្ញាកណ្តាល ចំនួន ២៥ រូប អាជ្ញាកណ្តាលអន្តរជាតិ១រូបផងដែរ។ ជាមួយគ្នានេះ សហព័ន្ធក៏បានរៀបចំបង្កើតគណៈកម្មការបច្ចេកទេស ក្នុងគោលបំណងអភិវឌ្ឍបច្ចេកទេស ក្នុងការហ្វឹកហាត់ និងការរៀបចំការប្រកួតនានា ជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពការងារជាច្រើនទៀតផងដែរ។

ក្នុងនាមប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អាណត្តិថ្មី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មថ្មីៗបន្តទៀត ជាពិសេសគឺដំណើរអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកបានសម្តែងក្តីរីករាយក្រៃលែង និងមានកិត្តិយសដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ បានផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងការបោះឆ្នោតជូនលោកបន្តដឹកនាំសហព័ន្ធ អាណត្តិទី៧នេះ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តថា អាណត្តិទី៧នេះ គឺជាអាណត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងអំឡុងដែលព្រះរាជណាចក្រកម្ពុជា ត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីជាការឆ្លើយតប ទៅនឹងទំនុកចិត្តនេះ នាយឧត្តមសេនីយ៍បានប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញឱ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសឱ្យទទួលបានជោគ ជ័យក្នុងការប្រកួតកីឡា SEA GAMES លើក លើកទី៣២ ឆ្នាំ២០២៣៕