FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុន PayPal ហ៊ានចំណាយប្រាក់ ៤៥ពាន់លានដុល្លារអាមេរិក ទិញយកបណ្ដាញសង្គម Pinterest (Video inside)

21-10-2021 13:21

(អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មធនាគារអនឡាញធំជាងគេបំផុតនៅលើពិភពលោក PayPal ត្រូវបានគេរាយការណ៍មកថា កំពុង ចរចា ទិញ ក្រុមហ៊ុន Pinterest ដែលជាបណ្ដាញសង្គមរូបភាពក្នុងតម្លៃរហូតដល់ ៤៥ពាន់លានដុល្លារអាមេរិក ដែលវាជាការទិញលក់មួយមានតម្លៃខ្ពស់ បំផុត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងមួយនេះ បើសិនជាកើតឡើងមែននោះ វាអាចបង្ហាញពីការតភ្ជាប់គ្នាកាន់តែច្រើននាពេលអនាគត រវាងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចាប់យកទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។

មិនទាន់មានព័ត៌មានច្បាស់ការណ៍ណាមួយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែបើការសង្កេតមើលរបស់ក្រុមអ្នកវិភាគបានលើក ឡើងថា PayPal បានមើលឃើញពីសក្តានុពលនៃការដើរទិញទំនិញតាមអនឡាញច្រើននាពេលបច្ចុប្បន្ន ជាពិសេសគឺការប្រើប្រាស់ «Influencers» ដើម្បីធ្វើការប្រម៉ូតទំនិញ ជាក់ស្ដែងដូចជានៅលើ Instagram និង TikTok ជាដើម ដែលវាគឺជាមធ្យោបាយថ្មីមួយក្នុងការ បង្កើតប្រាក់ចំណូលតាមប្រព័ន្ធអនឡាញ។

ក្រុមហ៊ុន PayPal ប្រហែលជាមើលឃើញឱកាសដែលអាចរកចំណូលបានច្រើនសន្ធឹកពីបណ្ដាញសង្គម Pinterest ព្រោះថាបច្ចុប្បន្ននៅលើ Pinterest គឺមានតែការប្រម៉ូតទៅលើផលិតផល និងសេវាកម្ម ប៉ុន្តែនៅមិនទាន់មានការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ ឬមុខងារ e-commerce នោះទេ។

យោងតាមប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងនេះអាចនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ ខណៈដែល អ្នក នាំពាក្យរបស់ PayPal និង Pinterest មិនបានឆ្លើយតបទៅនឹងព័ត៌មាននេះឡើយ។

គួរបញ្ជាក់ផងដែរថា Pinterest ត្រូវបានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ២០០៩ ដោយស្ថាបនិកចំនួន៣រូបគឺលោក Ben Silbermann បច្ចុប្បន្នកាន់តំណែងជា CEO, លោក Paul Sciarra ជាទីប្រឹក្សាជាន់ខ្ពស់ និង Evan Sharp កាន់តំណែងជាប្រធានផ្នែករចនានិងច្នៃប្រឌិត ហើយកាលពីឆ្នាំ២០២០ Pinterest រកចំណូលបានជិត ១,៧លានដុល្លារអាមេរិក និងមានបុគ្គលិក ២២០០នាក់៕